នគរបាលតាមចាប់អ្នកកែរូបថតលោកស្រី ប៊ុន រ៉ានី
រូបលោកស្រី ប៊ុនរ៉ានីត្រូវបានគេកែខុសពីលក្ខណៈដើម។ រូបថតហ្វេសប៊ុក |
PPP
ភ្នំពេញៈ នគរបាលកម្ពុជា កំពុងធ្វើការជាមួយប៉ូលិសអន្តរជាតិ Interpol ដើម្បីឈានទៅចាប់ខ្លួនជនសង្ស័យខ្មែរម្នាក់រស់នៅបរទេស ដែលបានកែរូបថត ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដាក់បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ។ នេះបើតាមលោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ រូបភាពកម្សាន្តឆ្នេរសមុទ្រពិតនិងរូបភាពដែលត្រូវបានកែនៅលើទំព័រហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៥។ រូបភាពរបស់លោកស្រី ប៊ុនរ៉ានី ភរិយារបស់លោកត្រូវបានគេកែឲ្យឈរកន្ធែកជើង។
អ្នកប្រើហ្វេសប៊ុកដែលមានឈ្មោះថា Haknuman Leung ដែលប្រើរូបថតលោក សម រង្ស៊ី ជារូបសម្គាល់របស់ខ្លួនបានសរសេរបែបចំអក ចំពោះរូបថត ដែលត្រូវបានគេកែឲ្យខុសពីលក្ខណៈដើមនោះថា៖ «ស្អីគេ! ស្ដ្រីទីមួយខ្មែរ ឈរថតអ៊ីចឹង!!ពិតជាគំរូអាក្រក់របស់នារីខ្មែរមែន!»។ នៅពេលនេះ គណនីមួយនេះ លែងមានលើបណ្តាញហ្វេសប៊ុកទៀតហើយ។
លោក ខៀវ សុភ័គ បានបញ្ជាក់កាលពីថ្ងៃម្សិលមិញថា៖ «យើងបានធ្វើការស៊ើបអង្កេត ហើយយើងដៅបានមុខសញ្ញាហើយ គាត់មិនមែនជាខ្មែររស់នៅក្នុងស្រុកទេ គាត់ជាខ្មែររស់នៅបរទេសហើយមានសញ្ជាតិពីរ។ គាត់អាចជាអ្នកដែលបានចូលរួមយ៉ាងសកម្ម ជាមួយគណបក្សសង្គ្រោះជាតិ»។
លោកបន្ថែមថា ក្រសួងមហាផ្ទៃ បានទាក់ទង FBI និងកំពុង ធ្វើការជាមួយប៉ូលិសអន្តរជាតិ Interpol ដោយសារតែជនសង្ស័យនៅក្រៅប្រទេស។
លោកសុភ័គ បានបដិសេធមិនបង្ហាញសេចក្តីលម្អិត បន្ថែមទៀតអំពីជនសង្ស័យនោះទេ ដោយលើកឡើងថា វាអាចប៉ះពាល់ដល់ការស៊ើបអង្កេតដែលកំពុងតែដំណើរការ។
កាលពីសប្តាហ៍មុនគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវដល់សកម្មជនរបស់ខ្លួន កុំឲ្យប្រើពាក្យនិងរូបភាពមិនសមរម្យ។
សេចក្តីថ្លែងការណ៍នោះសរសេរថា៖ «គណបក្សសង្គ្រោះជាតិសូមអំពាវនាវសាជាថ្មីដល់ មេដឹកនាំសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ រក្សានូវភាពថ្លៃថ្នូរ...ដោយមិនប្រើពាក្យប្រមាថ មិនប្រើរូបភាពប្រមាថ...តាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីស្វែងរកនូវការផ្សះផ្សាជាតិនិងឯកភាពជាតិ» ។
នៅពេលសួរថា តើជនសង្ស័យ ដែលកែរូបភរិយាលោកនាយករដ្ឋមន្រ្តី អាចជាសកម្មជនគណបក្សសង្គ្រោះជាតិឬលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឆ្លើយថា លោកមិនដឹងនោះទេ។
លោក បន្ថែមថា គណបក្សសង្គ្រោះជាតិ មិនដែលបានណែនាំឲ្យសមាជិករបស់ខ្លួន ធ្វើទង្វើនេះទេព្រោះវាមិនបានចំណេញអ្វីដល់ប្រទេសជាតិនោះឡើយ៕
ប៊ុន សេងគង់
No comments:
Post a Comment