Saturday, 30 January 2016

តើ​បក្ស​ប្រឆាំង​មាន​សមត្ថភាព​ផ្លាស់ប្ដូរ​​​របៀប​ដឹកនាំ​​បច្ចុប្បន្ន​​ដែរ​ឬ​ទេ?


ដោយ យាង សុជាមេត្តា
rfa 2016-01-30

សម រង្ស៊ី កឹម សុខា ៦២០
លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​វេទិកា​រាស្ត្រ និង​តំណាង​រាស្ត្រ​នា​ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៥។
Photo from Kem Sokha Facebook Page


ថ្នាក់ដឹកនាំ ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ បាន​និយាយ​ជា​ញឹកញាប់​ពី​ការ​ផ្លាស់ប្ដូរ​ការ​ដឹក​នាំ​នៅ​កម្ពុជា នោះ​គឺ​ការ​ផ្លាស់ប្ដូរ​ពី​ការ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ជា​ការ​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ម្ដង។

ការ ​ថ្លែង​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង គឺ​ស្រប​ពេល​ដែល​បក្ស​នេះ​អះអាង​ថា កំពុង​ត្រៀម​លក្ខណៈ​ឆ្ពោះ​ទៅ​រក​ការ​ទទួល​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ពេល​ខាង​មុខ។

​តើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សមត្ថភាព​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ការ​ដឹក​នាំ​នៅ​កម្ពុជា​ដែរ ឬ​ទេ?

សន្ទុះ ​នៃ​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ដោយ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​មួយ​ ចំនួន​នៅ​ពេល​ថ្មីៗ​នេះ  ជាពិសេស​ការ​ផ្លាស់ប្ដូរ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ ភូមា ហាក់​កំពុង​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា មាន​សង្ឃឹម​ថា អាច​មាន​ឱកាស​ឡើង​កាន់​អំណាច​ធ្វើ​ឲ្យ​កម្ពុជា រួច​ចាក​ផុត​ពី​ក្រញាំ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​កាន់​អំណាច​នៅ​កម្ពុជា ជិត ៤០​ឆ្នាំ​មក​ហើយ​នោះ។

ទាំង ​ប្រធាន និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​ជឿ​ជាក់​ថា មាន​តែ​ការ​បោះឆ្នោត​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ទើប​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​នេះ​ឈ្នះ​ឆ្នោត។ ជំហរ​របស់​លោក កឹម សុខា នេះ ត្រូវ​លោក​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ វេទិកា​សកម្មជន​មូលដ្ឋាន​បក្ស​នៅ​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា នេះ។

លោក កឹម សុខា៖ «ការ​ដែល​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ជា​កត្តា​ចាំបាច់​ដែល​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព ដែល​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ពិត​ប្រាកដ។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​នយោបាយ​ទាំង​អស់ ក៏​ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ឡាយ ក៏​ដូចជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សូម​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ រៀបចំ​ឲ្យ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ពេល​នោះ​អ្នក​ចាញ់​ដឹង​ចាញ់ អ្នក​ឈ្នះ​ដឹង​ឈ្នះ»។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ហៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថា ជា​ស្ថាប័ន​ចោរ ដែល​ជា​ឧបករណ៍ ចាំ​លួច​សន្លឹកឆ្នោត​អោយ​គណបក្ស​កាន់​អំណាច គឺ​ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា គ.ជ.ប លំអៀង​នេះ​ហើយ ដែល​គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​រុះរើ​រៀបចំ​ស្ថាប័ន​នេះ​ឡើង​វិញ ទាំង​រចនាសម្ព័ន្ធ​ដឹកនាំ និង​ទាំង​ផ្នែក​គោលការណ៍​ច្បាប់។ មក​ទល់​ពេល​នេះ គ.ជ.ប ថ្មី​មួយ​បាន​ត្រូវ​ប្រសូត​ចេញ​ជា​រូបរាង​ឡើង ក្រោម​ការ​បង្កាត់​ពូជ​រវាង​ឪពុក​ម្ដាយ​ដែល​មិន​សូវ​ចុះ​សម្រុង​គ្នា​មួយ​គូ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

ការ ​អំពាវនាវ​របស់​លោក កឹម សុខា ថា​ សុំ​អោយ គ.ជ.ប ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះ ឆ្នោត​ខាង​មុខ​នេះ រៀបចំ​ឲ្យ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នេះ ហាក់​ដូចជា​បង្ហាញ​ការ​មន្ទិល​សង្ស័យ​ដដែល​ទៅ​លើ​កូន​ដែល​ខ្លួន​ជា​អ្នក​ ចូលរួម​បង្កើត​ចេញ​មក​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ចំណុច​សំខាន់​នៅ​ត្រង់​ថា តើ​ការ​ឈ្នះ​ឆ្នោត ឬ​ចាញ់​ឆ្នោត វា​អាស្រ័យ​តែ​ទៅ​លើ​ស្ថាប័ន គ.ជ.ប នេះ តែ​ឯង ឬ​យ៉ាង​ណា?

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​ កម្ពុជា អះអាង​ថា ការ​គាំទ្រ​របស់​ពលរដ្ឋ និង​ការ​រៀប​ចំ​ការ​បោះឆ្នោត មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ជា​កត្តា​ចម្បង​សំខាន់​ពីរ​ដែល​អាច​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​មាន​លទ្ធភាព​ឈ្នះ ​ឆ្នោត។ ក្រៅ​ពី​នេះ ឆន្ទៈ​របស់​បក្ស​កាន់​អំណាច​ក្នុង​ការ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​បក្ស​ប្រឆាំង​ដោយ ​សន្តិវិធី ក៏​ជា​កត្តា​សំខាន់​មួយ​ដែរ ដែល​បើក​ផ្លូវ​ឲ្យ​បក្ស​ប្រឆាំង​ឡើង​កាន់​អំណាច​បាន។

ក្នុង ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាល​ពី​ឆ្នាំ​២០១៣ គណបក្ស​ប្រឆាំង​បាន​ស្រូប​យក​សំឡេង​គាំទ្រ​ជា​ច្រើន​ពី​ពលរដ្ឋ ដែល​ធ្វើ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​កើន​អាសនៈ​សភា​រហូត​ដល់ ៥៥​អាសនៈ ក្នុង​ចំណោម ១២៣​អាសនៈ។ នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​បក្ស​ប្រឆាំង​នៅ​កម្ពុជា ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​លើសលប់​នៅ​ក្នុង​សភា​ដូច​នេះ។

​ ទោះ​ជា​បែប​នេះ​ក្ដី មេដឹកនាំ​បក្ស​ប្រឆាំង​មិន​ទាន់​សប្បាយ​ចិត្ត​នៅ​ឡើយ​ទេ​ចំពោះ​លទ្ធផល​នេះ  ព្រោះ​ពួកគេ​យល់​ថា បើ​ការ​បោះ​ឆ្នោត​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នោះ​បក្ស​ប្រឆាំង​ប្រាកដជា​ក្លាយ​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​មិន​ខាន។

​ ជា​ការ​ពិត​ណាស់ បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ឯករាជ្យ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​នៅ​មុន និង​ក្នុង​អំឡុង​ពេល​បោះឆ្នោត។ ការ​បង្ក​ភាព​លំបាក​ដល់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ក្នុង​ការ​ចុះ​ឈ្មោះ​ បោះឆ្នោត ការ​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត ការ​មាន​អ្នក​បោះ​ឆ្នោត​ជំនួស ការ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​លើស​ពី​មួយ​កន្លែង ការ​គំរាមកំហែង​សកម្មជន​បក្ស​ប្រឆាំង​មុន​ពេល​បោះឆ្នោត និង​ការ​អនុញ្ញាត​ឲ្យ​ជនបរទេស​បោះឆ្នោត​ជាដើម ទាំង​អស់​នេះ​សុទ្ធតែ​ជា​កត្តា​នាំ​ឲ្យ​បក្ស​ប្រឆាំង​យល់​ថា ធ្វើ​ឲ្យ​ពួកគេ​ចាញ់​ឆ្នោត​ក្នុង​ពេល​កន្លង​មក។

​បន្ថែម​ ពី​លើ​ភាព​មិន​ប្រក្រតី​នានា ចំពោះ​ការ​រៀបចំ​បោះឆ្នោត ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​អាច​នៅ​មិន​ទាន់​មាន​ចិត្ត​សឿង​នៅ​ឡើយ​ក្នុង​ការ​ ដើរ​ចេញ​ពី​កៅអី ដើម្បី​បើក​ឱកាស​អោយ​អ្នក​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច​នៅ​ឡើយ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​ប្រកាស​ប្រាប់​ពលរដ្ឋ​ថា បើ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ភាព​វឹកវរ​នឹង​កើត​មាន​នៅ​ក្នុង​ប្រទេស ឬ​សង្គ្រាម​អាច​កើត​មាន​ជាមួយ​ប្រទេស​ជិត​ខាង​ជាដើម។ ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដូច​នេះ ប្រាកដ​ណាស់​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​សតិអារម្មណ៍​របស់​ពលរដ្ឋ​មួយ​ចំនួន ដែល​កន្លង​មក​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​កម្ពុជា ហើយ​អាច​ឲ្យ​ពួកគាត់​រារែក​ក្នុង​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ។

បន្ថែម ​ពី​លើ​នេះ លោក ហ៊ុន សែន ដែល​ក្ដាប់​កងកម្លាំង​សមត្ថកិច្ច​យ៉ាង​ណែន​ពី​លើ​ដល់​ក្រោម មិន​ត្រឹមតែ​ណែ​នាំ​ឲ្យ​មេទាហាន ឬ​មេ​នគរបាល​ឲ្យ​បំពេញ​ការងារ​ដោយ​អព្យាក្រឹត​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បញ្ឆេះ​ឲ្យ​មេទាហាន ឬ​មេ​នគរបាល​ត្រៀម​តវ៉ា​ជាមួយ​បក្ស​ប្រឆាំង ប្រសិនបើ​បក្ស​ប្រឆាំង​រុះរើ​តំណែង​ពួកគេ​នៅ​ពេល​ជាប់​ឆ្នោត។ ចំណែក​ក្រុម​មេ​យោធា​វិញ ក៏​បាន​ប្រកាស​ស្មោះស្ម័គ្រ​ការពារ​របប​ដឹកនាំ​លោក ហ៊ុន សែន ទោះ​ជា​ក្នុង​តម្លៃ​ណា​ក៏ដោយ។ នេះ​ជា​កត្តា​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​មាន​សង្ឃឹម​ថា បក្ស​ប្រឆាំង​អាច​ទទួល​បាន​អំណាច​ដោយ​ស្រួល​នោះ​ទេ បើ​ទោះជា​ពួកគេ​ឈ្នះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ក្តី។

ជាង​នេះ​ ទៀត ការ​ប្រើប្រាស់​រដ្ឋ​សភា ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គាបសង្កត់​ទៅ​លើ​មេ​បក្ស​ប្រឆាំង ការ​ចាប់​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ដាក់​គុក ក៏​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ថមថយ​កម្លាំង​ប្រមូល​ផ្ដុំ​មិន​មាន​ ឱកាស​ប្រកួតប្រជែង​ស្មើភាព​គ្នា​ជាមួយ​បក្ស​កាន់​អំណាច។

​ សរុប​សេចក្ដី​មក​បក្ស​ប្រឆាំង​អាច​នឹង​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​នៅ​ កម្ពុជា ប្រសិនបើ​គណបក្ស​នេះ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​រឹងមាំ ដែល​អាច​នៅ​តែ​ទាក់ទាញ​ឲ្យ​ពលរដ្ឋ​នៅ​បន្ត​មាន​ជំនឿ​លើ​ខ្លួន និង​បើ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ជាពិសេស​ទៅ​ទៀត​នោះ វា​អាស្រ័យ​លើ​មេដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន ថា​តើ​លោក​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ដែរ ឬ​យ៉ាង​ណា?

No comments: