Friday, 5 February 2016
មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចថាលោក ញឹក ប៊ុនឆៃ នឹងបាត់បង់តួនាទីក្នុងជួររដ្ឋាភិបាល
ដោយ ប្រាជ្ញ ចេវ
2016-02-04 rfa
មន្ត្រី ជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច លើកឡើងថា លោក ញឹក ប៊ុនឆៃ នឹងបាត់បង់តួនាទីនៅក្នុងគណបក្ស និងមុខតំណែងនៅក្នុងជួររដ្ឋាភិបាលទាំងអស់ បន្ទាប់ពីចាកចេញពីគណបក្សមួយនេះ។ ប៉ុន្តែ លោក ញឹក ប៊ុនឆៃ បដិសេធថា លោកមិនបាត់បង់អ្វីទេ ព្រោះអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ច្រើនណាស់ដែលមកតាមលោក។ ចំណែកតួនាទីនៅក្នុងរដ្ឋាភិបាលដែលមានសព្វថ្ងៃ ជាទឹកចិត្តរបស់បក្សកាន់អំណាចផ្តល់ឲ្យរូបលោកផ្ទាល់។
អាយ៉ៃ ឆ្លើយឆ្លងជាថ្មីទៀតរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងលោក ញឹក ប៊ុនឆៃ ចាប់ផ្ដើមផ្ទុះខណៈអតីតអនុប្រធានគណបក្សនេះ មកបង្កើតគណបក្សថ្មីមួយមានឈ្មោះថា «គណបក្សខ្មែររួបរួមជាតិ» កាលពីថ្ងៃទី៣ កុម្ភៈ។ គណបក្សហ៊្វុនស៊ិនប៉ិច ទាមទារឲ្យគណបក្សរបស់ លោក ញឹក ប៊ុនឆៃ មិនឲ្យប្រើប្រាស់ស្លាកសញ្ញាជាគណបក្សហ៊្វុនស៊ិនប៉ិច ចាស់ ដែលមានរូបវិមានឯករាជ្យ។
អគ្គលេខាធិការ ប្រតិបត្តិនៃគណបក្សហ៊្វុនស៊ិនប៉ិច លោក សាយ ហាក់ មិនបានសម្ដែងការសោកស្ដាយចំពោះ លោក ញឹក ប៊ុនឆៃ ដែលដើរចេញពីគណបក្សរាជានិយមមួយនេះទេ ព្រោះលោកយល់ថា នេះជាសិទ្ធិរបស់ លោក ញឹក ប៊ុនឆៃ។ លោកបន្តថា អ្វីដែល លោក ញឹក ប៊ុនឆៃ មានសព្វថ្ងៃស្ទើរតែទាំងអស់ដែលជាអ្វីដែលគណបក្សហ៊្វុនស៊ិនប៉ិច ផ្តល់ឲ្យនោះ នឹងបាត់បង់ទៅវិញ៖ «អត់មានព្រួយបារម្ភ ព្រោះតាំងពីដើមមក គាត់សូន្យស្រាប់ទៅហើយ ចេញទៅចេញពីនេះទៅអត់មានទីទេ ទៅតែខ្លួនទទេ»។
គណបក្ស ហ៊្វុនស៊ិនប៉ិច បានធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ ខែកុម្ភៈ ដោយចោទប្រកាន់ លោក ញឹក ប៊ុនឆៃ ថាជាអ្នកបំផ្លាញរាជានិយម។ ដូចគ្នានេះ កាលពីចុងខែមករា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបន្ទូលថា គណបក្សហ៊្វុនស៊ិនប៉ិច បែកបាក់ និងមានវាសនាដូចសព្វថ្ងៃនេះ ព្រោះមានអ្នកស៊ីបាយបោកឆ្នាំង។
ទាក់ទង រឿងនេះដែរ លោក ញឹក ប៊ុនឆៃ ឆ្លើយតបវិញថា លោកមកបង្កើតបក្សថ្មីជាមួយក្រុមមនុស្សមកពីគណបក្សហ៊្វុនស៊ិនប៉ិច ព្រោះមិនពេញចិត្តការដឹកនាំរបស់សម្ដេចក្រុមព្រះ។ លោកបញ្ជាក់ថា អ្វីដែលលោកមានសព្វថ្ងៃ ឬក៏តួនាទីនៅក្នុងរដ្ឋាភិបាល នៅតែមានដដែល៖ «តួនាទីនៅរដ្ឋាភិបាលអត់មានបាត់បង់អីទេ ទាំងខ្ញុំ និងអ្នកតាមខ្ញុំនៅដដែល»។
ការបែកបាក់គ្នារវាង សម្ដេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃ នៅដើមឆ្នាំ២០១៦ នេះ ជាលើកទី២ ហើយ បន្ទាប់ពីឆ្នាំ២០០៦ ដែល លោក ញឹក ប៊ុនឆៃ ធ្វើបក្សប្រហារទម្លាក់សម្ដេចក្រុមព្រះចេញពីគណបក្សហ៊្វុនស៊ិនប៉ិច។ លោក ញឹក ប៊ុនឆៃ នៅតែប្រកាន់ជំហរមិនផ្លាស់ប្ដូររូបសញ្ញាគណបក្សរបស់លោក ព្រោះស្លាកសញ្ញានោះ គឺគណបក្សហ៊្វុនស៊ិនប៉ិច បានបោះបង់ចោលទៅហើយ។
អ្នក នាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថាលោកមិនទាន់ដឹងថា តើគណបក្សប្រជាជនកម្ពុជា អាចចងសម្ព័ន្ធភាពជាមួយគណបក្សថ្មីរបស់ លោក ញឹក ប៊ុនឆៃ ឬគណបក្សហ៊្វុនស៊ិនប៉ិច នោះទេ ប៉ុន្តែលោកថា គណបក្សលោកស្វាគមន៍គណបក្សណាដែលចង់ចងសម្ព័ន្ធភាព។
ចំណែក អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់ថា តួនាទីរបស់ លោក ញឹក ប៊ុនឆៃ និងមន្ត្រីបក្សមួយចំនួនទៀតនៅក្នុងរដ្ឋាភិបាល ដែលចាកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច គឺមិនបាត់បង់ទេ។ លោកបញ្ជាក់ថា កន្លងមក លោក ញឹក ប៊ុនឆៃ បានចងសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន កម្ពុជា យូរណាស់មកហើយ៖ «យើងនៅតែអាចធ្វើការជាមួយគ្នាបាន យើងមិនមែនជាខ្មាំងសត្រូវ ហើយក៏មិនរើសអើងសម្ដេចក្រុមព្រះដែរ។ បញ្ហានេះជាផ្ទៃក្នុងរបស់សម្ដេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃ»។
លោក ញឹក ប៊ុនឆៃ អះអាងថា អតីតមន្ត្រី ឬសកម្មជនគណបក្សហ៊្វុនស៊ិនប៉ិច រួមមានគណៈកម្មាធិការអចិន្ត្រយ៍ គណៈកម្មការនាយក ក្រុមប្រឹក្សាជាតិតំណាងឲ្យភូមិ-ឃុំ អគ្គលេខាធិការរង និងគណៈកម្មការប្រតិបត្តិនៅតាមបណ្ដាខេត្តនានាជាច្រើនទៀត ដែលមានទាំងអស់ជាង ២សែន ៥ម៉ឺននាក់ បានចូលរួមជីវភាពជាមួយគណបក្សថ្មីរបស់លោក។ លោកថា នៅពេលនេះលោកកំពុងស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្សថ្មីជាផ្លូវការ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment