Wednesday, 3 February 2016

តើ​មូលហេតុ​អ្វី​លោក ហ៊ុន សែន បង្ហាញ​ភាព​ស្និទ្ធស្នាល​នឹង​ពលរដ្ឋ​ក្នុង​លក្ខណៈ​សាមញ្ញ?

តើ​មូលហេតុ​អ្វី​លោក ហ៊ុន សែន បង្ហាញ​ភាព​ស្និទ្ធស្នាល​នឹង​ពលរដ្ឋ​ក្នុង​លក្ខណៈ​សាមញ្ញ?
ដោយ យាង សុជាមេត្តា
2016-02-02  rfa

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ពាក់​អាវ​កីឡា) ថត​រូប​ជាមួយ​ពលរដ្ឋ​នៅ​សួនច្បារ​មុខ​ព្រះបរមរាជវាំង កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៦។ Photo: Prime Minister Hun Sen Facebook page
 Photo: Prime Minister Hun Sen Facebook page

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មួយ​រយៈពេល​ចុង​ក្រោយ​នេះ បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​ពលរដ្ឋ​នៅ​តាម​ទី​សាធារណៈ ដូចជា​ពលរដ្ឋ​សាមញ្ញ។ កាយវិការ​របស់ លោក ហ៊ុន សែន នេះ គេ​កម្រ​បាន​ឃើញ​ណាស់​ពី​មុន​មក ដោយសារ​កន្លង​មក គេ​តែង​សង្កេត​ឃើញ​ថា ទីណា​ដែល លោក ហ៊ុន សែន គ្រោង​ចុះ​ទៅ ទីនោះ​តែង​ត្រូវ​បាន​អាជ្ញាធរ​រៀបចំ​សណ្ដាប់ធ្នាប់​តឹងរ៉ឹង មិន​ឲ្យ​មាន​ពលរដ្ឋ​ចូល​ជួប​ងាយ​ស្រួល និង​មិន​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​នោះ​ឡើយ។

តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ លោក ហ៊ុន សែន បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​ពលរដ្ឋ​ក្នុង​លក្ខណៈ​សាមញ្ញ​ដូច​នេះ?

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ពាក់​អាវ​កីឡា) ទិញ​នំ​បញ្ចុក​របស់​អ្នក​រែក​លក់​តាម​សួនច្បារ​បរិភោគ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ Photo: Prime Minister Hun Sen Facebook page

នៅ​ប្រទេស​ណា​មិន​ដឹង​ទេ តែ​បើ​នៅ​កម្ពុជា វិញ ការ​ដែល​មាន​មេ​ដឹក​នាំ​កំពូល​មក​ពី​បក្ស​កាន់​អំណាច ចុះ​ជួប​ប្រជាពលរដ្ឋ​ដោយ​មិន​មាន​ដាក់​កម្លាំង​សមត្ថកិច្ច​យាម​កាម​ច្រូងច្រាង​រៀបចំ​សណ្ដាប់ធ្នាប់ ឬ​បោស​សម្អាត​អ្នក​សុំ​ទាន​ឲ្យ​ល្អ​ជា​មុន​នោះ គឺ​ជា​រឿង​កម្រ​ខ្លាំង​ណាស់។

ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​ពលរដ្ឋ​ភាគ​ច្រើន​សម្ដែង​ការ​ភ្ញាក់​ផ្អើល ហើយ​ងឿង​ឆ្ងល់ នៅ​ពេល​បាន​ឃើញ ឬ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ទៅ​ធ្វើ​សកម្មភាព និង​ហាត់​ប្រាណ​នៅ​តាម​សួនច្បារ​សាធារណៈ​ដូច​ពលរដ្ឋ​សាមញ្ញ​ទូទៅ​ផ្សេង​ទៀត​នោះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន លោក ហ៊ុន សែន បាន​បង្ហោះ​រូបភាព និង​វីដេអូ​នៃ​សកម្មភាព​របស់​លោក​ជាច្រើន។ សកម្មភាព​ទាំងអស់​នោះ​មាន​ដូចជា ការ​អង្គុយ​ជជែក​គ្នា​លេង​ជាមួយ​អ្នក​រក​ស៊ី​ធាក់​ស៊ីក្លូ ការ​ដើរ​គយគន់​តាម​សួនច្បារ ការ​ស្រោច​ទឹក​ផ្កា​ក្នុង​សួនច្បារ ការ​ហាត់​ប្រាណ ការ​ថត​រូប​ជុំ​គ្នា​ជាមួយ​ពលរដ្ឋ ការ​ចែក​ប្រាក់​ឲ្យ​ពលរដ្ឋ និង​ការ​អង្គុយ​បរិភោគ​នំ​បញ្ចុក​របស់​អ្នក​រែក​លក់​តាម​សួនច្បារ ជាដើម។



នៅ​ក្នុង​វីដេអូ​ដែល​បង្ហោះ​នោះ គេ​ឮ​សំឡេង​មនុស្ស​ដើរ​អម ដែល​ទំនង​ជា​មន្ត្រី​របស់ លោក ហ៊ុន សែន និយាយ​ប្រាប់​ពលរដ្ឋ​ថា ពួក​គេ​សំណាង​ហើយ​ដែល​បាន​ថត​រូប​ជាមួយ លោក ហ៊ុន សែន ឬ​ថា សំណាង​ហើយ​ដែល​បាន​ហូប​នំ​បញ្ចុក​មួយ​ចាន​រួម​គ្នា​ជាមួយ លោក ហ៊ុន សែន បើ​ទោះ​ជា​នំ​បញ្ចុក​នោះ​ត្រូវ​បាន លោក ហ៊ុន សែន ហុច​ឲ្យ​អ្នក​លក់​ហូប​បន្ត​ពី​លោក ក្រោយ​ពី​លោក​ភ្លក់​បាន​ពីរ​ម៉ាត់​ក្តី៖ «បាន​ពិសា​ជាមួយ​សម្ដេច​សំណាង​ហើយ​ណា​ចាន​ហ្នឹង នៅ​សល់​ប៉ុន្មាន ញ៉ាំ​ហើយ​បាន​លុយ​ទៀត»។

លោក ហ៊ុន សែន មិន​ត្រឹម​តែ​ចុះ​ជួប​អ្នក​ស្រុក​ទេ លោក​ថែម​ទាំង​ហុច​លុយ​ទាំង​ខ្ទាស់ៗ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ផង។ លោក ហ៊ុន សែន ដែល​កំពុង​ជក់​ចិត្ត​ខ្លាំង​លើ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​សរសេរ​ថា លោក​សប្បាយ​ចិត្ត​ដែល​បាន​ចុះ​សួរ​សុខ​ទុក្ខ​ពលរដ្ឋ និង​បាន​ហូប​នំ​បញ្ចុក​ដ៏​ឆ្ងាញ់។ ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន មិន​បាន​ភ្លេច​បង្ហាញ​សារ​នយោបាយ​របស់​លោក​ទៅ​កាន់​ពលរដ្ឋ​ឡើយ។

លោក​ថា ទោះ​ជា​ជីវិត​លោក​ពោរពេញ​ដោយ​ទុក្ខ​សោក​ស្ទើរ​ស្លាប់​ស្ទើរ​រស់ តែ​លោក​ពិត​ជា​មាន​មោទនភាព ដែល​បាន​ចូលរួម​រំដោះ​ប្រជាជន​ចេញ​ពី​របប ប៉ុល ពត នាំ​មក​ឲ្យ​កម្ពុជា នូវ​សន្តិភាព​តាម​រយៈ​នយោបាយ​ឈ្នះៗ ដែល​ផ្តល់​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ នាយក​រដ្ឋមន្ត្រី​កាន់​អំណាច​ជាង ៣០​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា ការ​បំផ្លាញ​សន្តិភាព​វា​ងាយ​ស្រួល តែ​ការ​រក​សន្តិភាព និង​ការ​ថែ​រក្សា​សន្តិភាព គឺ​ជា​កិច្ចការ​ដ៏​លំបាក ហើយ​លោក​សង្ឃឹម​ថា ជន​រួម​ជាតិ​នឹង​បន្ត​ដំណើរ​ជាមួយ​លោក ដើម្បី​រក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ​ជា​បន្ត​ទៀត។

មែន​ទែន​ទៅ វា​មិន​មាន​អ្វី​ជា​រឿង​ចម្លែក​នោះ​ទេ​ដែល លោក ហ៊ុន សែន និយាយ​អួត​ពី​ការ​ខិតខំ​របស់​លោក នាំ​មក​នូវ​សន្តិភាព​ដល់​កម្ពុជា។ ក្នុង​រឿង​សន្តិភាព​នេះ លោក​ធ្លាប់​ទាំង​ថ្លែង​ថា បើ​គ្មាន​លោក​ទេ នោះ​កម្ពុជា ប្រាកដ​ជា​ជួប​ការ​វឹកវរ​មិន​ខាន ឬ​បើ​បក្ស​ប្រឆាំង​ជាប់​ឆ្នោត នឹង​មាន​សង្គ្រាម ជាដើម ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​ចម្លែក​ពេល​នេះ​នោះ គឺ​ពេល​លោក​ធ្វើ​សកម្មភាព​ដែល​មហាជន​ទូទៅ​កម្រ​បាន​ឃើញ​ពី​មុន​ទៅ​វិញ​ទេ នោះ​គឺ​ការ​បង្ហាញ​ខ្លួន​តាម​ទី​សាធារណៈ​ដែល​មាន​មនុស្ស​កកកុញ​រញ៉េរញ៉ៃ​ច្រើន​ដូច​នេះ។

កន្លង​មក គេ​ធ្លាប់​តែ​ឃើញ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង បង្ហាញ​ខ្លួន​តាម​ទី​សាធារណៈ​គ្មាន​កង​អង្គរក្ស​ការពារ​ច្រូងច្រាង ដើរ​ចូល​ផ្សារ​ជួប​អ្នក​លក់​ដូរ ឬ​ចូល​វត្ត​អារាម​ជួប​ព្រះសង្ឃ ឬ​អ្នក​រងគ្រោះ​ដីធ្លី ដែល​មើល​ទៅ​ហាក់​ពុំ​សូវ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ឡើយ។ ប៉ុន្តែ​កាយវិការ​របស់​មេ​បក្ស​ប្រឆាំង​បែប​នេះ ក៏​តែង​ត្រូវ​បាន​ពលរដ្ឋ​ស្ងើច​សរសើរ ព្រោះ​ពួក​គេ​យល់​ថា ជា​ការ​ចុះ​ជួប​ដើម្បី​ស្វែង​យល់​ពី​សុខ​ទុក្ខ និង​ការ​លំបាក​ពិត​ប្រាកដ​របស់​ពលរដ្ឋ វា​ប្រសើរ​ជាង​អង្គុយ​តែ​នៅ​ក្នុង​ការិយាល័យ ចាំ​ស្តាប់​របាយការណ៍​តែ​ពី​កូន​ចៅ​ថ្នាក់​ក្រោម ដែល​ពេល​ខ្លះ​បាន​បំប៉ោង​ព័ត៌មាន​ដើម្បី​យក​ចិត្ត​យក​ថ្លើម​មេ​នោះ។

វា​អាច​មាន​ហេតុផល​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ លោក ហ៊ុន សែន ធ្វើ​សកម្មភាព​ចុះ​ជួប​ពលរដ្ឋ​ដោយ​គ្មាន​ការ​រៀបចំ​បែប​ពិធីការ​ទុក​ជា​មុន​ដូច​នេះ។ លោក ហ៊ុន សែន ធ្លាប់​ថ្លែង​ថា ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី លោក​មិន​ងាយ​បាន​ដើរ​លេង​ទៅ​ក្រៅ​ដូច​មនុស្ស​ទូទៅ​នោះ​ទេ ហើយ​បើ​ចូល​លេង​កម្សាន្ត​នៅ​តាម​កន្លែង​សប្បាយៗ​វិញ វា​រឹត​តែ​ពិបាក​សម្រាប់​លោក​ថែម​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សកម្មភាព​ចុះ​ជួប​ពលរដ្ឋ​របស់ លោក ហ៊ុន សែន នេះ ត្រូវ​បាន​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា និយាយ​ថា វា​ជា​ការ​ព្យាយាម​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ពលរដ្ឋ សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​ទៅ​វិញ​ទេ។

អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​សង្គម និង​នយោបាយ លោក ហេង ស្រ៊ាង យល់​ឃើញ​ថា នេះ​គឺ​ជា​តាក់ទិក (Tactic) នយោបាយ​ថ្មី​ទៀត​របស់ លោក ហ៊ុន សែន ក្នុង​ការ​អូស​ទាញ​យក​សន្លឹក​ឆ្នោត​គាំទ្រ​ពី​ពលរដ្ឋ៖ «ទី​១ ប្រហែល​ជា​លោក​នាយក​រដ្ឋមន្ត្រី គាត់​បាន​មើល​ឃើញ​ហ្វេសប៊ុក ហើយ​គាត់​ចង់​ជួប​ប្រជាពលរដ្ឋ​តាម​សួនច្បារ។ ទី​២ ពេល​នេះ​ប្រហែល​ជា​លោក​នាយក​រដ្ឋមន្ត្រី គាត់​ត្រូវ​ការ​ស្វែង​យល់​ពី​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ជួប​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ការ​ប្រមូល​សន្លឹក​ឆ្នោត​ពី​ប្រជាពលរដ្ឋ​វិញ​ដែរ ពីព្រោះ​អី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ កន្លង​មក ឃើញ​សន្លឹក​ឆ្នោត​គាត់​ធ្លាក់​ចុះ​ច្រើន។ អ៊ីចឹង​គាត់​ធ្វើ​ការ​ជួប​ជុំ​ប្រជាពលរដ្ឋ​ដើម្បី​យក​រូបភាព​ល្អ​ឡើង​វិញ ដើម្បី​ឲ្យ​ឃើញ​ថា គាត់​ផ្សារភ្ជាប់​ជាមួយ​ពលរដ្ឋ​នៅ​តាម​ក្រុង ឬ​មូលដ្ឋាន​ផ្សេងៗ»។

ទោះ​ជា​បែប​នេះ​ក្តី លោក ហេង ស្រ៊ាង គាំទ្រ​ការ​ចុះ​ជួប​ពលរដ្ឋ​របស់ លោក ហ៊ុន សែន ក្នុង​លក្ខណៈ​សាមញ្ញ​ដូច​នេះ។ លោក​ថា ក្នុង​នាម​ជា​មេ​ដឹក​នាំ​ប្រទេស លោក ហ៊ុន សែន ត្រូវ​ចុះ​ជួប​ពលរដ្ឋ​ឲ្យ​បាន​ច្រើន ជាពិសេស​ពលរដ្ឋ​នៅ​តាម​តំបន់​ដែល​កំពុង​រង​ទុក្ខ​លំបាក​ដោយសារ​ភាព​ក្រីក្រ ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយ​ការ​រំលោភ​បំពាន​ផ្សេងៗ ឬ​ពលរដ្ឋ​ដែល​កំពុង​រង​ទុក្ខ​វេទនា​នៅ​តាម​តំបន់​ដាច់​ស្រយាល ជាដើម។ លោក ហេង ស្រ៊ាង ក៏​ស្នើ​ឲ្យ លោក ហ៊ុន សែន ពេល​ចុះ​ទៅ​ណា​ម្តងៗ គួរ​ណា​តែ​បញ្ចៀស​នូវ​ការ​ដាក់​កង​កម្លាំង​ពង្រាយ​យាម​កាម​ច្រូងច្រាង ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ខ្លាច​រអា​មិន​ហ៊ាន​ទៅ​ក្បែរ ហើយ​ដែល​អាច​ធ្វើ​ឲ្យ​លោក​មិន​ទទួល​បាន​ព័ត៌មាន​ពិត​ពី​ពលរដ្ឋ៖ «បើ​មាន​ពេល​ចំណាយ​ពេល​ទៅ​មើល​ប្រជាពលរដ្ឋ​រើស​សំរាម​នៅ​គំនរ​សំរាម​ស្ទឹងមានជ័យ នៅ​ក្បែរ​គុក​ព្រៃ​ស បាន​ដឹង​ថា​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ កូន​ក្មេង ជន​កំព្រា ជន​អត់​ទីលំនៅ វេទនា​យ៉ាង​ម៉េច ហើយ​ចុះ​ទៅ​តំបន់​ដាច់​ស្រយាល​ក្រៗ គ្មាន​ទឹក​ប្រើ គ្មាន​ភ្លើង​អគ្គិសនី គ្មាន​ផ្លូវ​ល្អ ពេល​ភ្លៀង​ជាប់​ភក់​ម៉េច គ្មាន​ទឹក​ម៉េច ហើយ​អត់​បាយ​ហូប​ម៉េច ចុះ​ទៅ​ឲ្យ​ឆ្ងាយៗ​ដើម្បី​ឲ្យ​ឃើញ​តថភាព​ជាក់ស្តែង ជា​ជាង​គ្រាន់​តែ​ស្តាប់​របាយការណ៍​មន្ត្រី​របស់​ខ្លួន​និយាយ​ល្អៗ ជាក់ស្តែង​និយាយ​ល្អៗ តែ​ដល់​ពេល​បោះ​ឆ្នោត​ធ្លាក់​ជិត​អស់»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹក​នាំ​ប្រទេស​កម្ពុជា ជាង ៣០​ឆ្នាំ​មក​ហើយ។ បើ​ទោះ​ជា​កម្ពុជា ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​អះអាង​ថា ឈាន​ឡើង​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ក្តី ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន កម្ពុជា ទទួល​រង​នូវ​ការ​រិះគន់​ជាច្រើន​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​គាប​សង្កត់​ទៅ​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​សកម្មជន​សង្គម អំពើ​ពុក​រលួយ បក្ខពួក​និយម តុលាការ​មិន​ឯករាជ្យ ការ​រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ជាដើម។

អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម និង​នយោបាយ​កម្ពុជា មើល​ឃើញ​ថា ការ​ចុះ​ជួប​បង្ហាញ​ភាព​ស្និទ្ធស្នាល​ស្វែង​យល់​ពី​សុខ​ទុក្ខ​ពលរដ្ឋ ជា​រឿង​សំខាន់​របស់​មេ​ដឹក​នាំ ប៉ុន្តែ​ពួក​គេ​ថា រឹត​តែ​សំខាន់​ទៀត​នោះ មេ​ដឹក​នាំ​ត្រូវ​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​នានា​ដែល​ពលរដ្ឋ​កំពុង​ជួប​ប្រទះ បើ​មិន​ដូច្នោះ​ទេ ភាព​ស្និទ្ធស្នាល​នោះ គ្រាន់​តែ​ជា​សកម្មភាព​បោក​បញ្ឆោត​រាស្ត្រ​ទាក់ទាញ​សន្លឹក​ឆ្នោត ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ៕

No comments: