Saturday, 20 February 2016

ការ​ប្រជែង​អំណាច​របស់​មហា​អំណាច ​អាមេរិក-ចិន​ នៅ​កម្ពុជា

ការ​ប្រជែង​អំណាច​របស់​មហា​អំណាច ​អាមេរិក-ចិន​ នៅ​កម្ពុជា
Thu, 18 February 2016 ppp


មេដឹកនាំ​សហរដ្ឋ​អាមេរិក​លោក បារ៉ាក់ អូបាម៉ា និង​មេដឹកនាំ​ចិន​លោក ស៊ី ជីនភីង ក្នុង​ពេល​ជួប​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន ថ្មីៗ​កន្លង​មក​នេះ។ រូបថត AFP


ជា​យូរយារ​ណាស់​មក​ហើយ​ការ​ប្រកួត​ប្រជែង​អំណាច​រវាង​បណ្តា​ប្រទេស​មហា​អំណាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​នេះ​ដោយសារ​តែ​ភាព​លោភលន់​ និង​អាត្មានិយម​របស់​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​មហា​អំណាច​ក្នុង​ការ​ថែរក្សា​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន។

យើង​សង្កេត​ឃើញ​ថា​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ទ្វីប​អាស៊ី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​តំបន់​មួយ​ពោរពេញ​​ទៅ​ដោយ​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​ព្រម​ទាំង​មាន​ទីតាំង​យុទ្ធសាស្ត្រ​យោធា​មួយ​ចំនួន​ដែល​មហា​អំណាច​ធំៗ​ចង់​បាន។

សព្វ​ថ្ងៃ​នេះ​យើង​បាន​ឃើញ​ហើយ​ថា​ការ​ប្រកួត​ប្រជែង​អំណាច​​រវាង​អាមេរិក​ និង​ចិន​នៅ​តំបន់​អាស៊ី​មាន​សភាព​ខ្លាំងក្លា​ជាពិសេស​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ប្រទេស​មហា​អំណាច​នីមួយៗ​ព្យាយាម​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់។

ជាក់​ស្តែង​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ក្លាយ​ទៅ​ជា​ចំណុច​នៃ​ការ​ប្រទាញ​ប្រទង់​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​ប៉ុន្តែ​កម្រិត​នៃ​ការ​ប្រទាញ​ប្រទង់​នេះ​គឺ​មិន​ទាន់​នៅ​ក្នុង​ស្ថានការណ៍​ដែល​កម្ពុជា​ត្រូវ​ជ្រើសរើស​មួយ​នៅក្នុង​ចំណោម​ប្រទេស​ទាំង​ពីរ​ទេ។



នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ចិន​កម្ពុជា​មាន​តម្លៃ​ជា​យុទ្ធសាស្ត្រ​នេះ​ក៏​ដោយសារ​តែ​កម្ពុជា​នៅ​ចន្លោះ​ប្រទេស​ថៃ​ និង​វៀតណាម​ដែល​ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​និន្នាការ​លម្អៀង​ទៅ​រក​អាមេរិក។ ម្យ៉ាង​ទៀត​ចំពោះ​ឥទ្ធិពល​របស់​អាមេរិក​ទៅ​កាន់​ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​វាយតម្លៃ​ថា​ជា​ការ​រាំង​ស្ទះ​ដំណើរការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់។

ការ​ជ្រើសរើស​យក​ថៃ​ និង​វៀតណាម​ដោយ​មិន​ជ្រើសរើស​យក​កម្ពុជា​អាច​និយាយ​បាន​ថា​ជា​ការ​ទុក​លទ្ធភាព​ដល់​ចិន​ក្នុង​ការ​អនុវត្ត​ផែនការ​ពង្រីក​អំណាចរ​បស់​ខ្លួន​នៅ​ក្នុង​តំបន់។ ចំពោះ​អាមេរិក​វិញ​ដែល​ពី​មុន​មិន​សូវ​ជា​យក​ចិត្ត​ទុក​កម្ពុជា​ហើយ​តែងតែ​យក​បញ្ហា​គោរព​សិទ្ធិ​មនុស្ស​ជា​ធំ​នៅក្នុង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​​​កម្ពុជា​នោះ​ឥឡូវ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ព្យាយាម​ខិត​ជិត​​កម្ពុជា​តាមរយៈ​ការ​យក​ប្រយោជន៍​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ជា​អាទិភាព​ចម្បង​ដោយ​ការ​គោរព​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ទុក​មួយ​ឡែក ។

ការ​លើក​ឡើង​នេះ​ស្រប​នឹង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​មក​កាន់​កម្ពុជា​កាល​ពី​ថ្មីៗ​នេះ​ដែល​លោក​បាន​​លើក​ឡើង​ថា​លោក​មក​កម្ពុជា​គឺ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។

មួយ​វិញ​ទៀត​ការ​ត្រឡប់​​មក​រក​កម្ពុជា​ពេល​នេះ​ក៏​ដោយសារ​តែ​ចិន​បាន​បង្ហាញ​យ៉ាង​ច្បាស់​ទៅ​កាន់​អាមេរិក​ពី​ដំណើរ​ការ​កសាង​ឥទ្ធិពល​ក៏​ដូចជា​អំណាច​ខ្លួន​នៅ​ក្នុង​តំបន់​ជាពិសេស​​នៅ​​កម្ពុជា។ ដូច្នេះ​នៅ​កម្ពុជា​មាន​រូបភាព​ពីរ​ដែល​គូរ​ដោយ​អាមេរិក​ និង​ចិន។

អាមេរិក​ចង់​បក​ក្រោយ​ដើម្បី​ទប់​ចិន​ហើយ​​ចិន​ចង់​កសាង​អំណាច​របស់​ខ្លួន​នៅ​កម្ពុជា​ដើម្បី​ទប់ទល់​នឹង​ការ​ពង្រីក​អំណាច​របស់​អាមេរិក​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា។

ការ​កសាង​អំណាច​រឹង (Hard Power) និង​អំណាច​ទន់ (Soft Power) ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​វិធី​ដែល​ប្រទេស​មហា​អំណាច​​ទាំង​ពីរ​ប្រើប្រាស់​ដើម្បី​កសាង​អំណាច​របស់​ខ្លួន​នៅ​កម្ពុជា។ ការ​កសាង​អំណាច​រឹង​មាន​ន័យ​ថា​ការ​កសាង​អំណាច​តាមរយៈ​ការ​ពង្រឹង​ផ្នែក​យោធា​ និង​សេដ្ឋកិច្ច​។​

ដោយ​ឡែក​ឯ​ការ​កសាង​អំណាច​ទន់​វិញ​មាន​ន័យ​ថា​ការ​កសាង​អំណាច​តាមរយៈ​ការ​ផ្តល់​ឲ្យ​ប្រជាជន​ ឬ​ប្រទេស​មួយ​ទៀត​បាន​ឃើញ​នូវ​លក្ខណ​ពិសេស​នៃ​តម្លៃ​វប្បធម៌​ជីវិត​រស់​នៅ និង​សិល្បៈ​របស់​ខ្លួន។ល។ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ចិន​បាន​ព្យាយាម​កសាង​អំណាច​រឹង​របស់​ខ្លួន​នៅ​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​ជា​ជំនួយ​យោធា និង​ការ​ផ្តល់​នូវ​កញ្ចប់​ជំនួយ​ឥត​សំណង​រាប់​សិប​ពាន់​លាន​ដុល្លារ។

ចំពោះ​វិស័យ​យោធា ចិន​បាន​កសាង​អំណាច​របស់​ខ្លួន​តាមរយៈ​ការ​ហ្វឹកហ្វឺន​ធនធាន​មនុស្ស​ដោយ​ផ្តល់​នូវ​អាហារូបករណ៍​ជូន​ចំពោះ​យោធិន​កម្ពុជា​ទៅ​សិក្សា​ផ្នែក​យោធា​នៅ​ប្រទេស​ចិន​ការ​ផ្តល់​នូវ​សម្ភារ​សឹក​ដូចជា​សម្លៀក​បំពាក់​យោធា​រាប់​សិប​ម៉ឺន​កំប្លេ ការ​កសាង​កន្លែង​ធ្វើការ​ជូន​អង្គភាព​​យោធា​ក៏​ដូចជា​ការ​ទទួល​លក់​នូវ​ឧទ្ធម្ភាគចក្រ​យោធា។ល។ ចំពោះ​វិស័យ​សេដ្ឋ​កិច្ច​វិញ​ចិន​បាន​ក្លាយ​ទៅ​ជា​ប្រទេស​ធ្វើការ​វិនិយោគទុន​ច្រើន​ជាង​គេ​លេខ ១ នៅ​កម្ពុជា​តាមរយៈ​ការ​ដាក់​ទុន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ការ​កសាង​រោងចក្រ​ឧស្សាហកម្ម ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ជាពិសេស​ការ​ផ្តល់​នូវ​ជំនួយ​ឥត​សំណង ឬ​ការ​ខ្ចី​ប្រាក់​ដោយ​មាន​អត្រា​ការ​ប្រាក់​ទាប។

តាមរយៈ​ការ​ជួយ​ផ្គត់ផ្គង់​ខាង​លើ​នេះ​ចិន​បាន​កសាង​អំណាច​រឹង​របស់​ខ្លួន​ដោយ​ជោគជ័យ​នៅ​កម្ពុជា​ហើយ​ក៏​បាន​កសាង​ទំនុក​ចិត្ត​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​ផង​ដែរ។ ចំពោះ​អាមេរិក​វិញ​ទោះបី​ជា​មិន​មាន​ជំនួយ​សន្ធឹក​សន្ធាប់​ដូច​ចិន​ប៉ុន្តែ​ប្រទេស​នេះ​បាន​ធ្វើការ​ពង្រីក​អំណាច​របស់​ខ្លួន​តាម​រូបភាព​មួយ​ផ្សេង​ទៀត ។ យើង​សង្កេត​ឃើញ​ថា​ប្រជាជន​កម្ពុជា​មើល​ទៅ​អាមេរិក​ថា​​ជា​កន្លែង​មួយ​ដែល​ផ្តល់​នូវ​ក្តីសង្ឃឹម​ក៏​ដូចជា​ជីវិត​ថ្មី​សម្រាប់​ខ្លួន។

ដោយសារ​ការ​យល់​ឃើញ​បែប​នេះ​ហើយ​ទើប​យើង​ឃើញ​ថា​​ជា​រៀងរាល់​ឆ្នាំ​មាន​ពលរដ្ឋ​កម្ពុជា​រាប់​សិប​ពាន់​នាក់​ស្នើ​សុំ​ទិដ្ឋាការ​ទៅ​រស់នៅ​អាមេរិក ។ បើ​យើង​ឲ្យ​ប្រជាជន​កម្ពុជា​ជ្រើស​រើស​រវាង ចិន​ និង​អាមេរិក​ដើម្បី​​ធ្វើ​អន្តោប្រវេសន៍​យើង​នឹង​ឃើញ​យ៉ាង​ច្បាស់​ប្រហែល​ជិត​ពីរ​ភាគ​បី​នៃ​ប្រជាជន​កម្ពុជា​នឹង​ជ្រើសរើស​អាមេរិក​ជា​គោលដៅ​សម្រាប់​ធ្វើ​អន្តោប្រវេសន៍។

បើ​ប្រៀបធៀប​អាយុកាល​នៃ​វប្បធម៌​ចិន​ និង​អាមេរិក​យើង​នឹង​ឃើញ​ថា​អាមេរិក​ជា​ប្រទេស​មាន​វប្បធម៌​ក្មេង​ជាង​ប្រទេស​ចិន​ប៉ុន្តែ​វប្បធម៌​របស់​អាមេរិក​រីក​សុសសាយ​ស្ទើរតែ​ជុំវិញ​ពិភពលោក។

ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ ការ​ផ្តល់​សេរីភាព​ដល់​ប្រជាជន​របស់​ខ្លួន​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​គឺជា​អ្វី​ដែល​អាមេរិក​បាន​ព្យាយាម​បង្ហាញ​ដល់​ពិភពលោក​ទាំង​មូល​ជាពិសេស​ប្រជាជន​​កម្ពុជា​ឲ្យ​ឃើញ​ពី​តម្លៃ​ដ៏ពិសេស​នៃ​ប្រទេស​ដ៏​ក្មេង​មួយ​នេះ​ហើយ​វា​ជា​ដែក​ឆក់​ដែល​ឆក់​ប្រជាជន​កម្ពុជា​ឲ្យ​មើល​អាមេរិក​នៅ​ក្នុង​ផ្លូវ​វិជ្ជមាន​ជា​ទីកន្លែង​ដែល​ខ្លួន​អាច​នឹង​មាន​ជីវភាព​រស់នៅ​ដ៏សមរម្យ។ តន្ត្រី និង​ភាពយន្ត​របស់​អាមេរិក​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​នៅ​កម្ពុជា​ហើយ​រាល់​ពេល​មាន​តារា​ចម្រៀង​ល្បីៗ ឬ​ភាពយន្ត​ល្បីៗ​របស់​អាមេរិក​យើង​ឃើញ​ថា​មាន​ការ​ចូលរួម​ទិញ​សំបុត្រ​យ៉ាង​ឆាប់​រហ័ស​ពី​សំណាក់​ប្រជាជន​កម្ពុជា។

ដោយសារ​តែ​វិស័យ​អប់រំ​របស់​អាមេរិក​ល្អ​ និង​មាន​លក្ខណ​ពិសេស​ជាង​ប្រទេស​ដទៃ​ទៀត​ទើប​អាណា​ព្យាបាល​កម្ពុជា​ដែល​មាន​ធនធាន​ពួក​គាត់​បាន​បញ្ជូន​កូន​ប្រុស​ស្រី​ទៅ​កាន់​អាមេរិក​ដើម្បី​សិក្សា​ក្រេប​ជញ្ជក់​ចំណេះ​ដឹង​នៅ​ទី​នោះ​ដោយ​ពួកគាត់​គិត​ថា​វិស័យ​អប់រំ​ក៏​ដូចជា​បែបបទ​រស់​នៅ​អាមេរិក​នឹង​ធ្វើ​ឲ្យ​កូន​ប្រុស​ស្រី​របស់​គាត់​ទទួល​នូវ​ចំណេះដឹង​ល្អៗ និង​បទពិសោធ​ថ្មី​នៅ​ប្រទេស​លោក​សេរី​មួយ​នេះ។ អ្វី​ដែល​ពិសេស​​ជាង​នេះ​ទៅ​ទៀត​ប្រជាជន​កម្ពុជា​ចូលចិត្ត​ដុល្លារ​អាមេរិក​ជាង​រូបិយប័ណ្ណ​​យន់​របស់​ចិន។ ចំពោះ​អាមេរិក​ពួកគេ​បាន​ឈ្នះ​ចិន​នៅក្នុង​សមរភូមិ​នៃ​អំណាច​ទន់។

មក​ដល់​ត្រឹម​នេះ​យើង​អាច​ឃើញ​ថា​រវាង​អាមេរិក​ និង​ចិន​បាន​ជ្រើសរើស​យក​វិធី​ខុស​គ្នា​ក្នុង​ការ​ប្រណាំង​ប្រជែង​អំណាច​នៅ​កម្ពុជា​ដោយ​ម្នាក់​ពង្រីក​អំណាច​ជាមួយ​រដ្ឋាភិបាល​ និង​ម្នាក់​ទៀត​ពង្រីក​អំណាច​ជាមួយ​ប្រជាជន។ ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​ការ​ពង្រីក​ឥទ្ធិពល​ជាមួយ​ប្រជាជន​គឺ​មាន​ប្រសិទ្ធ​ភាព​ជាង​ដោយសារ​តែ​ប្រជាជន​ជា​ម្ចាស់​ឆ្នោត​ហើយ​នៅ​ពេល​ពួកគេ​មាន​ទស្សនៈ​មួយ​យល់​ថា​អាមេរិក​ជា​ប្រទេស​ដែល​ផ្តល់​ក្តីសង្ឃឹម​ដល់​ពួក​គាត់ និង​កម្ពុជា​នោះ​ពួក​គាត់​អាច​នឹង​ទាមទារ​រដ្ឋាភិបាល​​ដែល​ជា​តំណាង​ស្រប​ច្បាប់​របស់​ខ្លួន​ឲ្យ​ខិត​ជិត​ទៅ​រក​អាមេរិក​កាន់តែ​ខ្លាំង​ឡើង ឬ​តាមរយៈ​ការ​បោះឆ្នោត​ឲ្យ​បេក្ខជន​នៃ​បក្ស​នយោបាយ​ណា​មួយ​ដែល​មាន​និន្នាការ​ទៅ​រក​អាមេរិក​។

ទោះបី​ជា​យ៉ាង​ណា​ក្តី​ កម្ពុជា​ ត្រូវ​តែ​តុល្យភាព​អំណាច​រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ​ហើយ​ការ​ធ្វើ​ការ​ជាមួយ​ពួកគេ​ទៀត​សោត​ត្រូវ​តែ​ដាក់​ផលប្រយោជន៍​កម្ពុជា​ជា​ធំ​នេះ​ក៏​ដោយសារ​តែ​មេរៀន​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​មហន្តរាយ​នៃ​ការ​ប្រណាំង​ប្រជែង​អំណាច​របស់​ប្រទេស​មហាអំណាច​នៅ​កម្ពុជា​កាល​ពី​ក្នុង​សម័យ​សង្គ្រាម។ «នៅលើ​លោក​នេះ​ពុំ​មាន​អាហារ​ថ្ងៃ​ត្រង់​ណា​ដែល​មិន​គិត​ថ្លៃ​ឡើយ»៕

ជូ វិធុរ័ក្ស​បណ្ឌិត
អ៊ីមែលៈ borndidh@gmail.com

No comments: