ដោយ សាន សែល
2016-02-20 rfa
អ្នកគ្រូ នាង ផល្លា អ្នកសម្របសម្រួលកម្មវិធីអប់រំសម្រាប់កុមារពិការភ្នែកនៃអង្គការគ្រួសារថ្មី។ រូបថតថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៦
RFA/San Sel
ឆ្នាំ២០១៦ នេះ ជាឆ្នាំទី២៥ នៃវត្តមានអង្គការគ្រួសារថ្មី។ រយៈកាល ២៥ឆ្នាំមកនេះ អង្គការគ្រួសារថ្មីបានធ្វើការលើកកម្ពស់ជីវិតរស់នៅរបស់កុមារពិការភ្នែក និងគថ្លង់នៅកម្ពុជា ប្រមាណ ១ម៉ឺននាក់។ អ្វីដែលស្ថាបនិកនៃអង្គការមួយនេះ មានមោទនភាព គឺការផ្លាស់ប្ដូរផ្នត់គំនិតដែលថា ក្មេងពិការភ្នែក និងគថ្លង់ មិនអាចទៅរៀនបាន។ តទៅមុខទៀត គ្រួសារថ្មី ចង់ឃើញស្ថានភាពនៃកុមារពិការគ និងថ្លង់នៅកម្ពុជា មានឱកាសដូចកុមារមិនពិការផ្សេងទៀត។
តើរយៈពេល ២៥ឆ្នាំ អង្គការគ្រួសារថ្មី ធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវអ្វីខ្លះ?
អេសស្បែរ៉ង់ហ្សាតស៍ (Esperanz’Arts) ក្រុមតន្ត្រីក្លាស៊ីក (classic) បារាំង មកពីទីក្រុងប៉ារីស កំពុងអបអរខួបទី ២៥ឆ្នាំរបស់អង្គការគ្រួសារថ្មី ចំពោះបេសកកម្មគាំពារកុមារពិការភ្នែក និងគថ្លង់នៅប្រទេសកម្ពុជា។
បច្ចុប្បន្នបើសម្លឹងមើលស្ថានភាពនៃកុមារពិការភ្នែក និងគថ្លង់ ផ្លាស់ប្ដូរច្រើនតាំងពីកម្រិតនៃការរើសអើង ការអប់រំ និងសុខុមាលភាព។ មានវត្តមានសិស្សនិស្សិតពិការភ្នែក និងគថ្លង់ នៅតាមថ្នាក់រៀនមួយចំនួន ហើយក៏មានដែរមន្ត្រីពិការភ្នែក និងគថ្លង់ ដែលបម្រើការនៅស្ថាប័នរដ្ឋជាន់ខ្ពស់។
សិស្សមួយចំនួនរបស់អង្គការគ្រួសារថ្មី បានបញ្ចប់ការសិក្សានៅកម្រិតវិទ្យាល័យ ហើយបានបន្តការក្សានៅថ្នាក់ឧត្ដមសិក្សាថែមទៀត។ សិស្សពិការភ្នែកទី១ របស់អង្គការគ្រួសារថ្មី ទទួលបានសញ្ញាប័ត្រកម្រិតសាកលវិទ្យាល័យ កាលពីឆ្នាំ២០១០ ហើយបន្ទាប់មកទៀត និស្សិតគថ្លង់ទី១ ក៏បានទទួលសញ្ញាប័ត្របរិញ្ញាបត្រ ក្នុងឆ្នាំ២០១៤។
ស្ថាបនិកអង្គការគ្រួសារថ្មី លោក បឺន័រ ឌូសាតូ អាម៉ង់ហ្សុង (Benoit Duchateau-Arminjon) រំឭកឡើងវិញថា ២៥ឆ្នាំមុនគឺនៅឆ្នាំ១៩៩១ ពេលដែលលោកបម្រើការនៅជំរំជនភៀសខ្លួនសាយធូ (Site II) លោកសង្កេតឃើញថា កុមារពិការភ្នែក និងគថ្លង់ ត្រូវបានគេបោះបង់ចោល គ្មានការយកចិត្តទុកដាក់។ ពេលនោះហើយដែលលោកបានបង្កើតអង្គការគ្រួសារថ្មី ដើម្បីប្រមែប្រមូលកុមារដែលមិនទទួលបានការថ្នាក់ថ្នមទាំងនោះយកមកចិញ្ចឹមបីបាច់៖ «គ្រួសារថ្មី ជាឈ្មោះជាភាសាខ្មែរ។ យើងជាគ្រួសារដែលផ្ដល់ភាពកក់ក្ដៅដល់កុមារពិការភ្នែក និងគថ្លង់ ដែលគេបោះបង់ចោល ឬមិនត្រូវការក្នុងសង្គម។ យើងផ្ដល់នូវអារម្មណ៍មួយដល់កុមារទាំងនោះ ដើម្បីឲ្យពួកគេមានអារម្មណ៍ថា ពួកគេក៏ជាសមាជិកមួយនៅក្នុងគ្រួសារ និងជាផ្នែកមួយនៃសង្គមកម្ពុជា»។
ស្ថាបនិកអង្គការគ្រួសារថ្មី លោក បឺន័រ ឌូសាតូ អាម៉ង់ហ្សុង (Benoit Duchateau-Arminjon)។ រូបថតថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៦។ RFA/San Sel
នៅឆ្នាំ១៩៩២ អង្គការគ្រួសារថ្មី ក៏ផ្លាស់ទីចូលមកប្រទេសកម្ពុជា ដោយបើកជាមជ្ឈមណ្ឌលគាំពារកុមារ។ ក៏ប៉ុន្តែមានកុមារពិការភ្នែកម្នាក់ចង់ទៅរៀន ខណៈដែលមិនមានសាលាសម្រាប់បង្រៀនកុមារពិការភ្នែកនៅប្រទេសកម្ពុជា ឡើយ។
លោក ឌូសាតូ អាម៉ង់ហ្សុង បានជួបគ្រូបង្រៀនម្នាក់ គឺអ្នកគ្រូ នាង ផល្លា ដើម្បីរៀបចំសាលាឲ្យកុមារពិការភ្នែករៀន។ អ្នកគ្រូ ផល្លា រៀបរាប់ថា នៅពេលអ្នកគ្រូដើរប្រមូលក្មេងពិការភ្នែកមករៀន ម្ដាយឪពុក អាណាព្យាបាលរបស់ក្មេង បដិសេធមិនឲ្យកូនៗមករៀនទេ ដោយយល់ថា មិនដែលមានប្រវត្តិអ្នកពិការទៅសាលារៀនទេ ហើយបើទោះជារៀនចប់ ក៏គ្មានអ្នកណាទទួលឲ្យធ្វើការងារដែរ៖ «ខ្ញុំចាប់ផ្ដើមជាមួយគ្រួសារថ្មីនៅក្នុងប្រទេសកម្ពុជា ផ្លូវដែលល្អ ផ្លូវដែលចាប់អារម្មណ៍ខ្លាំងមែនទែន ចាប់អារម្មណ៍មែនទែន គឺផ្លូវដែលយើងផ្ដល់ការអប់រំដល់កុមារពិការភ្នែក និងគថ្លង់ ព្រោះលក្ខណៈដែលយើងជួយគាត់ គឺសំខាន់មែនទែន។ បើសិនណាយើងមិនជួយគាត់ទេ គឺគាត់មិនអាចទទួលការអប់រំដូចកុមារធម្មតាទេ។ ២៥ឆ្នាំមុន បើសិនគ្មានគ្រួសារថ្មីទេ ការជួយដល់កុមារពិការភ្នែក និងទីទាល់ក្រទេ បានធ្វើសមាហរណកម្មទៅក្នុងសង្គមដូចកុមារដទៃទៀតដែរ»។
អ្នកគ្រូ នាង ផល្លា សព្វថ្ងៃ ជាអ្នកសម្របសម្រួលកម្មវិធីអប់រំសម្រាប់កុមារពិការភ្នែកនៃអង្គការគ្រួសារថ្មី។ សាលាសម្រាប់កុមារពិការភ្នែកលើកដំបូងនៅកម្ពុជា ត្រូវបង្កើតឡើងនៅឆ្នាំ១៩៩៤។ បីឆ្នាំក្រោយមក សាលាបង្រៀនកុមារគថ្លង់ ក៏ត្រូវបានបើកទ្វារ។ អ្វីដែលអង្គការគ្រួសារថ្មី បានបន្សល់ទុកសម្រាប់ការអប់រំរបស់កុមារពិការភ្នែក និងគថ្លង់ មិនត្រឹមតែសាលារៀនប៉ុណ្ណោះទេ ក៏ប៉ុន្តែគ្រួសារថ្មី បានបង្កើតប្រព័ន្ធសរសេរស្ទាប ឬអក្សរប្រែល (Khmer Braille) ព្រមទាំងផលិតសៀវភៅភាសាសញ្ញា។
តាមការពិតទៅ នៅគ្រួសារថ្មី មិនមែនមានតែកម្មវិធីអប់រំសម្រាប់កុមារពិការភ្នែក និងគថ្លង់ប៉ុណ្ណោះទេ តែក៏មានដែរ កម្មវិធីគាំពារកុមារ និងកម្មវិធីបង្រៀនសិល្បៈខ្មែរ។ ក្នុងឆ្នាំ១៩៩៦ សាលាសិល្បៈ និងវប្បធម៌ខ្មែរ លេចចេញជារូបរាងឡើងនៅស៊ីសូផុន ខេត្តបាត់ដំបង។
លោក កែវ វណ្ណា វ័យ ៣៥ឆ្នាំ ត្រូវបានលោក ឌូសាតូ អាម៉ង់ហ្សុង យកមកចិញ្ចឹមតាំងពី វណ្ណា អាយុ ៨ឆ្នាំម្ល៉េះ។ វិថីជីវិត វណ្ណា ស្ទើរតែស្រុងដើរតាមស្រមោលរបស់អង្គការគ្រួសារថ្មី។ ពេលនេះ វណ្ណា ធ្វើជាគ្រូភ្លេងនៅសាលាសិល្បៈរបស់គ្រួសារថ្មី។ សម្រាប់ វណ្ណា គ្រួសារថ្មី មានអត្ថន័យធំធេងចំពោះជីវិតលោក៖ «សម្រាប់គ្រួសារថ្មី និងខ្ញុំ គឺខ្ញុំគិតថា គ្រួសារថ្មី គឺអស្ចារ្យណាស់! ពីព្រោះបើគ្មានគ្រួសារថ្មី ជីវិតខ្ញុំមិនដឹងទៅដល់ណាទេ។ បើសិនខ្ញុំនៅជាមួយម្ដាយឪពុកខ្ញុំ ខ្ញុំមិនថាម៉េច ម៉េចទេ តែបើខ្ញុំនៅជាមួយគ្រួសារខ្ញុំ ជីវិតខ្ញុំ មិនអាចប្រសើរឡើងបាន ដូចនៅគ្រួសារថ្មីទេ។ បើសិនគ្មានគ្រួសារថ្មីទេ ជីវិតខ្ញុំ គឺយ៉ាប់ណាស់។ ដូចថា មិនដឹងរកទិសដៅ រកត្រើយណាឃើញ។ ខ្ញុំមិនដឹងថា ទិសដៅត្រូវធ្វើអី មកអី។ និយាយទៅ គឺថាសូន្យ អត់ដឹងថា ត្រូវធ្វើអី»។
កាលពីឆ្នាំទៅ អ្នកគ្រូ នាង ផល្លា នៃអង្គការគ្រួសារថ្មី ស្ថិតនៅក្នុងបញ្ជីជម្រុះ ១០នាក់ចុងក្រោយ នៃពានរង្វាន់គ្រូបង្រៀនឆ្នើមពិភពលោក (Global Teacher Prize)។ ក្រៅពីនេះ គ្រួសារថ្មី បានទទួលរង្វាន់លក្ខណៈអន្តរជាតិមួយចំនួនទៀត ដូចជាពានរង្វាន់ វិនហួយ (Wenhui Award) របស់អង្គការយូណេស្កូ សម្រាប់នវានុវត្តន៍ អប់រំ (Educational Innovation)។ឆ្នាំ២០១៦ នេះ អង្គការគ្រួសារថ្មី សម្រេចផ្ទេរសាលារៀនបង្រៀនជនពិការភ្នែក និងគថ្លង់ ដែលមានចំនួនប្រាំនៅទូទាំងប្រទេស រួមទាំងឧបករណ៍ និងបុគ្គលិកជំនាញរបស់ខ្លួនជូនទៅរដ្ឋាភិបាលកម្ពុជា។
បើតាមស្ថាបនិកនៃអង្គការគ្រួសារថ្មី លោក ឌូសាតូ អាម៉ង់ហ្សុង ដំណើរការផ្ទេរនេះ នឹងត្រូវប្រើរយៈពេល ៤ឆ្នាំ ដោយក្នុងរយៈពេលនេះ អង្គការគ្រួសារថ្មី ដើរតួនាទីជាអ្នកប្រឹក្សាផ្នែកបច្ចេកទេសឲ្យរដ្ឋាភិបាល៖ «សាលារៀនទាំងនេះ នឹងត្រូវប្រគល់ឲ្យរដ្ឋាភិបាល។ យើងមើលឃើញថា រដ្ឋាភិបាលមានឆន្ទៈខ្ពស់ ធ្វើបន្តនូវអ្វីដែលយើងសម្រេចបាន។ យើងនៅតែមានរចនាសម្ព័ន្ធការងារ ដើម្បីជួយបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ក្នុងគោលបំណងធានាថា រដ្ឋាភិបាលនឹងមានធនធានគ្រប់គ្រាន់សម្រាប់ធ្វើការងារនេះបន្តទៀត។ យើងសម្លឹងឃើញថា រដ្ឋាភិបាលនឹងអាចបើកទ្វារបណ្ដុះបណ្ដាលជនពិការឲ្យពិភពលោកទាំងមូល ពិសេសអាស៊ាន។ ខ្ញុំជឿជាក់ថា សមាហរណកម្មអាស៊ាន នឹងភ្ជាប់យើងកាន់តែស្និតថែមទៀត ហើយធ្វើជាដៃគូសហការគ្នានៅទូទាំងអាស៊ាន»៕
No comments:
Post a Comment