Monday, 22 February 2016

កង​នាវា​កងទ័ព​ប្រជាជន​ចិន​មក​ដល់​ខេត្ត​ព្រះសីហនុ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​កុម្ភៈ

កង​នាវា​កងទ័ព​ប្រជាជន​ចិន​មក​ដល់​ខេត្ត​ព្រះសីហនុ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​កុម្ភៈ
ដោយ ចេង ម៉េងជូ
2016-02-22  rfa

កង​នាវា​កងទ័ព​ប្រជាជន​ចិន ២០១៦ ៨៥៥
កង​នាវា​កងទ័ព​ប្រជាជន​ចិន ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ Photo Provided
 Photo Provided


មន្ត្រី​ប៉ុស្តិ៍​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ថា កង​នាវា​កងទ័ព​ប្រជាជន​ចិន ចំនួន ៣​គ្រឿង ដែល​ផ្ទុក​កង​ម៉ារីន​សរុប​ចំនួន ៧៣៧​នាក់ បាន​មក​ដល់​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ហើយ​នៅ​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ ដើម្បី​ធ្វើ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​នៅ​កម្ពុជា។

កង​នាវា​កងទ័ព​ប្រជាជន​ចិន នេះ ដឹក​នាំ​ដោយ​មេ​បញ្ជាការ​ប្រចាំ​ការ​សមុទ្រ​ចិន​ខាង​ត្បូង ឧត្ដម​នាវី​ទោ យូ ម៉ាន់ជាំង (Yu Manjiang)។ តាម​គម្រោង កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ នឹង​រៀបចំ​កម្មវិធី​ហ្វឹកហ្វឺន​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​រួម​គ្នា​មួយ​ជា​លើក​ដំបូង នៅ​លើ​ផ្ទៃ​សមុទ្រ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។ មុន​នឹង​ធ្វើ​ការ​ហ្វឹកហ្វឺន​រួម​គ្នា​នោះ កងទ័ព​ប្រជាជន​ចិន នឹង​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៤ ចូល​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក លោក ទៀ វិញ ព្រម​ទាំង​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា។



មេ​បញ្ជាការ​រង​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម លោក រស់ វាសនា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ថា លោក​មិន​បាន​ជ្រាប​ពី​សេចក្ដី​លម្អិត​នៃ​ការ​ហ្វឹកហ្វឺន​រួម​គ្នា​នោះ​ឡើយ។ លោក​ជំរុញ​ឲ្យ​សួរ​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ ប៉ុន្តែ​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​ទេ​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ។

ទោះ​យ៉ាង​ណា អគ្គ​បញ្ជាការ​រង​កងទ័ព​ជើង​ទឹក​កម្ពុជា លោក វណ្ណ ប៊ុននាង បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) ថា ការ​ហ្វឹកហាត់​នេះ គឺ​ជា​កិច្ច​សហប្រតិបត្តិការ​ដ៏​ធំ​មួយ និង​ជា​ការ​ហ្វឹកហ្វឺន​រួម​គ្នា ដើម្បី​បង្កើន​ការ​ត្រៀម​ខ្លួន​ក្នុង​ករណី​មាន​ហេតុការណ៍​លិច​កាណូត ឬ​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង។

បច្ចុប្បន្ន ចិន ជា​ប្រទេស​ម្ចាស់​ជំនួយ​ចម្បង​នៃ​វិស័យ​យោធា​កម្ពុជា ដោយ​បាន​ផ្គត់ផ្គង់​សម្ភារៈ​យោធា​ដល់​កងទ័ព​កម្ពុជា ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ការ​សាងសង់​វិទ្យាស្ថាន​យោធា ការ​ផ្ដល់​ឧទ្ធម្ភាគចក្រ កាំភ្លើង និង​រថយន្ត​យោធា​ជាច្រើន​គ្រឿង ព្រម​ទាំង​ទទួល​យក​មន្ត្រី​យោធា​កម្ពុជា ជាច្រើន​នាក់​ទៅ​បណ្ដុះបណ្ដាល​នៅ​ប្រទេស​ចិន។

ការ​ហ្វឹកហ្វឺន​រួម​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ពេល​នេះ គឺ​ស្រប​ពេល​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង កំពុង​តឹង​តែង ខណៈ​ចិន កាន់​តែ​បង្កើន​សកម្មភាព​យោធា​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង នេះ៕

No comments: