Fri, 5 February 2016 rfa
ផាក់ ស៊ាងលី
ឈើល្មើសច្បាប់ដែលប្រទះឃើញក្នុងព្រៃនៅឃុំស្រែឈូក ស្រុកកែវសីមា។ រូប Adhoc |
មណ្ឌលគិរីៈ អតីតមន្ត្រីអាវុធហត្ថខេត្តម្នាក់ដែលធ្លាប់ដកកាំភ្លើងភ្ជង់ក្បាល អភិបាលស្រុកកែវសីមារឿងចាប់ឈើកាលពីឆ្នាំ ២០១៤ នោះកំពុងតែរត់គេចខ្លួនបន្ទាប់ពីបាញ់គំរាមក្រុមសមត្ថកិច្ចចម្រុះ ដែលបានដេញតាមចាប់ឡានដឹកឈើរត់ចូលភូមិគ្រឹះរបស់លោកកាលពីថ្ងៃ ពុធរួចមក។
រថយន្តដឹកឈើពីរគ្រឿងចេញពីស្រុក អូររាំងត្រូវបានមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចដេញចាប់ក្នុងស្រុក កែវសីមាក្នុងនោះរថយន្តមួយគ្រឿងត្រូវបានស្ទាក់ចាប់បាន និងឃាត់ខ្លួនបានអ្នកបើកបរម្នាក់រីឯមួយគ្រឿងទៀតបានរត់ចូល ក្នុងភូមិគ្រឹះរបស់អតីតប៉េអឹមឈ្មោះ ស៊ួ ម៉ារឹទ្ធ នៅឃុំស្រែក្ទម្ពហើយពេលនោះក៏មានការបាញ់គំរាមសំដៅទៅក្រុម សមត្ថកិច្ចដែលកំពុងតែដេញចាប់ផងដែរ។
លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកែវសីមាបានបញ្ជាក់កាលពីម្សិលមិញថា៖ «កម្លាំងប៉េអឹមដេញតាំងពីអូររាំងរហូតមកដល់កែវសីមា។ កូនចៅហ្នុងរត់ចូលក្នុងផ្ទះ។ នៅលើផ្ទះហ្នឹងបាញ់សំដៅមកលើកម្លាំងបង្ក្រាបហើយឃើញកម្លាំងមក ព្រោងព្រាត»។
កាលពីខែឧសភាឆ្នាំ ២០១៤ លោកអភិបាល ស៊ិន វណ្ណវុឌ្ឍ បានដឹកនាំកម្លាំងចម្រុះប្រមាណជា ២០ នាក់ដើម្បីទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋានហើយស្ទាក់ចាប់រថយន្ត ម៉ាក Luxus មួយគ្រឿងដែលកំពុងតែដឹកឈើប្រណីតជាង ១០ ដុំ។ រថយន្តនោះត្រូវបានគេដឹងថាជារបស់កូនចៅលោក ស៊ួ ម៉ារឹទ្ធ ហើយការចាប់នោះបានធ្វើឲ្យលោក ម៉ារឹទ្ធ ខឹង និងបានប្រើហិង្សារំដោះយករថយន្តនោះទៅវិញ។
លោក អភិបាលបានរំឭកហេតុការណ៍នោះកាលពីម្សិលមិញថា៖ «យើងចាប់ឈើហ្នឹងទៅគេមកសំឡុតភ្ជង់ក្បាលខ្ញុំហ្នឹងដើម្បីរកសោ ឡានរំដោះឡានគាត់ទៅវិញ។ កាលនោះកម្លាំងអភិរក្សក៏បានទៅឆែកឆេរ និងឃើញឈើ ៧០ ម៉ែត្រគុបផងដែរ»។ បន្ទាប់ពីមានការភ្ជង់គំរាមនោះមកលោកអភិបាលបានដាក់ពាក្យប្តឹងលោក ស៊ូ ម៉ារឹទ្ធ ផងដែរប៉ុន្តែរហូតមកទល់នឹងពេលបច្ចុប្បនេះលោកមិនទាន់ទទួលបាន យុត្តិធម៌នៅឡើយទេ។ លោកបានសម្ដែងការងឿងឆ្ងល់ផងដែរថា «ប៉េអឹមហ្នឹងត្រូវបានគេលុបឈ្មោះចោលពីរឆ្នាំហើយតែនៅមាន កាំភ្លើងប្រើទៀតខ្ញុំឆ្ងល់ដែរ។ គាត់បាញ់តកម្លាំងអាហ្នឹងជាអាវុធខុសច្បាប់»។
លោក វណ្ណវុឌ្ឍ បានឲ្យថ្លែងថាភូមិគ្រឹះរបស់លោក ស៊ូ ម៉ារឹទ្ធ គឺស្ថិតនៅជាប់នឹងចំណុចព្រំប្រទល់រវាងខេត្តក្រចេះ និងស្រុកកែវសីមាដែលងាយស្រួលក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើក្នុង នោះក៏ទំនងមានការកែច្នៃ និងលក់ចេញផងដែរ។
លោកថា បន្ទាប់ពីមានការបាញ់គំរាមកាលពីថ្ងៃពុធនោះមកកម្លាំងអាវុធហត្ថ មិនទាន់ហ៊ានចូលឆែកឆេរនោះទេគឺគ្រាន់តែបានព័ទ្ធផ្ទះតែប៉ុណ្ណោះ ដើម្បីរង់ចាំដីការបស់តុលាការខេត្តហើយប្រមាណជា ២-៣ ម៉ោងក្រោយមកលោក ស៊ូ ម៉ារឹទ្ធ បានជិះរថយន្តគេចខ្លួនបាត់ទៅ។ នៅពេលមានដីកាដែលដឹកនាំដោយព្រះរាជអាជ្ញាខេត្តលោក ឡុង ហុកម៉េង កម្លាំងបានចុះទៅឆែកឆេរហើយបានរកឃើញឈើប្រណីតប្រភេទធ្នង់ និងបេងជាង ២០០ ដុំ និងម៉ាស៊ីនអារច្រៀកឈើផងដែរ។
លោក បានបញ្ជាក់ថា៖ «ចន្លោះពេលចាំដីកាហ្នឹង សូម៉ារិទ្ធ ហ្នឹងក៏គេចខ្លួនបាត់ទៅព្រោះពេលហ្នុងអត់ទាន់មានដីកាពីតុលាការ ចូលឆែកឆេរនោះទេ។ គាត់ធ្វើកន្លងមកហ្នឹងមិនដែលមានច្បាប់ទេ។ សំណុំរឿងគាត់ច្រើនណាស់។ តែគ្មានចំណាត់ការនោះទេក្នុងនោះគំរាមបាញ់ខ្ញុំក៏ដោយសាររឿង បទល្មើសព្រៃឈើដែរ»។
លោកព្រះរាជអាជ្ញា ហុកម៉េង បានឲ្យដឹងថាវត្ថុតាងទាំងអស់ត្រូវបានរឹបអូសបណ្តោះអាសន្ន និងយកទៅរក្សាទុកនៅការិយាល័យអភិរក្សកែវសីមាហើយ។ ដោយឡែកចំពោះអ្នកបើកឡានដឹកឈើដែលត្រូវបានឃាត់ខ្លួននោះមិនទាន់ ត្រូវបានបញ្ជូនទៅតុលាការនោះទេ។
លោក សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរីមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
ប៉ុន្តែ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថាលោក ស៊ូ ម៉ារឹទ្ធ ត្រូវបានលុបឈ្មោះចោលមែនប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយពី មូលហេតុនោះទេដោយលោកថ្លែងថា៖ «មិនចង់រំឭករឿងចាស់ៗ»។
ដោយឡែក ចំពោះការបង្រ្កាបបទល្មើសនៅនឹងផ្ទះលោក ស៊ូ ម៉ារឹទ្ធ នោះលោកក៏មិនទាន់ហ៊ានធ្វើការអត្ថាធិប្បាយផងដែរដោយសារតែ សមត្ថកិច្ចនៅកំពុងតែបន្តការស្រាវជ្រាវនៅឡើយ។
ទាក់ទង ទៅនឹងបទល្មើសព្រៃឈើនោះដែរសមាគមសិទ្ធិមនុស្សអាដហុកខេត្ត មណ្ឌលគិរីបានចុះទៅអង្កេតការកាប់បំផ្លាញព្រៃឈើក្នុងឃុំស្រែឈូក ស្រុកកែវសីមាជាមួយនឹងសហគមន៍ភូមិចក់ចាររយៈពេលពីរថ្ងៃដោយចាប់ផ្តើម កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
មន្រ្តីអង្គការ និងសហគមន៍បានឲ្យដឹងថាពួកគេបានរកឃើញប្រមាណជា ២០ ដើម និងកំណាត់ដែលត្រូវបានជនល្មើសលួចអារនៅក្នុងព្រៃសហគមន៍កាលពីមិន ទាន់មានបញ្ជាឲ្យបង្រ្កាបពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ប្រជាជន ជាតិដើមព្នងលោក យិន សិង បានថ្លែងថាមានឈើរាប់សិបដើម ឬ ដុំផ្សេងទៀតដែលពួកលោកបានឃើញព្រោះថាមុនពេលមានការបិទឈើមិន ទាន់ឲ្យនាំទៅប្រទេសវៀតណាមនោះមានបទល្មើសជាច្រើនក្នុងព្រៃសហគមន៍ ពួកគាត់ដែលនៅជាប់នឹងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនវៀតណាមប៊ិញហ្វៀក ១ ៕
No comments:
Post a Comment