Tuesday, 1 March 2016

រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នារី​វ័យ​ក្មេង​ម្នាក់​ឋិត​ក្នុង​ភាព​មន្ទិល​សង្ស័យ

រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​នារី​វ័យ​ក្មេង​ម្នាក់​ឋិត​ក្នុង​ភាព​មន្ទិល​សង្ស័យ
ដោយ ខែ សុណង
2016-03-01 rfa

កឹម សុខា ២០១៦ ៨៥៥
លោក កឹម សុខា (រូប​កណ្ដាល) ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ពេញ​ចេញ​ពី​សួរ​សុខទុក្ខ មន្ត្រី និង​សកម្មជន​របស់​ខ្លួន​ទាំង​១៥​នាក់ នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Rann Samnang


បណ្ដាញ​សារព័ត៌មាន​ក្នុង ​ស្រុក បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ទាក់ទង​ទៅ​នឹង​រឿង​ទំនាក់ទំនង​ស្នេហា​រវាង លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​នារី​ម្នាក់​ដែល​គេ​សង្ស័យ​ថា ជា​ស្រី​កំណាន់​របស់​លោក។ មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី លោក កឹម សុខា ថា​យ៉ាង​ណា​នៅ​ឡើយ។

ទាំង លោក កឹម សុខា ខ្លួន​ឯង និង​មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន រួម​ទាំង​សាច់ញាតិ​របស់​លោក​ផង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ទាន់​មាន​ការ​បកស្រាយ​បំភ្លឺ ជុំវិញ​ការ​ទម្លាយ​រឿង​អាស្រូវ​ស្នេហា ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ និង​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នោះ​ទេ។

វិទ្យុ ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ មីនា បាន​ទាក់ទង​ទៅ លោក កឹម សុខា ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។ ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​បិទ​ទូរស័ព្ទ បន្ទាប់​ពី​អ្នក​យក​ព័ត៌មាន​សួរ​សំណួរ​ពី​រឿង លោក កឹម សុខា ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​ដូចជា​អ្នក​នាំ​ពាក្យ​គណបក្ស​នេះ និង​កូនស្រី​របស់ លោក កឹម សុខា ផ្ទាល់ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

ក្នុង ​គណនេយ្យ​ហ្វេសប៊ុក​របស់​នារី​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ថា ម៉ុន ស្រី (Mon Srey) បាន​បង្ហោះ​ឃ្លីប​សំឡេង​សន្ទនា​ជាមួយ លោក កឹម សុខា ដែល​ថត​ចេញ​ពី​ទូរស័ព្ទ ដោយ​និយាយ​រៀបរាប់​ពី​ទំនាក់ទំនង​ស្នេហា ការ​សួរ​សុខ​ទុក្ខ និង​និយាយ​អំពី​ការ​ទិញ​សំបុត្រ​យន្តហោះ​ចេញ​ទៅ​ក្រៅ​ប្រទេស ជាដើម។

ទោះ ​ជា​បែប​នេះ​ក្ដី នៅ​ក្នុង​ខ្សែ​អាត់​សំឡេង នារី​ម្នាក់​នោះ​បាន​ព្យាយាម​និយាយ​បដិសេធ​ជាមួយ លោក កឹម សុខា ថា នាង​មិន​បាន​ទម្លាយ​សារ​អាថ៌កំបាំង​ពី​ទំនាក់ទំនង​ជាមួយ​លោក និង​បង្ហោះ​ផ្សព្វផ្សាយ​នោះ​ទេ ប៉ុន្តែ​ជា​ចម្ងល់​ដល់​សាធារណជន​នោះ គឺ​នាង​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​វាយ​ប្រហារ​ទៅ លោក កឹម សុខា ថា​នាង​បាន​បង្ហោះ​រឿងរ៉ាវ​ពិត​ទាក់ទង​ស្នេហា​ជាមួយ លោក កឹម សុខា ហើយ​នាង​កាន់​តែ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ព្រោះ លោក កឹម សុខា បាន​ទូរស័ព្ទ​មក​ស្ដី​បន្ទោស​នាង និង​ហាម​នាង​មិន​ឲ្យ​និយាយ​អ្វី​ត​ទៅ​ទៀត។

ទាក់ទង​ទៅ​នឹង​រឿង​នេះ វិទ្យុ​អាស៊ីសេរី បាន​សរសេរ​សារ​ទៅ​នារី​ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ ម៉ុន ស្រី (Mon Srey) នេះ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​ទេ។

តាម​រយៈ ​ការ​បង្ហោះ និង​ចែក​ចាយ​បន្ត​គ្នា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក អ្នក​ផ្ដល់​មតិ​ជាច្រើន​បាន​ចាប់​អារម្មណ៍ ហើយ​ខ្លះ​បាន​ដាក់​ការ​សង្ស័យ​ពី​ខ្សែ​អាត់​សំឡេង​នេះ និង​អ្នក​ខ្លះ​ទៀត មិន​ជឿ​ថា​មាន​រឿង​បែប​នេះ​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​អ្នក​ជំនាញ​ខាង​សំឡេង​ទូរស័ព្ទ​ណា​ម្នាក់​បញ្ជាក់​ថា សំឡេង​សន្ទនា​នោះ​ជា​សំឡេង​ពិត ឬ​សំឡេង​ច្នៃប្រឌិត​យ៉ាង​ណា​នោះ​ទេ។

កន្លង ​មក លោក កឹម សុខា ត្រូវ​បាន​ស្ត្រី​ម្នាក់​អះអាង​ថា ជា​ប្រពន្ធ​ចុង​របស់​លោក ចេញ​មុខ​ឲ្យ លោក កឹម សុខា ទទួល​ខុស​ត្រូវ​ចំពោះ​ចំណង​ស្នេហា។

មាត្រា​ទី​៣០១ នៃ​ក្រម​ព្រហ្មទណ្ឌ​ស្ដីពី​ទោស​លួច​ថត​សំឡេង​គេ ចែង​ថា បទ​ស្ដាប់ ឬ​ថត​ពាក្យ​សម្ដី​ឯកជន អំពើ​ស្ដាប់ ឬ​ថត​សម្ដី​ដែល​និយាយ​ជា​ឯកជន ជា​ការ​សម្ងាត់​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ​ នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន​រៀល​ទៅ ២​លាន​រៀល លើក​លែង​តែ​ករណី​ដែល​ច្បាប់​អនុញ្ញាត។ នៅ​ក្នុង​ច្បាប់​នេះ បាន​ចែង​បន្ត​ថា ត្រូវ​បាន​សន្មត​ជា​ការ​ព្រមព្រៀង ប្រសិន​បើ​បុគ្គល​ដែល​ពាក់ព័ន្ធ​នេះ​បាន​ទទួល​ដំណឹង​អំពី​ការ​ស្ដាប់ ឬ​ថត ហើយ​បុគ្គល​នោះ​មិន​បាន​ជំទាស់​នោះ​ទេ៕

No comments: