ដោយ ឡេង ម៉ាលី
2016-03-17 rfa
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច (ពីឆ្វេង) ថ្លែងក្នុងសមាជវិសាមញ្ញគណបក្សលើកទី២ នៅថ្ងៃទី១២ មីនា ២០១៥។
RFA/Leng Maly
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យារក្សាតំណែងមន្ត្រីរដ្ឋាភិបាលមកពីគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យនៅដដែលក្នុងពេលដែលគណបក្សនេះបែកបាក់គ្នា។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការបែកបាក់កម្លាំងហ៊្វុនស៊ិនប៉ិច ហើយបង្កើតបក្សថ្មី គឺជាជម្លោះរវាងសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ។
សារធានារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺឡើងនៅព្រឹកថ្ងៃទី១៧ មីនា ក្នុងពេលដែលលោកមានប្រសាសន៍ដល់ជម្លោះផ្ទៃក្នុងរបស់គណបក្សហ៊្វុនស៊ិនប៉ិច និងការរុះរើមន្ត្រីរដ្ឋាភិបាល។
ទន្ទឹមគ្នានឹងការធានានេះ លោក ហ៊ុន សែន ក៏ព្រមានថា ជម្រើសសម្រាប់មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច ដែលកំពុងស្ថិតក្នុងតំណែងរដ្ឋាភិបាលបច្ចុប្បន្ន មានតែពីរទេ។ ជម្រើសនោះ គឺត្រូវជ្រើសរើសយកគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ ឬត្រូវជ្រើសរើសយកគណបក្សខ្មែររួបរួមជាតិ របស់ លោក ញឹក ប៊ុនឆៃ៖ «សូមសម្ដេចក្រុមព្រះមេត្តាយោគយល់ ទូលបង្គំមិនអាចទៅតាមព្រះអង្គ ហើយធ្វើឲ្យឃ្នើសចិត្តអ្នកដែលកំពុងបំពេញការងារជាមួយនឹងរាជរដ្ឋាភិបាលបានទេ។ សុំទោស ព្រោះនេះជាជម្លោះរបស់ព្រះអង្គជាមួយកូនចៅរបស់ព្រះអង្គទៅបង្កើតបក្សផ្សេង ហើយថា ឥឡូវមិនមែនហ៊្វុនស៊ិនប៉ិច ត្រូវតែចេញពីរដ្ឋាភិបាល សុំតែប៉ុណ្ណេះទេ បើចូលបក្សប្រឆាំង ដេញ ២៤ម៉ោង! ចូលបក្សប្រឆាំង ឬបក្សនយោបាយផ្សេង ក្រៅពីគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សរួបរួមជាតិ របស់ ញឹក ប៊ុនឆៃ ក្រៅពីគណបក្ស គឺដេញចោល ព្រោះអានេះជាចរិតការងារនយោបាយវាអ៊ីចឹង»។
លោកបញ្ជាក់ថា មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច ជាង ១០០នាក់ កំពុងកាន់តំណែងនយោបាយជាន់ខ្ពស់ក្នុងឋានៈជាអនុរដ្ឋលេខាធិការ និងជាទីប្រឹក្សារាជរដ្ឋាភិបាល។
ទាក់ទងនឹងការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរក្សាទុកតំណែងមន្ត្រីទាំងនេះនៅដដែល ត្រូវបានអ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ លោក ទុំ សម្បុរ ថ្លែងថា លោកសាទរចំពោះការផ្ដល់ឱកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកប្រកាសឲ្យឱកាសដល់អ្នកដែលមកបង្កើតបក្សថ្មី ដែលមានតួនាទីក្នុងរដ្ឋាភិបាលនោះ ហើយមកបានមករួមរស់ជាមួយគណបក្សខ្មែររួបរួមជាតិ ដោយ លោក ញឹក ប៊ុនឆៃ ហ្នឹង ខ្ញុំអត់មានស្អីក្រៅពីថ្លែងអំណរគុណនូវគុណធម៌នយោបាយរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកបានអនុគ្រោះដល់ពួកយើងខ្ញុំទាំងអស់គ្នាប្រមាណជិត ១០០នាក់ ដែលមានតួនាទីជាទីប្រឹក្សានៅក្នុងរដ្ឋាភិបាលបច្ចុប្បន្ន ជាអនុរដ្ឋលេខាធិការនៅក្នុងរដ្ឋាភិបាលរាល់ថ្ងៃហ្នឹង»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការឆ្លើយតបពីភាគីគណបក្សហ៊្វុនស៊ិនប៉ិច បានទេនៅល្ងាចថ្ងៃទី១៧ មីនា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកមិនអាចសម្របសម្រួលភាគីជម្លោះផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិច បានទៀតទេ ព្រោះភាគីជម្លោះខាង លោក ញឹក ប៊ុនឆៃ ចេញទៅបង្កើតគណបក្សថ្មីមួយទៀតហើយ ក៏ប៉ុន្តែលោកនៅតែឆ្ងល់ថា ហេតុអ្វីបានជាភាគីនៅតែមិនអាចរួបរួមគ្នាបាន ហើយឈ្លោះប្ដឹងផ្ដល់គ្នាដណ្ដើមទ្រព្យរួមរបស់បក្ស ដែលមើលឃើញថា ហាក់ដូចជានៅតែសម្បកក្ដាមនោះ៕
No comments:
Post a Comment