Saturday, 12 March 2016

ពីសង្គមគ្រួសារ ដល់សង្គមជាតិ!


១២ មីនា ២០១៦ - ពីសង្គមគ្រួសារ ដល់សង្គមជាតិ!



គ្រួសារ សាលា សាសនា សង្គម ពីប្រភពទាំង៤ ក្នុងការអប់រំមនុស្ស ដែលជាសមាជិកនៃសង្គម។ គេបង្រៀន ឲ្យមនុស្សចេះគោរព ដឹងចាស់ដឹងក្មេង ដឹងខុសដឹងត្រូវ តាំងពីតូចៗតែម្តង។ ក្នុងគ្រួសារនីមួយៗ ភាគច្រើន ឪពុកម្តាយតែងតែអប់រំ ប្រៀនប្រដៅកូនចៅជាប្រចាំ ជាវិន័យជាក្បួនខ្នាត នោះជាជំហានដំបូងមួយ។

ចូលដល់សាលា សាសនា ការអប់រំបន្តស្ដីពីសង្គម សេដ្ឋកិច្ច នយោបាយ វិទ្យាសាស្ត្រពិត វិទ្យាសាស្ត្រសង្គម ក៏មានជាវិន័យជាក្បួនច្បាប់ ជាហូរហែបន្តបន្ទាប់ ដែលធ្វើឲ្យមូលដ្ឋានគ្រឹះ នៃការគោរពវិន័យ ការគោរពច្បាប់ ការអនុវត្តន៍ច្បាប់ កាន់តែមានភាពរឹងមាំ ច្បាស់លាស់ ជាពិសេស គឺជាចំណុចចាប់ផ្ដើមនៃការទទួលខុសត្រូវ។

ពីគ្រួសារ សាលា សាសនា ចូលដល់សង្គម ដែលមានតួនាទីឲ្យមានការគោរពច្បាប់ ការអនុវត្តន៍ច្បាប់ គិតតាំងពីចរាចរណ៍ នៅកន្លែងធ្វើការ នៅកន្លែងប្រកបរបរទទួលទាន គឺអ្វីៗតែងតែមានជាវិន័យជាក្បួនច្បាប់ ជានិច្ច។ ពេលតាមក្បួនខ្នាតច្បាប់ តាមនីតិវិធីច្បាស់លាស់ ត្រឹមត្រូវ ហើយគោរពអនុវត្តន៍ទាំងអស់គ្នា គឺជាការប្រែក្លាយសង្គមមួយ ឲ្យមាននីតិរដ្ឋពិតប្រាកដ។

ប្រជាពលរដ្ឋមានសុខភាពល្អ កម្លាំងកាយពលរឹងមាំ អាស្រ័យមកពីចំណីអាហារ អនាម័យ ទឹកស្អាត ថ្នាំសង្កូវ… តាមការរៀបចំគ្រប់គ្រង-ដឹកនាំប្រព័ន្ធសុខាភិបាល ហើយប្រជាពលរដ្ឋមាន ចំណេះជំនាញ ប្រាជ្ញាស្មារតី វិន័យច្បាប់ទម្លាប់ ឧត្តមគតិជាតិ មនសិការជាតិ មោទនភាពជាតិ តាមការរៀបចំគ្រប់គ្រង-ដឹកនាំប្រព័ន្ធអប់រំ។

No comments: