លោក សម រង្ស៊ី៖ ហេតុអីអ្នកការពារទឹកដីត្រូវចាប់ដាក់គុកឯអ្នកធ្វើឲ្យបាត់បង់ទឹកដីត្រូវរួចខ្លួន?
ដោយ ម៉ម មុនីរតន៍
2016-03-13 rfa
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតក្រោយកិច្ចប្រជុំសភា ស្ដីពីការត្រួតពិនិត្យ និងអនុម័តច្បាប់ស្ដីពីការទូទាត់ថវិកាជាតិឆ្នាំ២០១៣ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥។
RFA/Brach Chev
ប្រធានគណបក្សប្រឆាំង រំឭកថ្ងៃនៃការបណ្ដេញលោកចេញពីរដ្ឋសភា កាលពី ៨ឆ្នាំមុន។ លោក សម រង្ស៊ី អះអាងថា ពេលវេលានៅសល់ពីរថ្ងៃទៀតទេជាថ្ងៃខួបដ៏សោកសៅ ដែលលោកត្រូវបានតុលាការក្រុងភ្នំពេញ កាត់ឲ្យមានទោសរឿងដកតម្រុយបង្គោលព្រំដែន គឺនៅថ្ងៃទី១៥ ខែមីនា ហើយត្រូវបានតំណាងរាស្ត្រលើសលប់ពីខាងបក្សកាន់អំណាច បណ្ដេញចេញពីរដ្ឋសភាថែមទៀត។
មន្ត្រីនាំពាក្យពីខាងគណបក្សដែលដឹកនាំរដ្ឋាភិបាលវិញ យល់ឃើញថា អ្នកសាងបញ្ហាពុំមានអ្នកណាក្រៅពី លោក សម រង្ស៊ី ខ្លួនឯងឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សដែលគ្រប់គ្រងអំណាច បានហៅសកម្មភាពរបស់ប្រធានគណបក្សសង្គ្រោះជាតិ ថាជាចលនាទុច្ចរិត និងព្យាយាមបង្កបញ្ហាដែលផ្ទុយពីអ្វីដែលមេបក្សនេះធ្លាប់អះអាងថា នឹងធ្វើឲ្យកម្ពុជា ប្រែក្លាយទៅជាប្រទេសនីតិរដ្ឋ។
ការរិះគន់របស់ លោក សុខ ឥសាន នៅពេលនេះ បន្ទាប់ពី លោក សម រង្ស៊ី មេបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួនគេចពីការតាមចាប់នោះ បានបញ្ចេញសារនយោបាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកផ្ទាល់នៅថ្ងៃទី១២ មីនា ថាទីតាំងតម្រុយបង្គោលព្រំដែនដែលលោកបានដកនោះ បើលោកមិនដកចេញទេ នឹងក្លាយជាដីកម្មសិទ្ធិវៀតណាម។
មន្ត្រីនាំពាក្យរូបនេះឲ្យដឹងទៀតថា លោក សម រង្ស៊ី គឺជាមេដឹកនាំដែលមិនចេះទទួលខុសត្រូវ ហើយភូតកុហក និងក្លែងបន្លំជានិច្ច ជាពិសេសក្នុងរឿងព្រំដែនរវាងកម្ពុជា ជាមួយប្រទេសវៀតណាម។ ម្យ៉ាងវិញទៀត សកម្មភាពដែលមេបក្សប្រឆាំងតែងធ្វើកន្លងមកនេះ គឺជាការអុកឡុក និងបង្កបញ្ហាមិនចេះចប់សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀតផង។ លោកបន្តថា «ទៅបង្គោលព្រំដែនសុំច្បាប់សម្ដេចប្រធានរដ្ឋសភា ថាទៅខេត្តតាកែវ តែផ្ទុយទៅវិញទៅស្វាយរៀង។ អាហ្នឹងហើយគ្រាន់តែឃើញពាក្យសុំច្បាប់ វាទង្វើទុច្ចរិតមួយហើយ។ មិនទាន់ដកបង្គោលក៏វាទុច្ចរិតដែរ។ សុំគេទៅត្បូងដល់ពេលទៅៗកើត។ អាហ្នឹងវាយ៉ាងម៉េច?»។
ជុំវិញរឿងនេះ កាលពីថ្ងៃទី១២ ខែមីនា លោក សម រង្ស៊ី បានសរសេរសារនយោបាយដែលរំឭកពីមូលហេតុ ដែលលោកត្រូវបានសមាជិកសភាបណ្ដេញចេញកាលពីចុងឆ្នាំ២០០៨ ក្រោយពីតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសលោកដាក់ពន្ធនាគារ ១២ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែន នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ បន្ថែមពីលើនេះ លោកឲ្យដឹងថា ទីតាំងតម្រុយបង្គោលព្រំដែនដែលលោកបានដកនោះ សព្វថ្ងៃបានក្លាយជាកម្មសិទ្ធិរបស់ពលរដ្ឋកម្ពុជា ជាស្ថាពរហើយ។ ផ្ទុយទៅវិញ បើលោកមិនបានសើរើទេ ដីនៅចំណុចតម្រុយបង្គោលព្រំដែននោះ នឹងក្លាយជារបស់វៀតណាម ដូចទីតាំងដទៃទៀតដែលកម្ពុជា បានបាត់ជាបន្តបន្ទាប់យ៉ាងដូច្នោះដែរ។
លោក សម រង្ស៊ី ធ្លាប់ជាប់បណ្ដឹងតាមផ្លូវតុលាការជាហូរហែមកហើយក្នុងពេលកន្លងទៅ។ បើទោះបីជាបែបណា នៅនាទីចុងក្រោយ ច្រកចេញរបស់មេដឹកនាំបក្សប្រឆាំងនេះ គឺតែងត្រូវបានត្រូវសម្របសម្រួលផ្នែកនយោបាយជានិច្ច ក៏ប៉ុន្តែបណ្ដឹងជាថ្មីទៀតរបស់ លោក សម រង្ស៊ី លើកនេះវិញ ត្រូវបានអ្នកវិភាគសង្គមមើលឃើញថា ហាក់តឹងតែងបន្តិច។ កន្លងទៅនេះ លោក ហ៊ុន សែន បញ្ជាក់ថា នឹងមិនលើកលែងឲ្យ លោក សម រង្ស៊ី ទៀតឡើយ។ ជំហរដ៏ម៉ឺងម៉ាត់នេះ ត្រូវបាន លោក ហ៊ុន សែន ព្រមានកាត់ដៃលោកចោលថែមទៀត បើលោកនៅតែបន្តចុះហត្ថលេខាក្រោមហេតុផលណាមួយ ឬសម្របសម្រួលផ្នែកនយោបាយឲ្យ លោក សម រង្ស៊ី វិលចូលស្រុកវិញនោះ។
ករណីនេះ ត្រូវបាន លោក សុខ ឥសាន បញ្ជាក់ថា លោក ហ៊ុន សែន បិទផ្លូវ លោក សម រង្ស៊ី លើកនេះ គឺប្រឆាំងការធ្វើខុសម្ដងហើយម្ដងទៀតរបស់ លោក សម រង្ស៊ី ហើយមេដឹកនាំបក្សប្រឆាំងរូបនេះ លែងមានវាសនាបានចូលស្រុកវិញហើយ។ ម្យ៉ាងវិញទៀត ជីវិតនយោបាយរបស់ លោក សម រង្ស៊ី ក៏ត្រូវចប់ត្រឹមនេះដែរ។ លោកបន្តថា «បើឥតមានស៊ីញេ គឺឥតមានលើកលែងទោស បើឥតមានលើកលែងទោស វាឥតមានដំណោះស្រាយក្នុងការឲ្យ លោក សម រង្ស៊ី ចូលស្រុកវិញទេ។ ពីមុនមក គេអនុគ្រោះឲ្យគាត់ដោយសារឲ្យគាត់ចូលមកបូកសំឡេង ដើម្បីកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មកជា ៥០ភាគរយបូក១ តើបានវាមានចូលមកហ្នឹង»។
អ្នកវិភាគនយោបាយមើលឃើញថា ប្រទេសកម្ពុជា ពុំមែនជាប្រទេសដែលជាដៃគូប្រកួតប្រជែងទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយឡើយទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ការមើលឃើញពីផ្នែកសេដ្ឋកិច្ច និងនយោបាយមិនរឹងមាំនេះ ដោយសារអ្នកនយោបាយគេកម្រឃើញគិតគូរ ភាគច្រើនទៅលើការលើកស្ទួយជីវភាពពលរដ្ឋ ក្រៅពីដើម្បីអំណាច និងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធឡើយ។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ ចាត់ទុកថា ការចង់ឈ្នះចាញ់ នឹងមិនធ្វើឲ្យកម្ពុជា ចំណេញអ្វីទាល់តែសោះ ជាពិសេសពលរដ្ឋខ្មែរនឹងរឹតតែខាតបង់ពីការធ្វើនយោបាយនេះ។ លោកមើលឃើញថា ជាទម្លាប់របស់អ្នកនយោបាយខ្មែរ តែងចង់ឱបក្ដាប់អំណាចនៅក្នុងដៃតែម្ខាងៗ។ ទាំងនេះហើយ គឺជាមូលហេតុតែមួយគត់ដែល លោក រស់ រ៉ាវុធ អះអាងថា នឹងរុញច្រានប្រទេសកម្ពុជា នាំឲ្យមានការប្រេះឆាផ្ទៃក្នុង និងចុះអន់ថយពីមួយជំនាន់ទៅមួយជំនាន់ទៀត។ លោកបន្តថា «ពិនិត្យឃើញថាអ្នកនយោបាយខ្មែរច្រើនតែមួយឆ្កឹះនូវភាពគ្មានប្រយោជន៍ ឲ្យប្រជាពលរដ្ឋមើលឃើញ ហើយម្ខាងទៀត គឺការយកច្បាប់មកសៀតស៊ក ដើម្បីដាក់សម្ពាធនយោបាយទៅលើអ្នកនយោបាយ»។
លោក សម រង្ស៊ី សរសេរសារនយោបាយនៅលើបណ្ដាញសង្គមរបស់លោក ដោយលើកជាចម្ងល់ថា ហេតុអីអ្នកការពារទឹកដីត្រូវចាប់ដាក់គុក ដោយឡែកអ្នកធ្វើឲ្យបាត់បង់ទឹកដី ត្រូវរួចខ្លួនទៅវិញ? ក្នុងន័យនេះ មេដឹកនាំបក្សប្រឆាំងចាត់ទុកថា វាជាការចម្លែកណាស់នៅប្រទេសកម្ពុជា សព្វថ្ងៃ៕
No comments:
Post a Comment