Monday, 7 March 2016

សង្គម​ស៊ីវិល​ថា​មិន​ទាន់​មាន​ជំនឿ​លើ​សមត្ថកិច្ច​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ

សង្គម​ស៊ីវិល​ថា​មិន​ទាន់​មាន​ជំនឿ​លើ​សមត្ថកិច្ច​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ
ដោយ សូត សុខប្រាថ្នា
2016-03-07  rfa

សៅ សុខា ២០១៦ ៨៥៥
អគ្គ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា (រូប​ច្រត់​ជង្គង់) ពេល​ចុះ​ត្រួត​ពិនិត្យ​គំនរ​ឈើ​​ក្នុង​បរិវេណ​​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន​ក្នុង​ឃុំ​រលួស ស្រុក​សំបូរ ខែត្រ​ក្រចេះ នៅ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៦។
 RFA/Men Sothyr


មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​រឿង​ធនធាន​ធម្មជាតិ យល់​ថា ការ​ចុះ​ពិនិត្យ​បញ្ហា​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​មួយ​ចំនួន​នៅ​ខេត្ត​នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ពី​សំណាក់​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ នៅ​តែ​មិន​ទាន់​ធ្វើ​ឲ្យ​ពួក​គេ​ពេញ​ចិត្ត​ឡើយ។

ការ​លើក​ឡើង​នេះ ក្រោយ​ពេល​មន្ត្រី​កង​រាជ​អាវុធហត្ថ ដឹក​នាំ​ដោយ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ចុះ​ពិនិត្យ​មើល​ស្ថានភាព​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ភូមិ​ភាគ​ឦសាន ដោយ​ចាប់​ផ្តើម​មុន​គេ​ពី​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី​៧ មីនា។

​កម្លាំង​រាជ​រដ្ឋាភិបាល កំពុង​បំពេញ​ការងារ​ស្រាវជ្រាវ​ទីតាំង​ស្តុក​ទុក​ឈើ​មួយ​ចំនួន ព្រម​ទាំង​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ភូមិ​ភាគ​ឦសាន​ជា​បន្តបន្ទាប់​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​វិញ​នៅ​មិន​ទាន់​មាន​ជំនឿ​ចិត្ត​នៅ​ឡើយ​ទេ។



​ពួក​គេ​មើល​ឃើញ​ថា មក​ទល់​ពេល​នេះ អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​នៅ​ស្រុក​ខ្មែរ អាជ្ញាធរ​មិន​ទាន់​ចាប់​ខ្លួន ពោល​គឺ​ការងារ​របស់​រាជ​រដ្ឋាភិបាល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ដដែល។

​ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ួច ឡេង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ មីនា ថា ការងារ​ចុះ​ត្រួត​ពិនិត្យ​របស់​មន្ត្រី​កង​រាជ​អាវុធហត្ថ គឺ​គ្មាន​អ្វី​ប្លែក​នោះ​ទេ ពីព្រោះ​មុខ​សញ្ញា​រក​ស៊ី​ឈើ​ធំៗ​នៅ​ស្រុក​ខ្មែរ នៅ​តែ​អាច​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​បាន។ បន្ថែម​ពី​នេះ ការងារ​របស់​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ នៅ​ពុំ​ទាន់​បង្ហាញ​លទ្ធផល​ជា​ផ្លូវ​ការ​នៅ​ឡើយ៖ «មាន​សង្ឃឹម​បាន​ទាល់​តែ​គណៈកម្មាធិការ​ហ្នឹង​គាត់​បង្ហាញ​ថា គាត់​ចាប់​ឈ្មួញ​នេះ ឈ្មួញ​នោះ ហើយ​បង្ហាញ​ថា​ឈ្មោះ​ប៉ុន្មាន​គូប​ដែល​ពួក​គេ​ធ្លាប់​រក​ស៊ី​កន្លង​មក»។

​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ដែល​ដឹក​នាំ​ដោយ លោក សៅ សុខា ជា​ប្រធាន​គណៈកម្មាធិការ បាន​ចុះ​ពិនិត្យ​មើល​ស្ថានភាព​បទល្មើស​ឈើ​នៅ​តាម​ខេត្ត​ជាប់​ព្រំ​ប្រទល់​កម្ពុជា-វៀតណាម ដោយ​ចាប់​ផ្ដើម​ពី​ខេត្ត​ត្បូងឃ្មុំ។ ក្នុង​នោះ គឺ​មាន​កិច្ច​ប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ អំពី​លទ្ធផល​ការងារ​របស់​ខ្លួន​កន្លង​មក និង​បញ្ហា​មួយ​ចំនួន​ទៀត។

​រហូត​ដល់​រសៀល​ថ្ងៃ​ទី​៧ មីនា មន្ត្រី​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មិន​បាន​បកស្រាយ​យ៉ាង​ណា​ទេ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។

កាល​ពី​ថ្ងៃ​ទី​៥ មីនា លោក​បាន​បញ្ជាក់​ថា មាន​មនុស្ស ៩​នាក់ ក្នុង​នោះ​មាន​ទាំង​មេការ​ក្រុមហ៊ុន ព្រម​ទាំង​មុខ​សញ្ញា​ឃ្លាំង​ស្តុក​ទុក​ឈើ​មួយ​ចំនួន ត្រូវ​បាន​តុលាការ​ខេត្ត​ត្បូងឃ្មុំ ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ឡើយ។

ចាប់​តាំង​ពី​គណៈកម្មាធិការ​ជាតិ​មួយ​នេះ​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ មករា សកម្មភាព​បទល្មើស​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ត្រូវ​បាន​ទប់ស្កាត់ ហើយ​គំនរ​ឈើ​ប្រណីត​រាប់​ពាន់​ម៉ែត្រ​គូប និង​រាប់​រយ​ដើម ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​នៅ​តាម​ឃ្លាំង​ស្តុក​ឈើ​មួយ​ចំនួន ដូចជា​នៅ​ស្រុក​អូររាំងឪ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ គំនរ​ឈើ​ប្រណីត​របស់​ក្រុមហ៊ុន​វៀតណាម នៅ​ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ជាដើម ប៉ុន្តែ​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​ទាំង​នោះ នៅ​មិន​ទាន់​បាន​ចាប់​ខ្លួន ឬ​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ឡើយ។

លោក អ៊ួច ឡេង លើក​ឡើង​ទៀត​ថា បទល្មើស​ព្រៃ​ឈើ​ជា​បទល្មើស​ជាក់ស្តែង ប៉ុន្តែ​អាជ្ញាធរ​ចេះ​តែ​ពន្យារ​ពេល ក្រោម​ហេតុផល​ថា ធ្វើ​ទៅ​តាម​នីតិវិធី​ដែល​នាំ​ឲ្យ​លោក​យល់​ថា អាច​ជា​មធ្យោបាយ​សម្រាប់​សម្រួល​ឲ្យ​ជន​ល្មើស​ទាំង​នោះ​រួច​ខ្លួន​ប៉ុណ្ណោះ។

ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​១០០ ចែង​ថា សកម្មភាព​ទាំងឡាយ​ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​នគរបាល កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​អន្តរាគមន៍ ឬ​ផ្តល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជួយ​ដល់​អាជីវកម្ម​ព្រៃ​ឈើ និង​គំរាម​កំហែង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ឬ​រារាំង​កិច្ចការ​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ គឺ​ចាត់​ទុក​ជា​បទល្មើស ដោយ​ត្រូវ​ផ្ដន្ទាទោស​ពី ១​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ដល់ ១០០​លាន​រៀល។

ទោះ​បី​ជា​ច្បាប់​បាន​ចែង​ពី​ការ​កំណត់​ទោស​ទណ្ឌ​តឹងរ៉ឹង​បែប​នេះ​ក្ដី ប៉ុន្តែ​មក​ទល់​ពេល​នេះ គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ នៅ​មិន​ទាន់​ចាប់​អ្នក​ជួញ​ដូរ​ឈើ​ខុស​ច្បាប់ ព្រម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ៕

No comments: