Monday, 14 March 2016

មន្ត្រី​អភិរក្ស​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី​គ្រោង​ប្ដឹង​ជន​សង្ស័យ​ប្រមាញ់​សត្វ​ខ្ទីង


មន្ត្រី​អភិរក្ស​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី​គ្រោង​ប្ដឹង​ជន​សង្ស័យ​ប្រមាញ់​សត្វ​ខ្ទីង
ដោយ រដ្ឋា វិសាល
2016-03-14  rfa

មណ្ឌលគិរី ៦១០
រូបសំណាក​គោព្រៃ ២​ក្បាល ជា​និមិត្តរូប​សម្រាប់​សម្គាល់​ខេត្ត​មណ្ឌលគិរី
RFA/Morm Moniroth


សត្វ​ខ្ទីង ដែល​ជា​ប្រភេទ​សត្វ​ព្រៃ​កម្រ​ជិត​ផុត​ពូជ​មួយ​ក្បាល​ទៀត ត្រូវ​គេ​បាញ់​សម្លាប់​យក​សាច់ និង​ស្នែង ខណៈ​ដែល​មន្ត្រី​អភិរក្ស កំពុង​ខិតខំ​អភិរក្ស​សត្វ​ព្រៃ​កម្រ​ទាំង​នោះ។ ការ​រក​ឃើញ​វត្ថុ​តាង​នៃ​ការ​បាញ់​ប្រហារ​សត្វ​ខ្ទីង​មួយ​ក្បាល​ថ្មី​នេះ ជា​សញ្ញា​បង្ហាញ​ថា សត្វ​ខ្ទីង​ក្នុង​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី កាន់​តែ​រងគ្រោះ​អាច​នឹង​ផុត​ពូជ​នៅ​ថ្ងៃ​អនាគត។

មន្ត្រី​អង្គការ​មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ (WWF = Worldwide Fund for Nature) កំពុង​រៀបចំ​ឯកសារ​វត្ថុ​តាង​ប្ដឹង​ជន​សង្ស័យ ៥​នាក់ ក្នុង​នោះ ៤​នាក់​ជា​មន្ត្រី​យោធា​វរៈ​ការពារ​ព្រំដែន​លេខ​១០៣ ប្រចាំ​ស្រុក​កោះញែក ទៅ​ស្ថាប័ន​អយ្យការ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី និង​ម្នាក់​ជា​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បន្ទាប់​ពី​រក​ឃើញ​សត្វ​ខ្ទីង​ធំ​មួយ​ក្បាល ត្រូវ​គេ​សម្លាប់។

ជន​សង្ស័យ​ពាក់ព័ន្ធ​សម្លាប់​សត្វ​ខ្ទីង​នេះ មិន​ត្រូវ​បាន​មន្ត្រី​អង្គការ​អភិរក្ស​ធម្មជាតិ​បញ្ចេញ​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​នោះ​ទេ ក៏ប៉ុន្តែ​វត្ថុ​តាង​ដូចជា​សាច់ និង​ក្បាល​សត្វ​ខ្ទីង​ដែល​គេ​សម្លាប់ ត្រូវ​បាន​មន្ត្រី​អភិរក្ស​រក​ឃើញ​ហាល​នៅ​ចម្ងាយ ៨០​ម៉ែត្រ​ពី​ទីតាំង​ឈរ​ជើង​របស់​មន្ត្រី​យោធា កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា។



មន្ត្រី​ព័ត៌មាន​អង្គការ​មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ លោក អិន ចក្រី ហៅ​ការ​បាញ់​ប្រហារ​សត្វ​ខ្ទីង​មួយ​ក្បាល​នេះ ថា​ជា​ទង្វើ​បំផ្លាញ​សត្វ​ព្រៃ​កម្រ និង​ជិត​ផុត​ពូជ ដែល​ត្រូវ​តែ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ ដើម្បី​ស៊ើប​អង្កេត និង​ផ្ដន្ទាទោស​ជន​ដែល​បាន​បាញ់​ប្រហារ​សត្វ​ព្រៃ​ដែល​ច្បាប់​បាន​ហាម​ឃាត់។ ជាង​នេះ​ទៀត លោក​បង្ហាញ​ការ​បារម្ភ​ចំពោះ​វិនាសកម្ម​សត្វ​ព្រៃ​កម្រ ដោយសារ​តែ​ការ​ប្រមាញ់​សត្វ​ព្រៃ និង​ការ​លក់​ដូរ​សត្វ​ព្រៃ ដែល​កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន៖ «សត្វ​ទាំងអស់​ហ្នឹង​វិវឌ្ឍន៍​ទៅ​រក​ផុត​ពូជ បើ​សិន​មិន​មាន​ការ​ទប់ស្កាត់​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​ទប់ស្កាត់​របស់​យើង​មាន​ទាំង​ការ​អនុវត្ត​ច្បាប់ និង​ការ​ពង្រឹង​ច្បាប់​នៅ​តំបន់​ហ្នឹង​ឲ្យ​បាន​តឹងរ៉ឹង និង​ចូលរួម​ចំណែក​ពី​ប្រជាជន​ទូទៅ។ ប្រសិន​គ្មាន​តម្រូវ​ការ​ហូប​សត្វ​ទាំង​ហ្នឹង​ទេ ការ​បរបាញ់​ក៏​អាច​កាត់​បន្ថយ​ច្រើន»។

តំបន់​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី មាន​ផ្ទៃដី​ជាង ៣៧​ម៉ឺន​ហិកតារ មាន​ព្រៃ​ល្បោះ ព្រៃ​ពាក់​កណ្ដាល​ស្រោង និង​ព្រៃ​ស្រោង មាន​លក្ខណៈ​ដ៏​សមស្រប​បំផុត លាត​សន្ធឹង​រហូត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម។ ព្រៃ​នេះ​ជា​ជម្រក​រស់នៅ​របស់​ពពួក​សត្វ​ព្រៃ​គ្រប់​ប្រភេទ ក្នុង​នោះ​មាន​ថនិកសត្វ​ប្រមាណ ៨០​ប្រភេទ សត្វ​ស្លាប​ប្រមាណ ៣៧​ប្រភេទ និង​ឧរង្គសត្វ​ប្រមាណ ៥០​ប្រភេទ ក្នុង​នោះ​ក៏​មាន​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ប្រមាណ ១៨​ប្រភេទ​ផង​ដែរ។

កាល​ពី​ខែ​ឧសភា ឆ្នាំ​កន្លង​ទៅ ក្រុម​ល្បាត​ព្រៃ រួម​មាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ រួម​ជាមួយ​ប្រជា​សហគមន៍​មូលដ្ឋាន​មាន​គ្នា ៧៧​នាក់ បាន​សហការ​គ្នា​ចុះ​ល្បាត​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី រយៈពេល​ជាង​មួយ​សប្ដាហ៍ ក្នុង​គោល​បំណង​បង្កើន​សមត្ថភាព​មន្ត្រី​ជំនាញ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ និង​ជា​យុទ្ធសាស្ត្រ​ប្រមូល​អន្ទាក់ ឧបករណ៍​ឆក់​គ្រប់​ប្រភេទ​ក្នុង​ព្រៃ និង​ជា​ការ​លើក​ទឹក​ចិត្ត​មន្ត្រី​ជំនាញ​ដែល​កំពុង​បំពេញ​ភារកិច្ច​ទប់ស្កាត់​បទល្មើស​ជាក់ស្តែង​ក្នុង​ព្រៃ​ការពារ​នៅ​ទូទាំង​ប្រទេស។

ប្រធាន​សហគមន៍​អភិរក្ស​ធនធាន​ធម្មជាតិ ស្រុក​លំផាត់ ខេត្ត​រតនគិរី មាន​ភូមិសាស្ត្រ​ក្បែរ​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី លោក តន់ ជាង បញ្ជាក់​ឲ្យ​ដឹង​ថា ការ​បំផ្លាញ​សត្វ​ព្រៃ​នៅ​តំបន់​ព្រៃ​ការពារ កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ សូម្បី​ពលរដ្ឋ​វៀតណាម ក៏​ត្រូវ​បាន​តម្រួត​ព្រំដែន​ឃុបឃិត​ឲ្យ​ឆ្លង​ចូល​មក​ព្រៃ​ការពារ ដើម្បី​ប្រមាញ់​សត្វ​ព្រៃ ឬ​នេសាទ​ត្រី​ក្នុង​តំបន់​អភិរក្ស​នេះ​ដែរ។ លោក​កត់​សម្គាល់​ថា អាវុធ​កែច្នៃ និង​អាវុធ​របស់​កង​ប្រដាប់​អាវុធ រួម​ទាំង​ឧបករណ៍​ឆក់ ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ប្រមាញ់​សត្វ​ព្រៃ និង​មច្ឆជាតិ​នៅ​ក្នុង​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី រហូត​បច្ចុប្បន្ន៖ «ឥឡូវ​នៅ​តែ​ដដែល​ទេ ដាក់​អន្ទាក់​ច្រើន​តែ​វៀតណាម។ អ្នក​ធ្វើ​ចម្ការ​តិចតួច​ទេ​នៅ​កន្លែង​ហ្នឹង។ ធម្មតា​ទេ​នៅ​ព្រៃ ហើយ​មិន​ដែល​ថា​មិន​បាញ់​សត្វ​ទេ​កាំភ្លើង​មាន»។

ប្រធាន​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី លោក ឡុង ប៊ុង ធ្លាប់​បាន​បញ្ជាក់​ថា មន្ត្រី​ព្រៃ​ឈើ ១០​នាក់ និង​ប៉ូលិស ១១​នាក់ ត្រូវ​បាន​ចាត់​ឲ្យ​អភិរក្ស​នៅ​ទីស្នាក់ការ​ចំនួន​៥ ក្នុង​ព្រៃ​ការពារ ដើម្បី​ទប់ស្កាត់​បទល្មើស ក៏ប៉ុន្តែ​លោក​ថា នៅ​រដូវ​វស្សា ការ​ធ្វើ​ដំណើរ​ល្បាត​ក្នុង​ព្រៃ​ជួប​ការ​លំបាក​ខ្លាំង ជាពិសេស​ការ​ដឹក​ជញ្ជូន​ស្បៀង​សម្រាប់​ក្រុម​ល្បាត ត្រូវ​ដឹក​ជញ្ជូន​ដោយ​មធ្យោបាយ​សត្វ​ដំរី ទើប​អាច​ធ្វើ​ទៅ​បាន។ ករណី​នេះ ជា​បញ្ហា​ប្រឈម​របស់​ក្រុម​អភិរក្ស ដើម្បី​ទប់ស្កាត់​ការ​ប្រមាញ់​សត្វ​ព្រៃ​ទាំង​នោះ៖ «បញ្ហា​សំខាន់ បារម្ភ​ខ្លាំង​គឺ​បទល្មើស​ដាក់​អន្ទាក់​សត្វ។ ឥឡូវ​នេះ​យើង​ដាក់​កម្លាំង​ល្បាត​នៅ​តាម​ចំណុច​ទាំង​៥ របស់​យើង​ក្នុង​ព្រៃ​ហ្នឹង ប៉ុន្តែ​បញ្ហា​ប្រឈម​ទៅ​មុខ​ហ្នឹង គឺ​រដូវ​ភ្លៀង ការ​ធ្វើ​ដំណើរ​លំបាក។ អ៊ីចឹង​បាន​តែ​ដំណើរ​ថ្មើរ​ជើង​សុទ្ធ​ទេ ការ​ជិះ​ម៉ូតូ​ក្នុង​ព្រៃ​មិន​កើត​ទេ»។

ជុំវិញ​ការ​បាញ់​សម្លាប់​សត្វ​ខ្ទីង​មួយ​ក្បាល​ថ្មី​នេះ អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក មឹង សុចន្ថា ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​កំពុង​ចាត់​វិធានការ​ឲ្យ​មន្ត្រី​ជំនាញ​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ លោក​ថា អាជ្ញាធរ​បាន​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​មន្ត្រី​រាជការ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ធនធាន​ធម្មជាតិ ជាពិសេស​សត្វ​ព្រៃ និង​ព្រៃ​ឈើ។ ហេតុ​នេះ វិធានការ​ផ្លូវ​ច្បាប់ នឹង​ត្រូវ​យក​មក​អនុវត្ត​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​នៅ​តែ​បំផ្លាញ​ធនធាន​ធម្មជាតិ៖ «គ្រប់​បទល្មើស យើង​ត្រូវ​តែ​ចាត់​វិធានការ​ទប់ស្កាត់ ការពារ​ឲ្យខាងតែ​បាន ធនធាន​របស់​យើង។ ពេល​ខ្លះ​យើង​បាន​ផ្សព្វផ្សាយ​ណែនាំ​ឲ្យ​គាត់​ចេះ​ស្រឡាញ់​ធនធាន​ធម្មជាតិ ឲ្យ​គាត់​ឈប់​សម្លាប់​សត្វ​ព្រៃ ក៏​ដូច​ព្រៃ​ឈើ ជាដើម»។

ច្បាប់​ស្ដីពី​ព្រៃ​ឈើ តម្រូវ​ឲ្យ​ផ្ដន្ទាទោស​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បរបាញ់​សម្លាប់ ធ្វើ​ពាណិជ្ជកម្ម ឬ​នាំ​ចេញ​ប្រភេទ​សត្វ​ក្រុម​ជិត​ផុត​ពូជ។ ប្រសិន​ជន​នោះ​មិន​រាង​ចាល នឹង​ត្រូវ​ផ្ដន្ទាទោស​ទ្វេ​ដង។

កាល​ពី​ឆ្នាំ​២០១៥ អន្ទាក់​ប្រភេទ​ខ្សែ​កាប​ជាង ១០០​អន្ទាក់ និង​ដង​អន្ទាក់​ជិត ២០០​ដង ត្រូវ​បាន​ក្រុម​ល្បាត​ព្រៃ​រក​ឃើញ​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី។ ក្រុម​ល្បាត​ក៏​បាន​ប្រទះ​ឃើញ​សំណាក​ក្បាល​ដំរី​ពីរ​ក្បាល ទន្សោង​ពីរ​ក្បាល ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់ និង​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ជា​ព្រាន​ប្រមាញ់​សត្វ​ព្រៃ ១៧​នាក់ រួម​ជាមួយ​វត្ថុ​តាង​អន្ទាក់ ២២​អន្ទាក់​បន្ថែម​ទៀត នៅ​កន្លែង​ផ្សេងៗ​គ្នា​ក្នុង​តំបន់​ព្រៃ​ការពារ ក៏ប៉ុន្តែ​មន្ត្រី​ជំនាញ បាន​តម្រូវ​ឲ្យ​ព្រាន​ប្រមាញ់​ទាំង​នោះ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បរបាញ់ ហើយ​អប់រំ​ឲ្យ​វិល​ទៅ​លំនៅឋាន​វិញ៕

No comments: