Manekseka Sangkum:
There must be appropriate equivalents in the Khmer language for words like "standard", "service" etc. so why adopt these non-Khmer words when referring to the same things, unless where it is absolutely necessary to do so? Civil group leaders, the press and public opinion makers as well as educators can set examples for others to follow. Thank you!
NB; I will certainly tell School of Vice to refrain from representing Khmer words in Roman characters...
....
សង្គមស៊ីវិលរិះគន់អង្គភាពប្រឆាំងអំពើពុករលួយថាអនុវត្តការងារមានស្តង់ដារពីរ
ដោយ សេក បណ្ឌិត
2016-04-07
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា (ឆ្វេង) និងប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោក សុក សំអឿន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។
Photo: RFA
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលចង់ឲ្យអង្គភាពប្រឆាំងអំពើពុករលួយ អនុវត្តការបើកកញ្ចប់ឯកសារប្រកាសទ្រព្យសម្បត្តិរបស់អ្នកនយោបាយ ដោយតម្លាភាព យុត្តិធម៌ និងស្មើភាពគ្នា។
អង្គការសង្គមស៊ីវិលមើលឃើញថា ការបើកយុទ្ធនាការស្វែងរកអំពើពុករលួយក្នុងចំណោមអ្នកនយោបាយនៅពេលនេះ ហាក់មិនទាន់មានស្តង់ដារមួយរួមនៅឡើយ។
នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីយប់ ថ្ងៃពុធ ទី៦ ខែមេសា បញ្ជាក់ថា បើអង្គភាពប្រឆាំងអំពើពុករលួយចង់ឲ្យពលរដ្ឋមានទំនុកចិត្តចំពោះវិធានស្វែងរកអំពើពុករលួយ ដូចជាការបើកកញ្ចប់ឯកសារប្រកាសទ្រព្យសម្បត្តិរបស់ កឹម សុខា ជាដើមនោះ គឺត្រូវធ្វើទៅលើរដ្ឋមន្ត្រីផ្សេងទៀតក្នុងរដ្ឋាភិបាលដែរ ដើម្បីបញ្ជាក់ពីតម្លាភាព។
ក៏ប៉ុន្តែ បច្ចុប្បន្ននេះលោកមើលឃើញថា ស្ទើរតែគ្រប់បញ្ហាដែលកើតលើអ្នកនយោបាយ ជាពិសេសទៅលើគណបក្សប្រឆាំង គឺស្ថាប័នមួយនេះច្រើនតែអនុវត្តតាមស្តង់ដារផ្សេងគ្នា ហើយករណីនេះធ្វើឲ្យមានការរិះគន់ច្រើនលើរដ្ឋាភិបាល៖ «ធ្វើរបៀបហ្នឹងវាទៅជាស្តង់ដារពីរ អាហ្នឹងមានបញ្ហាហើយ ប៉ុន្តែខ្ញុំមើលឃើញថា នៅប្រទេសកម្ពុជា មានមូលហេតុទាក់ទិននឹងនយោបាយច្រើនតែប្រើស្តង់ដារពីរ»។
លោកបន្តថា ការដែលអនុវត្តស្តង់ដារពីរផ្សេងគ្នានេះ ដោយសារប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មិនមែនជាបុគ្គលឯករាជ្យ៖ «បានន័យថា តួនាទីក្នុងរដ្ឋាភិបាលគាត់ជាមន្ត្រីបក្សកាន់អំណាច និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អ៊ីចឹងនៅក្នុងតួនាទីគាត់នេះច្បាប់អត់បានតែងពីវិសមភាព ប៉ុន្តែក្នុងន័យច្បាប់ពិតជាមានទំនាស់គ្នាហើយទៅលើពាក្យថា ឯករាជ្យ ពីព្រោះគាត់មិនអាចឯករាជ្យពីខាងនយោបាយ និងរដ្ឋាភិបាលបានទេ»។
ចំណែកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មើលឃើញដែរថា ការដែលបើកសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់លោក កឹម សុខា ដោយគ្រាន់តែផ្អែកលើការបែកធ្លាយខ្សែអាត់សំឡេងទាក់ទងរឿងស្នេហា ហើយដែលខ្សែអាត់នោះត្រូវជនមិនស្គាល់មុខលួចថតទៀតនោះ គឺជាគោលដៅនយោបាយ ច្រើនជាងការស្វែងរកអំពើពុករលួយ៖ «បើសិនជាយុទ្ធនាការកាត់បន្ថយអំពើពុករលួយមែន គេត្រូវរៀបចំច្បាប់ហ្នឹងជាចំហ ហើយទាំងគ្រួសារទៅទៀត និងត្រូវស៊ើបអង្កេតជាប្រចាំ ហើយអង្គភាពប្រឆាំងអំពើពុករលួយមិនត្រូវនៅក្រោមនាយករដ្ឋមន្ត្រីនោះទេ»។
លោកបន្តថា បើជាគោលដៅស៊ើបអង្កេតដោយយុត្តិធម៌មែននោះ មិនគួរចាំបាច់មានពាក្យបណ្ដឹងក៏គេអាចធ្វើទៅបានដែរ។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងមន្ត្រីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយ ជុំវិញបញ្ហានេះបាននៅឡើយ។
ទាក់ទងបញ្ហានេះដែរ ប្រធានក្រុមអ្នកច្បាប់នៃអង្គការអមរិន្ទ្រ លោកមេធាវី សុក សំអឿន បារម្ភខ្លាចអ្នកយោបាយនាំគ្នាអនុវត្តច្បាប់ប្រកាសទ្រព្យសម្បត្តិនេះ ខុសពីន័យដើមរបស់វាដែលធ្វើឲ្យសង្គមច្របូកច្របល់។ លោកថា ន័យដើមរបស់ច្បាប់នេះ គឺគេមិនសំដៅឲ្យទៅដល់ការសើរើ ឬស្រាវជ្រាវបន្ថែមទៅលើទ្រព្យសម្បត្តិចាស់ ដែលបានប្រកាសដោយដាក់ក្នុងស្រោមសំបុត្របិទជិតនោះទេ៖ «ប៉ុន្តែគេធ្វើការប្រៀបធៀបនឹងទ្រព្យថ្មីវិញ ក្រោយពីអ្នកនោះចូលធ្វើការបានមួយរយៈ ក៏មានបញ្ហាត្រូវធ្វើការស៊ើបអង្កេតនោះ តើទ្រព្យថ្មីអីខ្លះដែលចូលមក? ហើយអាហ្នឹងដែលជាមូលដ្ឋានក្នុងការស៊ើបអង្កេត»។
អង្គភាពប្រឆាំងអំពើពុករលួយ បានបើកស្រោមសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៥ ខែមេសា។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានប្រាប់សារព័ត៌មានថា ក្រុមជំនាញរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានពិនិត្យមើលបញ្ជីទ្រព្យសម្បត្តិរបស់លោក កឹម សុខា ដែលបានប្រកាសទាំងបីលើកកន្លងមក និងកំពុងធ្វើការសង្ខេបពីលទ្ធផលនេះ។ លោកបន្តថា ការពិនិត្យមើល និងផ្ទៀងផ្ទាត់នេះ ដើម្បីបញ្ជាក់ថា តើការប្រកាសទ្រព្យសម្បត្តិនោះត្រឹមត្រូវ ឬមិនត្រឹមត្រូវ?
លទ្ធផលនៃការពិនិត្យលើឯកសារប្រកាសទ្រព្យសម្បត្តិនេះ គេគ្រោងប្រកាសឲ្យដឹងការពិតនៅក្នុងសប្ដាហ៍នេះ៕
No comments:
Post a Comment