Thursday, 7 April 2016

សហគមន៍​ខេត្ត​រតនគិរី​អះអាង​ថា​ឈើ​មូល​ត្រូវ​គេ​លួច​កាប់​នៅ​តំបន់​ជាប់​ព្រំដែន​វៀតណាម


សហគមន៍​ខេត្ត​រតនគិរី​អះអាង​ថា​ឈើ​មូល​ត្រូវ​គេ​លួច​កាប់​នៅ​តំបន់​ជាប់​ព្រំដែន​វៀតណាម
ដោយ រដ្ឋា វិសាល
2016-04-07

កាប់​ឈើ​មូល​ខេត្ត​រតនគិរី ៨៥៥
១៣-មករា-២០១៦៖ ឈើ​មូល​ដែល​គេ​កាប់​រំលំ​នា​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។
 រូបភាព​សហគមន៍


សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ រស់នៅ​ភូមិ​ភិ ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ អះអាង​ថា បាន​ប្រទះ​ឃើញ​ឈើ​មូល​ប្រមាណ ១០០​ដើម ត្រូវ​គេ​កាប់​ទុក​នៅ​រាយប៉ាយ​ក្នុង​ព្រៃ​សហគមន៍​ជាប់​នឹង​តំបន់​ព្រំដែន​ប្រទេស​វៀតណាម។ អ្នក​ភូមិ​ដាក់​ការ​សង្ស័យ​ទៅ​លើ​ពលរដ្ឋ​វៀតណាម និង​តម្រួត​ព្រំដែន​នៅ​តំបន់​នោះ គឺ​ជា​អ្នក​ពាក់ព័ន្ធ​កាប់​យក​ឈើ​ក្នុង​ព្រៃ​អភិរក្ស។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ភិ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ទប់ស្កាត់​ជា​បន្ទាន់​ករណី​លួច​កាប់​ឈើ​មូល​រាប់​រយ​កំណាត់​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ភូមិ​ភិ ចំណុច​ខាង​ក្រោម​ប៉ុស្តិ៍​ការពារ​ព្រំដែន​ណងដា ឋិត​ក្នុង​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ជាប់​នឹង​ប្រទេស​វៀតណាម។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​ភូមិ​ភិ នាំ​គ្នា​ល្បាត​ព្រៃ ហើយ​ប្រទះ​ឃើញ​ឈើ​មូល​ត្រូវ​គេ​លួច​អារ​រំលំ​កាត់​ចុង និង​គល់ បន្សល់​ទុក​នៅ​ក្នុង​ព្រៃ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ភិ លោក សេវ ទូច មាន​ប្រសាសន៍​ថា ឈើ​ដែល​គេ​អារ​រំលំ​មាន​មុខ​កាត់​ពី ៥ ទៅ ៦​តឹក​ប្រវែង ២,៥​ម៉ែត្រ​ទៅ ៣​ម៉ែត្រ។ ឈើ​នេះ​ទំនង​ជា​ពលរដ្ឋ​វៀតណាម ឬ​តម្រួត​ព្រំដែន​ខ្មែរ​នៅ​តំបន់​នោះ លួច​កាប់ ហើយ​លួច​ដឹក​ជញ្ជូន​ឆ្លង​ទឹក​ទន្លេ​ជា​តំបន់​ព្រំដែន​ចូល​ទៅ​ប្រទេស​វៀតណាម។ លោក​ថា ព្រៃ​ឈើ​សហគមន៍​នៅ​តំបន់​នោះ ជា​ញឹកញាប់​ត្រូវ​បាន​គេ​លួច​កាប់​នៅ​វេលា​យប់៖ «គេ​លក់​ទៅ​វៀតណាម ឈើ​ច្រើន​គេ​មិន​ទាន់​ដឹក​ចេញ​ទេ នៅ​ក្នុង​ព្រៃ​បម្រុង​ទុក​សហគមន៍។ គេ​កាប់​នោះ​មួយ​ដើម នេះ​មួយ​ដើម ខាង​លើ​ប៉ុស្តិ៍​ក៏​មាន ក្រោម​ប៉ុស្តិ៍​ក៏​មាន»។



សហគមន៍​ភូមិ​ភិ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​រក​ឃើញ​ឈើ​មូល​ដែល​គេ​កាត់​គល់ និង​ចុង ហើយ​អារ​ជា​ឈើ​ជ្រុង ២៥​ដើម​ក្នុង​ចំណោម​ឈើ​ច្រើន​ដើម​ផ្សេង​ទៀត ត្រូវ​បាន​គេ​យក​ទៅ​ទម្លាក់​ក្នុង​ទឹក​ទន្លេ​មុខ​ប៉ុស្តិ៍​តម្រួត​ការពារ​ព្រំដែន​៧០៩។ ការ​រក​ឃើញ​ឈើ​ក្នុង​ទឹក​នេះ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន គំរាម​មិន​ឲ្យ​សហគមន៍​រឹប​អូស​ឈើ​នោះ​ទេ ដោយ​សំអាង​ថា សហគមន៍​គ្មាន​សិទ្ធិ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នោះ​ឡើយ។

ចំណែក​ស្នងការ​រង​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រតនគិរី លោក ហេង រតនា អះអាង​ដែរ​ថា បាន​ឃើញ​រូបភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​នោះ ត្រូវ​គេ​បង្ហោះ​តាម​បណ្ដាញ​ព័ត៌មាន​សង្គម។

ទាក់ទិន​ការ​រក​ឃើញ​ឈើ​មូល​ថ្មីៗ​ត្រូវ​គេ​លួច​កាប់​នេះ អភិបាល​រង​ខេត្ត និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា អ្នក​ពាក់ព័ន្ធ​កាប់​ឈើ​មួយ​ផ្នែក គឺ​ប្រជាពលរដ្ឋ​តំបន់​នោះ​ដែល​បាន​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន​កាប់​ឈើ​សាងសង់​លំនៅឋាន និង​ដោយឡែក​សកម្មភាព​លួច​កាប់​ឈើ​នេះ ក៏​ទាក់ទិន​ទៅ​នឹង​ជន​ល្មើស​ដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​មុខ​សញ្ញា៖ «ក្នុង​ហ្នឹង​ក៏​មាន​ផ្នែក​មួយ​ដែរ​ដែល​យើង​កំពុង​តាម​រក​មុខ ខ្ញុំ​ឲ្យ​នគរបាល​ព្រំដែន​ត្រួត​ពិនិត្យ​ឲ្យ​មែន​ទែន​បទល្មើស​ដែល​យើង​ឃើញ​មាន​ក្រៅ​ពី​សហគមន៍ ដែល​គាត់​កាប់»។

ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក កែប កត់ មាន​ប្រសាសន៍​ដែរ​ថា សហគមន៍​មិន​បាន​ផ្តល់​ព័ត៌មាន​នេះ​មក​មន្ត្រី​ព្រៃ​ឈើ​នៅ​ឡើយ។ យ៉ាង​ណា លោក​ថា​នឹង​ចាត់​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​នៅ​តំបន់​នោះ៖ «ចាំ​ខ្ញុំ​ចាត់​មន្ត្រី​ចុះ​ទៅ​មើល​ណងដា គ្មាន​បាន​ទទួល​របាយការណ៍​ពី​គាត់​សោះ»។

កាល​ពី​ឆ្នាំ​២០១៣ សហគមន៍​ភូមិ​ភិ ឲ្យ​ដឹង​ថា ពលរដ្ឋ​វៀតណាម បី​នាក់​បាន​ឆ្លង​ដែន​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​ជាប់​ព្រំដែន ដោយ​មាន​ការ​ការពារ​ពី​តម្រួត​ព្រំដែន​ខ្មែរ​នៅ​តំបន់​នោះ។ ករណី​នេះ អ្នក​ភូមិ​ចាប់​បាន​ជនជាតិ​វៀតណាម បី​នាក់ និង​បាន​ពិន័យ​ជា​ប្រាក់ ២​ពាន់​ដុល្លារ​ជា​សំណង​សែន​ព្រេន​បែប​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សហគមន៍​ភូមិ​ភិ ឲ្យ​ដឹង​ថា ឈើ​ថ្មីៗ​ដែល​គេ​កាប់​នៅ​តំបន់​ខាង​ក្រោម​ប៉ុស្តិ៍​ការពារ​ព្រំដែន​ណងដា ត្រូវ​គេ​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម ប្រសិន​អាជ្ញាធរ​ខេត្ត​យឺតយ៉ាវ​មិន​ទប់ស្កាត់៕

No comments: