លោក ស៊ុត ឌីណា ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅគុកព្រៃស
ដោយ ម៉ម មុនីរតន៍
2016-04-07
លោក ស៊ុត ឌីណា (រូបកណ្ដាល)ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ពេលនាំខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦។ RFA/Rann Samnang
RFA/Rann Samnang
មន្ត្រីពន្ធនាគារព្រៃស ដែលសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅទីនោះកាលពីព្រលប់ថ្ងៃទី៧ មេសា នៅក្នុងអគារ B បន្ទប់លេខ១៥ ជាប់បន្ទប់មន្ត្រីគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ឃុំដែរនោះ។
លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកម៉ោង ៩កន្លះ ថ្ងៃទី៧ មេសា ដើម្បីសាកសួរ។ លោក ស៊ុត ឌីណា បានស្រែកថា រឿងនេះ «អយុត្តិធម៌ណាស់ចំពោះរូបខ្ញុំ»។
អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួន លោក ស៊ុត ឌីណា កាលពីថ្ងៃទី៤ មេសា វេលាម៉ោង ៧យប់ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ។
យ៉ាងណាក៏ដោយ ក្រុមគ្រួសាររបស់ លោក ស៊ុត ឌីណា នៅមិនទាន់ជឿថា លោក ស៊ុត ឌីណា ប្រព្រឹត្តអំពើពុករលួយដូចការចោទប្រកាន់នោះទេ ដោយពួកគាត់ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពិនិត្យមើលសំណុំរឿងនេះឡើងវិញ។
No comments:
Post a Comment