ជំនួយការបុរសខ្លាំងម្នាក់ប្រកាសនាំមនុស្ស៥.០០០នាក់ដង្ហែញត្តិគាំទ្រ ACU ដែលបានកសាងសំណុំរឿងសកម្មជនសិទ្ធិមនុស្សឲ្យជាប់គុក

Posted by DTN7 on May 5, 2016 Deum Tnot News
ប្រភពស្និទ្ធនឹងក្រុមយុវជនគាំទ្រគណបក្សប្រជាជនកម្ពុជា បានបង្ហើបប្រាប់ឲ្យដឹងថា លោក ប៉ាន់ខែម ប៊ុនថន ដែលគេស្គាល់ថា ជានាយកប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព (អតីតក្រុមសម្ព័ន្ធសេនានាគ) និងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងដាក់ពាក្យស្នើសុំទៅសាលារាជធានីភ្នំពេញ ដើម្បីដឹកនាំមនុស្សរបស់ខ្លួនចំនួនប្រមាណ៥.០០០នាក់ ដង្ហែញត្តិគាំទ្រអង្គភាពប្រឆាំងអំពើពុករលួយ(ACU) មានឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាជាប្រធាន ដែលបានចាត់ការកសាងសំណុំរឿងយ៉ាងក្តៅគគុក ប្រឆាំងលើសកម្មជនសិទ្ធិមនុស្ស និងមន្ត្រីអង្គការសង្គមស៊ីវិលចំនួន៥នាក់ ឲ្យជាប់គុកនាពេលកន្លងទៅថ្មីៗនេះ។
គម្រោងការរបស់ជំនួយការបុរសខ្លាំងរូបនេះ គឺកើតឡើង បន្ទាប់ពីមានក្រុមមនុស្សអះអាងថា ជាតំណាងឲ្យប្រជាពលរដ្ឋ យុវជន និងស្ត្រីចំនួន៥.២០៩នាក់ ដាក់សំណើជូនសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ សុំដង្ហែញត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយ មានអ្នកចូលរួមហែប្រមាណ២.០០០នាក់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ខាងមុខ ដើម្បីស្នើសុំ ACUឲ្យបញ្ឈប់ការគំរាមកំហែង ធ្វើទុក្ខបុកម្នេញមកលើសកម្មជនសិទ្ធិមនុស្ស និងមន្ត្រីអង្គការសង្គមស៊ីវិល តាមរយៈការចោទប្រកាន់ផ្សេងៗ និងបញ្ឈប់ការអនុវត្តតួនាទីរបស់ខ្លួនដែលមានលក្ខណៈស្តង់ដារពីររួចមក ។
សូមបញ្ជាក់ជូនថា លោក ប៉ាន់ខែម ប៊ុនថន ដែលគេស្គាល់ថា ជាបុគ្គលិកបម្រើការងារនៅទូរទស្សន៍អប្សរារបស់គណបក្សប្រជាជនកម្ពុជាផង និងជានាយកប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព(អតីតក្រុមសម្ព័ន្ធសេនានាគ)ផង ត្រូវបានតែងតាំងជាជំនួយការបុរសខ្លាំង ជានាយករដ្ឋមន្ត្រី មានឋានៈស្មើអគ្គនាយករង ដោយអនុក្រឹត្យរបស់រាជដ្ឋាភិបាលលេខ៤៨៥អនក្រ.តត ចុះថ្ងៃទី០៧ខែឧសភា ឆ្នាំ២០១៥ ។ លើសពីនេះ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព មានឯកឧត្តម ជុំ កុសល ទីប្រឹក្សាផ្ទាល់បុរសខ្លាំងមានឋានៈ ស្មើរដ្ឋលេខាធិការ(តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩១៣ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣) ជាប្រធានកិត្តិយសទៀតផង ។
ក្នុងព្រឹត្តិការណ៍បាតុកម្មហិង្សាទាមទារទម្លាក់តំណែងឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ពីអនុប្រធានទី១រដ្ឋសភា នីតិកាលទី៥ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅក្បែរវិមានរដ្ឋសភា បណ្តាលឲ្យអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិចំនួន២នាក់ គឺឯកឧត្តម ញ៉យ ចំរើន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងឯកឧត្តម គង់ សភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង រងរបួសធ្ងន់ធ្ងររហូតចូលសម្រាកពេទ្យព្យាបាលនោះ ក៏មានវត្តមានលោក ប៉ាន់ខែម ប៊ុនថន ជាជំនួយការបុរសខ្លាំងចូលរួមដឹកនាំយ៉ាងសកម្មផងដែរ ៕
No comments:
Post a Comment