Tuesday, 7 June 2016
អ្នកភូមិនាំគ្នាផ្អើលទៅជីកដីស្រែរកមាស
អ្នកភូមិកំពុងនាំគ្នាជីកកកាយដីស្រែស្វែងរកមាសកាលពីសប្តាហ៍មុន។ រូបថត ហ្វេសប៊ុក
អ្នកភូមិនាំគ្នាផ្អើលទៅជីកដីស្រែរកមាស
Mon, 6 June 2016 ppp
នៀម ឆេង
តាកែវៈ ពលរដ្ឋរស់នៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរីបាននាំគ្នាផ្អើលជីកដីវាលស្រែដែលជាអតីតរាជធានីកាលពីសម័យបុរាណដើម្បីរុករកវត្ថុមានតម្លៃក្រោយពេលពលរដ្ឋមួយចំនួនមានសំណាងបានប្រទះឃើញមាសនៅលើទីតាំងនោះកាលពីសប្តាហ៍មុន។
លោក ណុប ឌល មេឃុំព្រៃផ្ទោលបានឲ្យដឹងកាលពីម្សិលមិញថាការសម្រុកទៅជីកកកាយរកមាសនេះកើតមានឡើងក្រោយពេលអ្នកភូមិមួយចំនួនបានប្រទះឃើញដុំមាសតូចៗខ្លះនៅលើដីអាចម៍បំណះពេលពួកគេត្រឡប់ពីឃ្វាលគោកាលពីថ្ងៃទី ២ ខែមិថុនា។ ការប្រទះឃើញមាសនេះបានធ្វើឲ្យអ្នកភូមិផ្សេងទៀតផ្អើលហើយនាំគ្នាទៅជីកដីស្រែនោះដើម្បីស្វែងរកមាស និងវត្ថុមានតម្លៃផ្សេងទៀត។
លោកមេឃុំថ្លែងថា៖ «ដីនោះនៅខាងក្រោយភូមិ។ តាមព័ត៌មានឮថាមាន ៦ ទៅ ៧ នាក់ហើយដែលរកមាសបាន។ ខ្លះថាបានតិចខ្លះបានច្រើន។ ខ្លះឮថាបាន ២ ជីខ្លះទៀតថាបានមាសតម្លៃ ១ ពាន់ទៅ ២ ពាន់ដុល្លារ។ តែគេអត់លក់។ តែខ្ញុំនៅក្នុងមូលដ្ឋានមិនទាន់បានឃើញមាសនោះទេ។ ចាំមើលប្រហែលជាគេបង្ហោះតាមហ្វេសប៊ុក»។
លោកបានបន្ថែមថាអាជ្ញាធរមូលដ្ឋាន និងក្រសួងវប្បធម៌បានប្រាប់ពលរដ្ឋទាំងនោះរួចហើយកុំឲ្យទៅជីកដីស្រែនោះរកមាសបន្តទៀតព្រោះវាប៉ះពាល់ដល់ទីកន្លែងប្រវត្តិសាស្ត្រនោះហើយម្ចាស់ស្រែក៏បានប្តឹងទៅអាជ្ញាធរឲ្យជួយឃាត់ប្រជាពលរដ្ឋទាំងនោះឲ្យបញ្ឈប់សកម្មភាពជីករកវត្ថុមានតម្លៃនោះផងដែរ។ ប៉ុន្តែអ្នកខ្លះមិនទាន់ឈប់ទេ។
ប៉ុន្តែលោក ផាន ឃាង ប្រធានរដ្ឋបាលនៃមន្ទីរវប្បធម៌ស្រុកអង្គរបុរីបានឲ្យដឹងថាកាលពីម្សិលមិញមន្ត្រីក្រសួងវប្បធម៌បានចុះទៅណែនាំពលរដ្ឋអំពីច្បាប់ការពារបេតិកភណ្ឌជាតិហើយក្រោយពេលក្រសួងបានប្រាប់ដល់ពលរដ្ឋក្នុងភូមិរួចមកពលរដ្ឋបានផ្អាកការជីករុករកវត្ថុមានតម្លៃនោះហើយ។
លោកបានថ្លែងថា៖ «ការពិតអ្នករកបានបានដោយចៃដន្យ។ គាត់មកពីឃ្វាលគោវិញឃើញមាសជាប្រភេទអង្កាំនៅជិតភ្លឺស្រែហើយក៏ផ្អើលតៗគ្នាទៅ។ តែពេលនេះក្រោយមានការណែនាំម្ចាស់ស្រែបានបូមទឹកដាក់ស្រែជិតពេញហើយ»។
លោកបន្តថា រហូតមកដល់ថ្ងៃម្សិលមិញប្រហែលជាលិចកន្លែងជីកកកាយនោះអស់ហើយ។
បើតាមការបញ្ជាក់របស់លោក ផាន ឃាង ដីស្រែដែលប្រជាពលរដ្ឋបានជីករកមាស និងវត្ថុមានតម្លៃនោះស្ថិតនៅចម្ងាយប្រហែល ១០០ ម៉ែត្រពីគូព័ទ្ធជុំវិញអតីតរាជវាំងអង្គរបុរីហើយនៅចម្ងាយប្រហែល ២ គីឡូម៉ែត្រពីប្រាសាទភ្នំដាដែលជាប្រាសាទបុរាណទីមួយរបស់ខ្មែរក្នុងសម័យនគរភ្នំ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment