មេដឹកនាំវៀតណាមមិនចាប់អារម្មណ៍ពីស្ថានការណ៍នយោបាយនៅកម្ពុជា
ដោយ ប្រាជ្ញ ចេវ
2016-06-15
លោក ហេង សំរិន (ស្ដាំ) ប្រធានរដ្ឋសភាកម្ពុជា ជាមួយលោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) (ឆ្វេង) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបនាវិមានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
ថ្នាក់ដឹកនាំកំពូលនៃប្រទេសវៀតណាម មិនចាប់អារម្មណ៍ពីស្ថានការណ៍នយោបាយនៅកម្ពុជា នោះទេ។ នាយកខុទ្ទកាល័យប្រធានរដ្ឋសភា លោក កែវ ពិសិដ្ឋ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១៥ ខែមិថុនា ថា ក្នុងជំនួបរវាងលោក ហេង សំរិន ប្រធានរដ្ឋសភា ជាមួយប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ត្រឹង ដាយ ខ្វាង (TRAN DAI QUANG) មិនជជែកទាក់ទងនឹងស្ថានការណ៍នយោបាយកម្ពុជា ដែលកំពុងកើតឡើងនៅពេលនេះឡើយ។
ក្នុងជំនួបបិទទ្វាររវាងលោក ហេង សំរិន និងលោក ត្រឹង ដាយ ខ្វាង ដែលមានរយៈពេលជាងកន្លះម៉ោងនៅវិមានរដ្ឋសភា ភាគីទាំងពីរជជែកទាក់ទងការពង្រឹងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ និងទំនាក់ទំនងរវាងគណបក្សកាន់អំណាចរបស់កម្ពុជា និងគណបក្សកាន់អំណាចរបស់វៀតណាម។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជានាយកខុទ្ទកាល័យប្រធានរដ្ឋសភា លោក កែវ ពិសិដ្ឋ ប្រាប់ថា ទំនាក់ទំនងនេះជាការរួមចំណែកថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក៖ «មិនមានចាប់អារម្មណ៍ពីស្ថានការណ៍នយោបាយគណបក្សទាំងពីរអីទេ នៅក្នុងសវនាការនេះ អត់បានលើកឡើងពីស្ថានការណ៍នយោបាយទេ»។
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋប្រទេសវៀតណាម នៅពេលនេះ ចំពេលដែលក្បាលម៉ាស៊ីនប្រទេសនេះទើបផ្លាស់ប្ដូរថ្មី និងចំពេលគណបក្សមានសំឡេងឆ្នោតនៅក្នុងសភារបស់កម្ពុជា កំពុងមានជម្លោះនយោបាយ។ ផ្ទុយពីប្រទេសវៀតណាម អង្គការសហប្រជាជាតិ និងសភាសហភាពអឺរ៉ុប ដែលមានសមាជិកចំនួន ២៨ប្រទេស កំពុងបារម្ភពីវិបត្តិនយោបាយនៅពេលនេះ និងស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕
No comments:
Post a Comment