ដោយ ជិន ជេដ្ឋា
2016-06-07
ស្លាកសញ្ញានៅតំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។ RFA/Chin Chetha
RFA/Chin Chetha
កន្លែងអង្គុយកម្សាន្តនៅតំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។ RFA/Chin Chetha
••••••••••••
តំណាងសហគមន៍ និងមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រំពឹងថា ក្នុងពិធីបុណ្យធំៗ ពិសេសនៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងតិច ១ម៉ឺននាក់ចូលកម្សាន្ត និងលេងទឹកនៅក្នុងតំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង។ អ្នកភូមិនៃឃុំឈើតុំ ស្រុកក្រគរ បានចងក្រងគ្នាជាសហគមន៍គ្រប់គ្រងតំបន់ទេសចរណ៍នេះ ក្រោមការជួយជ្រោមជ្រែងពីមន្ត្រីជំនាញ។
តើតំបន់ទេសចរណ៍ធម្មជាតិមួយនេះ មានលក្ខណៈពិសេសអ្វីខ្លះ ហើយអ្នកចូលកម្សាន្តមានចំណាប់អារម្មណ៍យ៉ាងណា?
តំណាង និងសមាជិកនៃគណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង ឲ្យដឹងថា ចាប់តាំងពីខែមករា ឆ្នាំ២០១៦ មានភ្ញៀវចូលកម្សាន្ត និងលេងទឹកក្នុងមួយថ្ងៃចន្លោះពី ៧០០នាក់ទៅ ១ពាន់នាក់ នៅរាល់ថ្ងៃសៅរ៍ និងអាទិត្យ។ ចំណែកថ្ងៃធម្មតាវិញ គឺមានចន្លោះពី ៥០នាក់ទៅ ៦០នាក់ក្នុងមួយថ្ងៃ ខណៈថ្ងៃបុណ្យជាតិធំៗបានឈានដល់ ៨ពាន់នាក់ទៅ ១ម៉ឺននាក់ក្នុងមួយថ្ងៃៗ។
ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង លោក យឹម ចន្ធី មានប្រសាសន៍ថា តំបន់ទេសចរណ៍នេះមានលក្ខណៈពិសេសបី គឺទី១ មានទឹកថ្លាត្រជាក់។ ទី២ មានទេសភាពស្រស់ថ្លា និងទី៣ មានទឹកជ្រោះធ្លាក់ចំនួន ៩ដំណាក់។ លោកថា ភ្ញៀវត្រូវចំណាយថ្លៃចូលកម្សាន្ត ឬលេងទឹកក្នុងម្នាក់ ១ពាន់រៀល ផ្ញើម៉ូតូ ២ពាន់រៀល។ ចំណែកគ្រែអង្គុយ និងម្ហូបអាហារ ត្រូវចំណាយតាមជាក់ស្ដែង៖ «សម្រាប់ចូលទៅបន្ទប់ទឹកអត់គិតលុយអីទាំងអស់។ នៅច្រកល្អៀងនេះដែលគេចូលចិត្តជាងគេ គឺទឹកត្រជាក់ និងអនាម័យរបស់យើងស្អាត។ ភ្ញៀវយកទៅហូបក្នុងទឹក ហើយជួលអ្នករើសសំរាមឲ្យស្អាត។ កម្លាំងអនាម័យពេលបុណ្យទានមិនតិចជាង ៦នាក់ទេ»។
គណៈកម្មការដែលមានប្រធាន និងសមាជិកសរុបចំនួន ២២រូប បានជ្រើសរើសចេញពីភូមិចំនួន១២ នៃឃុំឈើតុំ ដែលឋិតនៅជុំវិញតំបន់ទេសចរណ៍នោះ។ ប្រធាន និងសមាជិក ត្រូវបំពេញការងារចំនួន ១៦ថ្ងៃក្នុងមួយខែ ដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ អនាម័យ និងសុវត្ថិភាពរបស់ភ្ញៀវ ដោយម្នាក់ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២២ម៉ឺនរៀលក្នុងមួយខែ។ ចំណែកប្រាក់ចំណូលដែលនៅសល់ ត្រូវបែងចែកទៅឲ្យមន្ទីរជំនាញ ព្រមទាំងចំណាយមួយផ្នែកទៀតទៅលើបង្គន់អនាម័យ និងអភិវឌ្ឍកន្លែងកម្សាន្ត ឬកន្លែងលេងទឹកឲ្យកាន់តែមានភាពងាយស្រួល និងទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទី។
ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង លោក យឹម ចន្ធី មានជំនឿថា នៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខ បណ្ដាញអគ្គិសនី និងផ្លូវដែលកំពុងតភ្ជាប់ពីផ្លូវជាតិលេខ៥ នៃទីរួមស្រុកក្រគរ ចូលតំបន់ទេសចរណ៍ធម្មជាតិនេះ អាចនឹងដំណើរការ។ លោកថា ពេលមានផ្លូវស្រួល ភ្ញៀវទេសចរនឹងចូលកម្សាន្តកាន់តែច្រើន ហើយស្របពេលគ្នានោះ សហគមន៍នឹងតភ្ជាប់ចរន្តអគ្គិសនីចូលតាមផ្ទះជួលស្នាក់នៅរបស់ភ្ញៀវ និងអាចតភ្ជាប់ទៅបំភ្លឺនៅតាមដំណាក់នីមួយៗនៃទឹកជ្រោះ ដើម្បីផ្ដល់ឱកាសឲ្យភ្ញៀវលេងទឹក ឬសម្រាកនៅពេលយប់តែម្ដង ដោយមិនចាំបាច់តក់ក្រហល់ចេញទៅផ្ទះវិញ៖ «បើនិយាយនៅរដូវភ្ជុំវិញ យើងប្រយ័ត្នជាទីបំផុត ដោយសារយើងទិញខ្សែពួរមកចងគ្រប់តំបន់ដែលមានទឹកជ្រៅ»។
តំបន់ទឹកធ្លាក់ច្រកល្អៀង ដែលអ្នកស្រុកនិយមហៅតៗគ្នាថា ទឹកធ្លាក់តំបន់យ៉ោកនោះ បានរកឃើញកាលពីឆ្នាំ២០០២ ហើយបច្ចុប្បន្នក្លាយជាកន្លែងកម្សាន្ត និងលេងទឹកយ៉ាងពេញនិយមមួយសម្រាប់ភ្ញៀវទេសចរជាតិ ប៉ុន្តែគេកម្រឃើញមានភ្ញៀវទេសចរបរទេសចូលទៅកម្សាន្ត ឬលេងទឹកនៅតំបន់នោះណាស់។
កំពុងអង្គុយលើគ្រែក្បែរមាត់ទឹកនៃដំណាក់ទឹកឈូដែលជាដំណាក់ទឹកធ្លាក់ស្អាតមួយក្នុងចំណោមដំណាក់ទាំង៩ របស់តំបន់ទេសចរណ៍ច្រកល្អៀង គឺលោកស្រី ទូច ស្រីញ៉ឹប មានប្រសាសន៍ថា រូបគាត់ និងអ្នកភូមិផ្សារសាលាលេខប្រាំ ខេត្តកំពង់ឆ្នាំង ចំនួន ១០នាក់ផ្សេងទៀត ពេញចិត្តតំបន់ទេសចរណ៍នេះ ហើយតែងតែនាំគ្នាមកលេងជាប្រចាំ។ លោកស្រីថា ដំណើរកម្សាន្តមកច្រកល្អៀង គឺជាជម្រើសល្អរបស់ភ្ញៀវ។
យ៉ាងណា រាល់ដំណើរកម្សាន្ត ឬលេងទឹកនៅទីនេះ លោកស្រី និងសាច់ញាតិ កម្រទិញម្ហូបអាហារនៅរមណីយដ្ឋានណាស់ គឺធ្វើហើយស្រេចៗខ្លួនឯងមកពីផ្ទះ ព្រោះម្ហូបគេធ្វើអាចមិនត្រូវចិត្ត៖ «មកឥឡូវនេះមានផ្លូវស្រួល តែកាលមកមុននោះ ផ្លូវតូចហើយសុទ្ធតែព្រៃ។ លោក ជិន ជេដ្ឋា៖ មកប៉ុន្មាននាក់? មកជាង ១០នាក់។ បញ្ហាសំរាមចង់ឲ្យតែមានអនាម័យ សំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ជួយសម្អាតបរិស្ថានឲ្យល្អក្នុងតំបន់ទេសចរណ៍នីមួយៗ ស្រួលភ្ញៀវគេមកទេសចរណ៍អីឃើញថា ស្រុកខ្មែរយើងតំបន់ស្អាតបាតអ៊ីចឹង»។
ចំណែកអាជីវករលក់បាយម្ហូប និងជាម្ចាស់គ្រែចំនួន១០ នៅដំណាក់មនោរម្យនៃរមណីយដ្ឋានច្រកល្អៀង គឺលោកស្រី កាំង គីមឡាង មានប្រសាសន៍ថា ដ្បិតអ្នកមកកម្សាន្ត ឬលេងទឹកភាគច្រើនរៀបចំបាយទឹកដាក់ឡាន ឬម៉ូតូដោយខ្លួនឯងដើម្បីហូបចុក ប៉ុន្តែគាត់នៅតែលក់ដាច់ ជាពិសេសនៅថ្ងៃបុណ្យធំៗ។ ចំពោះភ្ញៀវដែលចង់កុម្ម៉ង់ម្ហូបហូបជាក្រុម ត្រូវប្រាប់មុនមួយថ្ងៃទើបអាចធ្វើទាន់៖ «ព្រលឹមឡើងយើងចេញពីផ្ទះមកដល់នេះហើយ បើមកដល់បានកុម្ម៉ង់ គឺបន្លែបន្លុកអីនៅនេះអត់មានស្រាប់ៗទេ ទាល់តែរត់ទៅផ្សារឆ្ងាយពីនេះទៅផ្សារចម្ងាយ ១៧គីឡូម៉ែត្រ។ យើងទៅមកហួសម៉ោងបាយគេ។ តែម្ហូបកុម្ម៉ង់ខ្ញុំមាន និងភេសជ្ជៈអីមានទាំងអស់»។
កាលពីពេលថ្មីៗនេះ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដំឡើងផ្ទាំងប៉ាណូធំមួយក្នុងរមណីយដ្ឋានបង្ហាញពីមុខម្ហូប និងភេសជ្ជៈដែលមានភ្ជាប់នឹងតម្លៃស្រេច ប៉ុន្តែអាជីវករនៅតែលក់តាមស្ថានភាព ឬទីផ្សារជាក់ស្ដែង។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ លោក សំ ឃីម ថ្លែងថា ការរៀបចំតំបន់ទេសចរណ៍មួយនេះ គឺឋិតនៅក្នុងអន្តរកាល ឬបណ្ដោះអាសន្ននៅឡើយ ដែលមិនអាចឲ្យមន្ទីរជំនាញរបស់លោកដកខ្លួនចេញពីសហគមន៍បាន ខណៈបណ្ដាញអគ្គិសនី និងការស្ថាបនាផ្លូវប្រវែង ៤១គីឡូម៉ែត្រចូលទៅតំបន់នោះ កំពុងដំណើរការ។ លោកថា អាជ្ញាធរខេត្តទើបបង្កើតគណៈកម្មការចម្រុះថ្មីមួយនៅខែឧសភា ឆ្នាំ២០១៦ ដែលមានសមាសភាពពីខាងមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍតំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀងនេះ៖ «យើងមិនចេះតែយកមនុស្សប៉ុន្មាន ឡានប៉ុន្មានទេ? ប៉ុន្តែឥឡូវនេះ វាឋិតនៅអន្តរកាល តែយើងបានពង្រាងហើយ ត្រៀមហើយសុំគោលការណ៍ថ្នាក់ខេត្ត ហើយផ្ញើទៅក្រសួង យើងបានពង្រាងហើយថា ម្នាក់យកប៉ុន្មាន? ឡានតូចប៉ុន្មាន? ឡានធំប៉ុន្មាន? តែសំខាន់លើថ្នាក់ជាតិកំណត់ទេ»។
លោក សំ ឃីម បញ្ជាក់ថា នៅទូទាំងខេត្តពោធិ៍សាត់ មានតំបន់ទេសចរណ៍ទឹកធ្លាក់ចំនួនបីកន្លែង គឺនៅស្រុកវាលវែង ចំនួនពីរកន្លែង និងមួយកន្លែងទៀតនៅស្រុកក្រគរ។ តំបន់ទេសចរណ៍ទាំងនេះ កំពុងអភិវឌ្ឍនៅឡើយ ហើយមានតែតំបន់ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀងប៉ុណ្ណោះដែលមានភ្ញៀវចូលទស្សនាច្រើនជាងគេ។ តំបន់ទេសចរណ៍មួយនេះ មានកំណើនភ្ញៀវយ៉ាងឆាប់រហ័ស គឺនៅឆ្នាំ២០១៤ មានជាង ៤ម៉ឺននាក់ (៤៣.៧០០នាក់) និងនៅឆ្នាំ២០១៥ មានជិត ៩ម៉ឺននាក់ (៨៦.២០០នាក់)៕
No comments:
Post a Comment