CCHR ចេញសេចក្ដីថ្លែងការណ៍ស្នើឲ្យរដ្ឋាភិបាលដោះលែងអ្នកការពារសិទ្ធិមនុស្ស
ដោយ ប្រាជ្ញ ចេវ
2016-06-14
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។
RFA
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញសេចក្ដីថ្លែងការណ៍មួយ ស្នើឲ្យរដ្ឋាភិបាលដោះលែងអ្នកការពារសិទ្ធិមនុស្ស និងអ្នកទោសមនសិការផ្សេងទៀតដែលកំពុងជាប់ឃុំ ឲ្យមានសេរីភាពឡើងវិញ។ សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា អ្វីដែលរដ្ឋាភិបាលកំពុងធ្វើនៅពេលនេះ គឺធ្វើឲ្យលទ្ធិប្រជាធិបតេយ្យកាន់តែរួមតូច។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបដិសេធចំពោះសំណើនេះ។
សេចក្តីថ្លែងការណ៍កម្រាស់ ៣ទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះផ្សាយថ្ងៃទី១៤ ខែមិថុនា លើកឡើងថា សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ត្រូវបានរំលោភបំពាន។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សង្កេតឃើញថា ប៉ុន្មានសប្ដាហ៍ក្រោយនេះ អ្នកការពារសិទ្ធិមនុស្សមួយចំនួនត្រូវបានអាជ្ញាធរកោះហៅ ចោទប្រកាន់ ចាប់ខ្លួន និងដាក់ឲ្យស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្នជាបន្តបន្ទាប់។
ស្ថានភាពបែបនេះ ត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ថា រដ្ឋាភិបាលមានចេតនាបង្កើតឲ្យមានបរិយាកាសភ័យខ្លាចដើម្បីបំបិទសំឡេងជំទាស់ ខណៈការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ជិតឈានចូលមកដល់។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព សង្ឃឹមថា សេចក្តីថ្លែងការណ៍នេះនឹងធ្វើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ ដើម្បីស្ដារស្ថានភាពឡើងវិញបាន។ អ្នកស្រីបន្តថា ប្រសិនបើរដ្ឋាភិបាលមិនបានយកសំណើនេះទៅពិចារណាទេ នឹងធ្វើឲ្យសង្គមស៊ីវិលកាន់តែរួមតូច៖ «ខ្ញុំបារម្ភដែលថាប្រទេសយើងប្រកាសខ្លួនថាជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែពលរដ្ឋបញ្ចេញមតិ ឬសិទ្ធិរបស់ខ្លួនបាន។ ដូច្នេះខ្ញុំគិតថា គឺអាចប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ»។
ក្រៅពីស្នើឲ្យរដ្ឋាភិបាលដោះលែងតួអង្គសង្គមស៊ីវិល អ្នកការពារបរិស្ថាន និងអ្នកនយោបាយដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅថាជាអ្នកទោសមនសិការ។ ស្ថាប័ននេះ ស្នើទៅរដ្ឋាភិបាលឲ្យផ្តល់របាយការណ៍ស្ដីពីសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលមិនទាន់បានផ្តល់ទៅឲ្យគណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។
ផ្ទុយពីការរំពឹងទុក សេចក្តីថ្លែងការណ៍នេះត្រូវបានអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រានចោល។ លោកថា អង្គការសង្គមស៊ីវិលគ្មានសិទ្ធិមកបង្គាប់បញ្ជារដ្ឋាភិបាលទេ។ ម្យ៉ាងវិញទៀត ដំណើរការក្តីជាសមត្ថកិច្ចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ដែលរដ្ឋាភិបាលមិនអាចលូកដៃចូលបាន៖ «ខ្ញុំមិនចាប់អារម្មណ៍នឹងសេចក្តីថ្លែងការណ៍នេះទេ ព្រោះមិនអាចទទួលបាន ច្រើនតែប្រឌិត ច្រើនតែបំពានច្បាប់របស់កម្ពុជា ចេញសេចក្តីថ្លែងការណ៍នេះមួយគ្រាន់ជាការវាយប្រហារមួយមកលើរដ្ឋាភិបាលកម្ពុជា»។
គិតមកទល់ពេលនេះ មន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន ១៩នាក់ដែលត្រូវឃុំខ្លួន ក្រៅពីនេះ មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ៤នាក់ និងមន្ត្រី គ.ជ.ប ម្នាក់កំពុងឃុំខ្លួន។ ជាងនេះទៅទៀត យុវជន និងអ្នកការពារបរិស្ថានមួយចំនួន កំពុងរងការចោទប្រកាន់ពីតុលាការ។ អង្គការជាតិ និងអន្តរជាតិ កំពុងព្រួយបារម្ភរឿងនេះ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានផ្តល់អនុសាសន៍ ៤ចំណុចដល់រដ្ឋាភិបាល ផ្ញើរបាយការណ៍ឆ្លើយតបរបស់កម្ពុជា ទៅកាន់គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដោយកុំពន្យារពេល។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏ស្នើរដ្ឋាភិបាលឲ្យបញ្ឈប់ការចាប់ខ្លួន ការស៊ើបអង្កេត ឬការចោទប្រកាន់លើតួអង្គសង្គមស៊ីវិល និងធានាឲ្យមានការដោះលែងអ្នកដែលកំពុងជាប់ឃុំ ចាត់វិធានការជាបន្ទាន់ដើម្បីធានាថា តុលាការ នគរបាល ព្រះរាជអាជ្ញា និងចៅក្រម អនុវត្តនីតិវិធីដើម្បីការពារសិទ្ធិរបស់ជនជាប់ចោទ៕

No comments:
Post a Comment