Wednesday, 31 August 2016

វិភាគ៖ ហេតុអ្វីបានព្រឹទ្ធសភានិងរដ្ឋសភាអនុវត្តច្បាប់ខុសគ្នាករណីចាត់ការតំណាងរាស្ត្របក្សប្រឆាំង?


ដោយ លោក ញឹម សុខន​​ | ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦​




ការអនុវត្តច្បាប់បច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា ដំណើរការទៅក្រោមឥទ្ធិពលរបស់អ្នកនយោបាយដែលកំពុងគ្រប់គ្រងអំណាច បើទោះបីរដ្ឋធម្មនុញ្ញបានចែងថាអំណាចទាំង៣គឺនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ឯករាជ្យគ្នាពីគ្នាក៏ដោយ។

បច្ចុប្បន្ននេះតំណាងរាស្ត្របក្សប្រឆាំងពីររូបមាន លោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ត្រូវតុលាការបញ្ជាឲ្យឃុំខ្លួននៅពន្ធនាគារព្រៃស ទាំងមានអភ័យឯកសិទ្ធិសភា ទាក់ទិននឹងពួកគេរិះគន់បញ្ហាព្រំដែន។

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កំពុងរងបណ្តឹងនៅតុលាការនិងត្រូវតុលាការកោះហៅជាបន្តបន្ទាប់ឲ្យទៅបំភ្លឺ បើទោះបីមេបក្សរូបនោះមិនចូលខ្លួនតាមដីកាកោះ សំអាងពីអភ័យឯកសិទ្ធិសភាក៏ដោយ។

ចំណាត់ការរបស់តុលាការមកលើអ្នកតំណាងរាស្ត្របក្សប្រឆាំងចាត់ទុកថាជាការំលោភរដ្ឋធម្មនុញ្ញត្រង់មាត្រា៨០ ដែលមាត្រានោះចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនសមាជិកនៃរដ្ឋសភាណាម្នាក់បាន លុះណាតែមានការអនុម័តដោយសំឡេង២ភាគ៣។ វៀលែងតែបទល្មើសជាក់ស្តែង។



ប៉ុន្តែអ្វីដែលខុសពីរដ្ឋសភានោះ នៅថ្ងៃទី៣១ខែសីហា អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រាប់អ្នកសារព័ត៌មានថាសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី មួយរូបគឺលោក ស្រី ថាក់ ឡានី ដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងនោះ នឹងត្រូវសមាជិកព្រឹទ្ធសភាដកអភ័យឯកសិទ្ធ តាមស្មាតរីនៃកិច្ចប្រជុំ ដោយសំឡេង២ភាគ៣ ដែលលោកថាដើម្បីបើកផ្លូវឲ្យតុលាការចាត់ការតាមច្បាប់។

លោកថា៖ «ឥឡូវនេះគឺយើងគ្រប់អត់មានខ្វះទេ ដោយសារតែគាត់មាន១១រូបខាងគណបក្សប្រឆាំង ឯយើងនេះមាន៥០ទាំងខាងបរមរាជវាំង[ពីររូប] មកពីរដ្ឋសភាពីររូប។ អញ្ចឹងគឺ៤៦ខាងសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ អញ្ចឹងគឺយើងគ្រប់ ទោះបីយើងជា២ភាគ៣ឬ៣ភាគ៤ក៏ដោយ»។

តើហេតុអ្វីបានជាស្ថាប័នរដ្ឋសភានិងព្រឹទ្ធសភាអនុវត្តច្បាប់ខុសគ្នាបែបនេះ?

លោកមេធាវី សុក សំអឿន ពន្យល់ថា ព្រឹទ្ធសភាបានគោរពតាមរដ្ឋធម្មនុញ្ញបើកកិច្ចប្រជុំពេញអង្គ រកបានសំឡេង២ភាគ៣ សម្រាប់ដកអភ័យឯកសិទ្ធិតំណារាស្ត្រណាម្នាក់ ដើម្បីបើកផ្លូវឲ្យតុលាការបើកកាស៊ើបអង្កេតលើសំនុំរឿងណាមួយនោះ។

ប៉ុន្តែលោក សុក សំអឿន បង្ហាញការងឿងឆ្ងល់ទៅលើរដ្ឋសភាដែលបើកផ្លូវឲ្យតុលាការចាត់ការទៅលើតំណាងរាស្ត្របក្សប្រឆាំងទាំងមានអភ័យឯកសិទ្ធិ ដោយលោកអះអាងថាពិបាកយល់រាល់ការអនុវត្តច្បាប់បច្ចុប្បន្ន។

លោកបន្តថា៖ «ទាល់តែ២ភាគ៣ទើបអាចដកអភ័យឯកសិទ្ធិបាន។ ហើយការចោទប្រកាន់ ការចាប់ខ្លួននេះ វាអាចចាប់ខ្លួនក្នុងពេលភ្លាមៗ[បទល្មើសជាក់ស្តែង] ហ្នឹងគេខ្លាចរត់ ឧបមាថាគេខ្លាចរត់ពេលដែលសម្លាប់គេហើយ អីចឹងច្បាប់គេអនុញ្ញាតិឲ្យចាប់បានភ្លាមៗ។ ប៉ុន្តែត្រូវរាយការណ៍មកសភា ដើម្បីដកអភ័យឯកសិទ្ធិដដែល ឃើញទេ?»។

អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថាការអុវត្តច្បាប់បច្ចុប្បន្ន លោកថា អាស្រ័យលើឆន្ទៈនយោបាយ។

លោក អំ សំអាត ពន្យល់ថាការដែលព្រឹទ្ធសភាសម្រេចដកអភ័យឯកសិទ្ធិតំណាងរាស្ត្រមកពីបក្សប្រឆាំង លោក ស្រី ថាក់ ឡានី ស្របតាមរដ្ឋធម្មនុញ្ញនេះ លោកថាដោយសារតែសំឡេងសមាជិកបក្សកាន់អំណាចមានសំឡេងលើសច្បាប់រដ្ឋធម្មនុញ្ញកំណត់២ភាគ៣។

ប៉ុន្តែមន្ត្រីសង្គមស៊ីវិលរូបនោះថា ចំណែកនៅស្ថាប័នរដ្ឋសភាវិញ សមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា មិនមានសំឡេងគ្រប់២ភាគ៣ទេ លោកថាដូចនេះរាល់ការបើកផ្លូវឲ្យតុលាការចាត់ការទៅលើសមាជិកសភា បក្សប្រឆាំង មិនបានគោរពរដ្ឋធម្មនុញ្ញទេ។

លោកបន្ថែមថា៖ «អានេះហើយដែលជាចំនុចដែលគេតែងតែរិះគន់ថា ជារឿងនយោបាយ វាមិនបង្ហាញពីឆន្ទៈនៃការគោរពតាមរដ្ឋធម្មនុញ្ញតាមផ្លូវច្បាប់ឲ្យប្រាកដនុះណាស់»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា បើស្ថាប័នឃ្លាំមើលការអនុវត្តច្បាប់ដូចជារដ្ឋសភានិងព្រឹទ្ធសភាមានជំហរមិនរឹងមាំក្នុងការជំរុញការអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នា លោកវិភាគថាពលរដ្ឋក្រីក្រនឹងរស់នៅក្រោយរូបភាពភ័យខ្លាច សង្គមពេញទៅដោយការលាបពណ៌គ្នា និងកាប់សម្លាប់គ្នា ដែលលោកថាជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ។

លោកថា៖ «បើសិនជាកម្ពុជាមិនបានអនុវត្តច្បាប់ឲ្យឈរនៅលើស្តង់ដាតែមួយពាក់ព័ន្ធនឹងព្រឹទ្ធសភានិងរដ្ឋសភាអីជាដើម វាបញ្ហាប្រឈមខ្លាំងមែនទែន គឺវាជាសញ្ញាគ្រោះថ្នាក់ដល់ដំណើការប្រជាធិបតេយ្យនៅកម្ពុជាចំនុចទី១និងចំនុចទី២ វាអាចធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកដែលមិនគាំទ្ររដ្ឋាភិបាល ពីព្រោះច្បាប់ត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយនោះ»។

បើតាមអ្នកវិភាគនិងអ្នកច្បាប់ ការដែលស្ថាប័នឃ្លាំមើលការអនុវត្តច្បាប់មិនឯករាជ្យ នឹងជំរុញឲ្យប្រព័ន្ធយុត្តិធម៌ចុះខ្សោយ សង្គមនឹងញាំញីដោយការបំពានច្បាប់ បង្កឲ្យខ្មែរនៅតែបន្តយកគ្នាជាសត្រូវ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: