Wednesday, 31 August 2016

សមាជិកព្រឹទ្ធសភាម្នាក់មកពីគណបក្សប្រឆាំងនឹងត្រូវដកអភ័យឯកសិទ្ធិនៅថ្ងៃស្អែក


ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦​ vod


សមាជិកព្រឹទ្ធសភាលោកស្រី ថាក់ ឡានី (រូបភាពពីកម្ពុជាថ្មី)



គណៈកម្មការធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភាអះអាងថា សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងមួយរូបនឹងត្រូវដកអភ័យឯកសិទ្ធិនៅថ្ងៃស្អែកដោយសំឡេង២ភាគ៣ ដើម្បីបើកផ្លូវឲ្យតុលាការអនុវត្តទៅតាមនីតិវិធី បន្ទាប់ពីមានបណ្តឹងពីលោក ហ៊ុន សែន។

ក្រោយកិច្ចប្រជុំអចិន្ត្រៃយ៍ អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ថ្លែងថា នៅថ្ងៃស្អែកនេះព្រឹទ្ធសភានឹងប្រជុំពេញអង្គបោះឆ្នោតតាមសំឡេង២ភាគ៣ ដើម្បីដកអភ័យឯកសិទ្ធិលោកស្រី ថាក់ ឡានី ដែលជាសមាជិកព្រឹទ្ធសភាមកពីសង្គ្រោះជាតិ។ លោកបន្តថា ការសម្រេចបើកិច្ចប្រជុំដកអភ័យឯកសិទ្ធិនេះ បន្ទាប់ពីតុលាការបានរកឃើញថា លោកស្រី ថាក់ ឡានី ពិតជាបាននិយាយចោទប្រកាន់លោក ហ៊ុន សែន តាមវីដេអូឃ្លឹបនោះមែន។

លោកមានប្រសាសន៍ថា៖ “តាមការរកឃើញរបស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញក៏ដូចជាការស៊ើបអង្កេត តាមប្រសាសន៍របស់លោកជំទាវ គឺបានសំអះសំអាងរកឃើញតម្រុយជាពិរុទ្ធជនគឺ ដោយសារគាត់ប្រើកាសែតវីដេអូ ហើយសាក្សីទាំង៤រូបនោះក៏បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មានប្រសាសន៍ពិតប្រាកដមែន។ ហើយចំពោះស្វាមីខ្លួន ក្រោយដែលសម្ដេចលោកបានមានប្រសាសន៍ថានឹងប្ដឹងគាត់ បានជាបដិសេធនៅវិទ្យុ វីអូអេរបស់សហរដ្ឋអាមេរិកថា មិនបានមានប្រសាសន៍ទេ គឺគេបានកាត់ត។ ចឹងគឺគាត់អត់បានទទួលកំហុសទេ អញ្ចឹងនីតិវិធីនេះគឺសម្រាប់ថ្ងៃមួយនេះគឺយើងជជែកវែកញែកទៀត ដើម្បីបោះឆ្នោត សម្ងាត់ដើម្បី តើបន្តនីតិវិធីឲ្យតុលាការឬបញ្ឈប់“។



លោក ម៉ម ប៊ុននាង បន្តថានៅកិច្ចប្រជុំអចិន្ត្រៃយ៍ព្រឹកមិញនេះក៏មានសមាជិកព្រឹទ្ធសភា១៣រូប ក្នុងនោះមកពីបក្សប្រឆាំង១រូប គឺលោក ទាវ វណ្ណុល ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ លោកបញ្ជាក់ថា លោក ទាវ វណ្ណុល ក៏បានស្នើទៅឲ្យព្រឹទ្ធសភា គ្រាន់តែឲ្យលោកស្រី ថាក់ ឡានី សុំទោសបានហើយ ដោយពុំចាំបាច់ដកអភ័យឯកសិទ្ធិនោះទេ។

VOD មិនអាចទាក់ទងលោកស្រី ថាក់ ឡានី បាននៅឡើយ។

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកការដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភាលោកស្រី ថាក់ ឡានី នេះជារឿងនយោបាយនិងជាការគំរាមកំហែងទៅគណបក្សប្រឆាំងតែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ “មើលទៅវាទាក់ទងទៅនឹងនយោបាយច្រើងជាង ពីព្រោះបើយើងនិយាយពីអភ័យឯកសិទ្ធិសភា ថាអភ័យឯកសិទ្ធិមួយថា គេចែងមកដើម្បីការពារទៅដល់តំណាងរាស្ត្រ បើសិនជាបទល្មើសត្រឹមមជ្ឈិម បទល្មើសដែលវាមិនធ្ងន់ធ្ងរ មិនមែនជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរទេ អាហ្នឹងគឺគេទុកឲ្យបម្រើប្រជាពលរដ្ឋរបស់គាត់ ព្រោះគាត់ជាតំណាងរាស្រ្តរហូតដល់ចប់អាណាត្តិ បានគេអាចចាត់វិធានការនេះ សំដៅលើកអភ័យឯកសិទ្ធិហើយ ហើយគាត់ធ្វើអ្វីគាំពារដោយរដ្ឋធម្មនុញ ដើម្បីធានាអំពីការបម្រើការងាររបស់គាត់ក្នុងនាមជាតំណាងរាស្ត្រកុំស្ថិតនៅក្នុងស្ថានភាពភ័យខ្លាច“។

សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោកស្រី ថាក់ ឡានី ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងកាលពីថ្ងៃទី១ ខែសីហា ជុំវិញការថ្លែងរបស់លោកស្រី ដែលថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅពីក្រោយឃាតកម្មលើលោក កែម ឡី៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com

No comments: