Wednesday, 31 August 2016

សាលាឧទ្ធរណ៍ និងតុលាការកំពូលកោះហៅលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ


31 សីហា 2016 voa
កាន់ វិច្ឆិកា


រូបឯកសារ៖ លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្សសង្គ្រោះ​ជាតិ លើកដៃ​ប្ដេជ្ញា​ជាមួយ​​​ក្រុមអ្នក​តំណាង​ស្រ្តី​គណបក្សគណបក្សសង្គ្រោះ​ជាតិ​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នា​រាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្សសង្គ្រោះ​ជាតិ លើកដៃ​ប្ដេជ្ញា​ជាមួយ​​​ក្រុមអ្នក​តំណាង​ស្រ្តី​គណបក្សគណបក្សសង្គ្រោះ​ជាតិ​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នា​រាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)



លោកអ៊ុក គីមសិទ្ធិ អគ្គព្រះរាជអាជ្ញារង បានបង្គាប់ឲ្យលោកកឹម សុខា ចូលមកតុលាការកំពូលនៅថ្ងៃទី២ ខែកញ្ញា វេលាម៉ោង៨ព្រឹក ដើម្បីចូលរួមសវនាការអំពីសំណុំរឿងបដិសេធមិនចូលខ្លួនក្នុងបទល្មើសសញ្ចារកម្ម ពាក់ព័ន្ធនឹងសំណុំរឿងរបស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ។
ភ្នំពេញ —
តុលាការ​កំពូល​ និង​សាលា​ឧទ្ធរណ៍​បាន​កោះ​ហៅ​លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ ​ឲ្យ​ចូល​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី២ ​និង​ថ្ងៃ​ទី៦ ​ខែ​កញ្ញា​ខាង​មុខ​នេះ​ ទាក់ទង​នឹង​បណ្តឹង​សារ​ទុក្ខ​ និង​បណ្តឹង​មិន​សុខ​ចិត្ត​លើ​ដីកា​ដំណោះ​ស្រាយ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

ក្នុង​ដីកា​ចេញ​នៅថ្ងៃទី​២៩ ​ខែ​សីហា​ កោះ​ហៅ​ជន​ជាប់ចោទ​ឲ្យ​ចូល​សវនាការ​លោក​អ៊ុក គីមសិទ្ធិ អគ្គ​ព្រះ​រាជ​អាជ្ញា​រង​ បាន​បង្គាប់​ឲ្យ​លោក​កឹម សុខា​ ចូល​មក​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី២ ​ខែ​កញ្ញា ​វេលា​ម៉ោង​៨ព្រឹក​ ដើម្បី​ចូល​រួម​សវនាការ​អំពី​សំណុំ​រឿង​បដិសេធ​មិន​ចូល​ខ្លួន​ក្នុង​បទ​ល្មើស​សញ្ចារ​កម្ម​ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​របស់​នាង​ខុម ចាន់តារ៉ាទី ​ហៅ​ស្រីមុំ។​



លោកស្រី​ម៉េង សុភារី ​ មេធាវី​របស់​លោក​កឹម សុខា​ បាន​ប្រាប់ ​VOA ​ថា​ បណ្តឹង​សារទុក្ខ​នៅ​តុលាការ​កំពូល​ គឺ​មេធាវី​បាន​ប្តឹង​មោឃភាព​លើ​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ។ ​លោកស្រី​ថ្លែង​ថា ​សាលា​ឧទ្ធរណ៍​ក៏​បាន​កោះ​ហៅ​លោក​កឹម សុខា​ ឲ្យ​ចូល​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី៦​ ខែ​កញ្ញា ​វេលា​ម៉ោង​៨ព្រឹក​ដែរ​ ដែល​លោក​ស្រី​ថា​ ​ជា​បណ្តឹង​លើ​ដីកា​ដំណោះ​ស្រាយ​ប្រឆាំង​នឹង​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី៩ ​ខែ​កញ្ញា។​

លោកស្រី​មេធាវី​បញ្ជាក់​ថា ​ក្រុម​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា​ បាន​ស្នើ​ឲ្យ​មាន​ការ​លើក​ពេល ​ឬ​ពន្យារ​ពេល​ជំនុំ​ជម្រះ ​ហើយ​ថា ​ការ​ដាក់​កម្មវិធី​ជម្រះ​របស់​ចៅក្រម​សាលា​ឧទ្ធរណ៍​ និង​តុលាការកំពូល​គឺ​ខុស​នឹង​នីតិ​វិធី​ច្បាប់។​

លោកស្រី​បន្ថែម​ថា៖​

«ក្នុង​នីតិវិធី​ច្បាប់ ​ការ​កោះ​ហៅ​ភាគី​ចូល​ក្នុង​រឿង​ហ្នឹង​ ការ​កោះ​ហៅ​ជនជាប់​ចោទ​ ​ត្រូវ​គោរព ​អំឡុង​ពេល​យ៉ាង​ហោច​ណាស់​១៥​ថ្ងៃ​ដែរ ​ដើម្បី​ធ្វើការ​កោះ​ហៅ ​និង​ដើម្បី​ទុក​ពេល​វេលា​ឲ្យមេធាវី ​និង​កូន​ក្តី​បាន​ជួប​ពិភាក្សា​គ្នា ​ដោយ​ឡែក​ចំពោះ​រឿង​នេះ​ យើង​ឃើញ​ថា​ បើ​នៅ​តុលាការ​កំពូល​វិញ​ ចេញ​ដីកា​កោះ​នៅ​ថ្ងៃ​ទី​២៩​ម្សិលមិញ​ហ្នឹង​ឯង​ ហើយ​ឲ្យ​ចូល​ថ្ងៃ​ទី​២។ ដូច្នេះ​វា​មាន​អំឡុង​ពេល​តែ៣-៤​ថ្ងៃ ​ ហើយ​យើង​មិន​ដែល​ឃើញ​តុលាការ​អី​កោះ​ហៅ​តក់​ក្រហល់​របៀប​ហ្នឹង​ទេ ​កន្លង​មក»។​

អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​លី សុផាណា​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​តុលាការ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​តាម​កាល​កំណត់​ លើក​លែង​តែ​សាលា​ជម្រះក្តី​ជាន់​ខ្ពស់​សម្រេច​ផ្សេង​ពី​នេះ។​

លោក​កឹម សុខា​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បដិសេធ​មិន​ចូល​ខ្លួន​ទៅ​តុលាការ​តាម​មាត្រា​៥៣៨​នៃ​ក្រម​ព្រហ្មទណ្ឌ ​ដោយ​តុលាការ​ចាត់​ទុក​ថា ​នេះ​ជា​បទ​ល្មើស​ជាក់​ស្តែង។​

រហូត​មក​ដល់​ពេល​នេះ​ មាន​រយៈពេល​ជាង​បី​ខែ​ហើយ​ដែល​លោក​កឹម សុខា​ ស្នាក់​នៅ​ក្នុង​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​លើ ​បន្ទាប់​ពី​លោក​បដិសេធ​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​ចំនួន​ពីរ​លើក ​និង​បន្ទាប់​ពី​អាជ្ញាធរ​ព្យាយាម​ចាប់ខ្លួន​លោក​មិន​បាន​សម្រេច៕​

No comments: