Sunday, 21 August 2016

កែម ឡី ដែល​ខ្ញុំ​ស្គាល់​




លោក កែម ឡី ពេល​ចុះ​ទៅ​ល្បាត​ព្រៃ​ជាមួយ​ប្រជាសហគមន៍​កាលពី​លោក​នៅ​រស់។ រូបថត ហ្វេសប៊ុក


កែម ឡី ដែល​ខ្ញុំ​ស្គាល់​
Wed, 17 August 2016
ppp


ថ្ងៃ​នេះ​ទី ១៧ ខែ​សីហា​គឺ​មាន​រយៈពេល ១ ខែ ៧ ថ្ងៃ​ហើយ​នៃ​ឃាតកម្ម​បាញ់​សម្លាប់​លោក កែម ឡី ដែល​ជា​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ​ម្នាក់។ គាត់​ត្រូវ​បាន​បាញ់​ស្លាប់​ខណៈ​កំពុង​ទទួលទាន​កាហ្វេ​នៅ​ហ្គារ៉ាស់សាំង​កាល់តិច បូកគោ កែង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ម៉ៅសេទុង​ក្នុង​រាជធានី​ភ្នំពេញ។

វា​ជា​កន្លែង​ដែល​យើង​បាន​ជួប​គ្នា​កាលពី​មុន​ជាច្រើន​ឆ្នាំ​មុន​ពេល​គាត់​បាន​ក្លាយ​ជា​អ្នក​រិះគន់​មិន​សំចៃ​មាត់​ទៅ​មេដឹកនាំ​នយោបាយ និង​គណបក្ស​នយោបាយ​ទាំង​រដ្ឋាភិបាល និង​ទាំង​គណបក្ស​ប្រឆាំង។

ក្នុង​អំឡុង​រយៈពេល​ពីរ​សប្តាហ៍​នៃ​ពិធី​បុណ្យ​សព​គាត់​អ្នក​កាន់​ទុក្ខ​ជាច្រើន​បាន​ទៅ​ចូលរួម​ជាពិសេស​នៅ​ពេល​ហែ​ទៅ​ស្រុក​កំណើត​របស់​គាត់​នៅ​ខេត្ត​តាកែវ​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​កក្កដា​ចំនួន​អ្នក​ចូលរួម​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​រាប់​ម៉ឺន​នាក់។ ប៉ុន្តែ​ តើ​បណ្ឌិត កែម ឡី ជា​នរណា​ និង​តើ​គាត់​បាន​ក្លាយ​ជា​អ្នក​វិភាគ​ល្បី​ឈ្មោះ​យ៉ាង​ដូចម្តេច​នៅ​ក្នុង​នយោបាយ​កម្ពុជា? ដែល​អ្នក​ខ្លះ​កំពុង​ទាមទារ​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ដើម្បី​រំឭក​ឈ្មោះ​គាត់។

នោះ​គឺជា​សំណួរ​ទៅ​កាន់​អ្នក​ដែល​តាមដាន​នយោបាយ​កម្ពុជា​ និង​អ្នក​ដែល​ស្គាល់​គាត់​ដែល​មិនមែន​ជា​ពលរដ្ឋ​ខ្មែរ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​អាច​ចែករំលែក​គឺជា​អ្វី​ដែល​ខ្ញុំ​មាន​បទពិសោធ​ផ្ទាល់​ខ្លួន​តាមរយៈ​ការ​ជួប និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក កែម ឡី ជាពិសេស​ក្នុង​ឆ្នាំ ២០០៤‑២០១១ ពី​មុន​ពេល​គាត់​ចូល​ឆាក​នយោបាយ និង​ត្រូវ​បាន​គេ​ចាប់ផ្តើម​ស្រង់​សម្តី​គាត់​នៅ​ក្នុង​កាសែត និង​ថា​គាត់​ជា «អ្នក​វិភាគ​នយោបាយ»។



ខ្ញុំ​ដំបូង​បាន​ជួប​គាត់​នៅ​ឆ្នាំ ២០០២‑២០០៤ នៅ​ពេល​ដែល​គាត់​កំពុង​ធ្វើការ​ជាមួយ​អង្គការ KHANA ដែល​ជា​អង្គការ​ល្បី​ឈ្មោះ​លើ​ការងារ​អេដស៍​ និង​មេរោគ​អេដស៍​ដែល​ខ្ញុំ​កំពុង​ជួយ​លើ​ការងារ​ប្រមូល​ថវិកា និង​ការ​គាំទ្រ​បច្ចេកទេស​លើ​បញ្ហា MSM (បុរស​រួម​ភេទ​ជាមួយ​បុរស) និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន។ គាត់​បាន​ចាកចេញ​ក្នុង​ឆ្នាំ ២០០៤ ហើយ​យើង​បាន​ជួប​គ្នា​ម្តង​ទៀត​នៅ​ពេល​គាត់​ធ្វើការ​នៅ​គម្រោង​មួយ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ចូលរួម​ប្រសើរ​ជាង​មុន​របស់​ប្រជាជន​ដែល​រស់នៅ​ជាមួយ​មេរោគ​អេដស៍ (GIPA)។

មួយ​ឆ្នាំ​ក្រោយ​មក​ខ្ញុំ​បាន​សម្ភាស​គាត់​សម្រាប់​គម្រោង​មូលនិធិ​សកល​ស្តីពី​គម្រោង​មេរោគ​អេដស៍/ជំងឺ​អេដស៍។ គាត់​មិន​បាន​នៅ​ទី​នោះ​យូរ​ទេ​ដោយសារ​គាត់​បាន​ជម្រាប​ទៅ​ថ្នាក់​លើ​អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​បញ្ហា​ហិរញ្ញវត្ថុ​ហើយ​គាត់​ត្រូវ​បាន​គេ​ប្រាប់​ថា «នោះ​មិនមែន​ជា​រឿង​របស់​អ្នក​ទេ»។

នៅ​គណៈកម្មាធិការ​សម្រប​សម្រួល​មេរោគ​អេដស៍/ជំងឺ​អេដស៍ (HACC) ដែល​ជា​បណ្តាញ​ធំ​បំផុត​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​លើ​បញ្ហា​មេរោគ​អេដស៍​ក្នុង​ប្រទេស​កម្ពុជា​គាត់​គឺជា​នាយក​ប្រតិបត្តិ​ពី​ឆ្នាំ ២០០៧ ដល់ ២០០៩ ហើយ​គាត់​មាន​ចក្ខុវិស័យ និង​សេចក្តី​ក្លាហាន​ក្នុង​ការ​និយាយ​មិន​សំចៃ​មាត់​ប្រឆាំង​នឹង​សម្ពាធ​ពី​បុគ្គល​ល្បីៗ​មួយ​ចំនួន​ទៅ​លើ​គណៈកម្មាធិការ​របស់​លោក​ ឬ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ។

បន្ទាប់ពី​គាត់​បាន​ចាកចេញ​វា​បាន​ចំណាយ​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លះ​ទើប HACC អាច​ស្វែងរក​អ្នក​ស័ក្តិសម​ជំនួស​តំណែង​របស់​គាត់​បាន។ យើង​បាន​ធ្វើការ​ពិគ្រោះ​យោបល់​មួយ​ចំនួន​ជាមួយ​គ្នា​ដូចជា​ការ​បណ្តុះ​បណ្តាល​ការ​ធ្វើ​ផែនការ​យុទ្ធសាស្រ្ត​ការ​វាយ​តម្លៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​លើ​ប្រជាជន​ដែល​មាន​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍។ ក្រោយ​មក​យើង​បាន​ចាប់ផ្តើម​កន្លែង​បណ្តុះបណ្តាល​សិស្ស​ដែល​ចាប់​អារម្មណ៍ និង​អ្នក​ជំនាញ​វ័យ​ក្មេង​លើ​វិធីសាស្រ្ត​ស្រាវជ្រាវ ការ​តាមដាន និង​វាយ​តម្លៃ។

ភាព​ជា​គ្រូពេទ្យ​របស់​គាត់​ដែល​ឯកទេស​ក្នុង​វិស័យ​សុខភាព​សាធារណៈ និង​រោគ​រាតត្បាត​រឹត​តែ​ជា​ភាព​អស្ចារ្យ​សម្រាប់​សមត្ថភាព​ការងារ​របស់​គាត់។ គាត់​អាច​និយាយ​អំពី​បញ្ហា​ជាច្រើន​រួម​ទាំង​បញ្ហា​សុខាភិបាល​ហើយ​គាំទ្រ​ជាមួយ​នឹង​ឯកសារ និង​ស្ថិតិ​ដែល​មាន​លក្ខណៈ​សម​ហេតុផល។

ការិយាល័យ​ចម្បង​របស់​គាត់​កាល​ពេល​នោះ​គឺ​នៅ​ភោជនីយដ្ឋាន Baitong នៅ​ផ្លូវ​លេខ​ ៣៦០ ដែល​ជា​កន្លែង​អំណោយផល​សម្រាប់​ក្រុម CSO ជួប​ប្រជុំ​គ្នា និង​ពិភាក្សា​លើ​បញ្ហា​អភិវឌ្ឍន៍​ហើយ​យើង​បាន​ជួប​គ្នា​ជា​ទៀងទាត់​នៅ​ទី​នោះ។ ប៉ុន្តែ​បើ​សូម្បី​នៅ​ក្នុង​សហគមន៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ញឹកញាប់​តួនាទី​របស់​គាត់​បាន​ធ្វើឲ្យ​គាត់​សួរ​សំណួរ​ជាច្រើន​ទៅ​មេដឹកនាំ​អង្គការ និង​មេដឹកនាំ​ផ្សេងៗ​ជាពិសេស​សំណួរ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ មេដឹកនាំ​អង្គការ​មួយ​ចំនួន​បាន​ចាត់​ទុក​ការ​សួរ​សំណួរ​ដេញដោល​របស់​លោក កែម ឡី ថា «ការ​ប្រឆាំង​នឹង​អង្គការ»។

ចំពោះ​មុខ​អាជីព​នយោបាយ​របស់​គាត់​ដែល​ទើប​តែ​ចាប់ផ្តើម​រីកចម្រើន និង​តួនាទី​របស់​គាត់​ជា​ «អ្នក​វិភាគ​នយោបាយ​ឯករាជ្យ» ខ្ញុំ​គ្រាន់​តែ​អាច​ដឹង​បាន​តាមរយៈ​អ្វី​ដែល​ខ្ញុំ​បាន​អាន​នៅ​ក្នុង​កាសែត​ភាសា​អង់គ្លេស និង​ការ​បង្ហោះ​នៅ​ក្នុង​ព័ត៌មាន​បណ្តាញ​សង្គម​យូរៗ​ម្តង និង​វីដេអូឃ្លីប​មួយ​ចំនួន​ពី​បទ​សម្ភាស​តាម​វិទ្យុ។

ខ្ញុំ​បាន​ឃើញ​គាត់​ជា​លើក​ចុងក្រោយ​ពីរ​បី​ខែ​មុន​ពេល​ឃាតកម្ម​នេះ​កើត​ឡើង។ ខ្ញុំ​កំពុង​ជិះ​កង់​របស់​ខ្ញុំ​ហើយ​គាត់​កំពុង​តែ​ឆ្លង​ផ្លូវ​នរោត្តម​ដើរ​ទៅ​លេង​សួន​នៅ​ជិត​វិមាន​ឯករាជ្យ។ ខ្ញុំ​បាន​បក់​ដៃ និង​និយាយ​ជាមួយ​គាត់​បាន​ពីរ​បី​នាទី​ហើយ​ខ្ញុំ​រំឭក​ប្រាប់​គាត់​ថា «ប្រយ័ត្ន​ខ្លួន​ផង​អ្នក​ប្រហែល​ជា​ធ្វើ​ឲ្យ​មនុស្ស​មាន​អំណាច​ជាច្រើន​ទើស​ចិត្ត» ហើយ​គាត់​គ្រាន់​តែ​បាន​ញញឹម​ដាក់​ខ្ញុំ។ ខ្ញុំ​នឹង​ចងចាំ​រយៈពេល​យូរ​ថា​ស្នាម​ញញឹម និង​ចិត្ត​មោះមុត​ចេញ​ពី​ក្រសែ​ភ្នែក​ដែល​ពូកែ​សួរ​សំណួរ និង​ស្វែងរក​សេចក្តី​លម្អិត និង​រិះគន់​គឺជា​គុណភាព​កម្រ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ៕ PS

Dr Vicente Salas រាជធានី ភ្នំពេញ

No comments: