ដោយ ជិន ជេដ្ឋា
2016-09-23
គំនរឈើប្រណីតដែលជនល្មើសលួចអារ និងលាក់ទុកក្នុងព្រៃ នៅតំបន់ជួរភ្នំក្រវាញនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។ Photo Provided
Photo Provided
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការលើវិស័យព្រៃឈើនៅកម្ពុជា ចាប់ផ្ដើមចុះប្រមូលភស្តុតាងបទល្មើសព្រៃឈើនៅជួរភ្នំក្រវាញភាគកណ្ដាលរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដើម្បីដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ការប្រមូលភស្តុតាងដាក់ជូនស្ថាប័នមានសមត្ថកិច្ចនេះ ក្រោយពីគេសង្កេតឃើញថាមន្ត្រីថ្នាក់ក្រោមមិនសូវអើពើទប់ស្កាត់បទល្មើស។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ សង្ស័យថា មន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចមូលដ្ឋានខ្លះជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើតាមជួរភ្នំក្រវាញក្នុងទឹកដីខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកោះកុង។ អាជ្ញាធរមានសមត្ថកិច្ចយឺតយ៉ាវក្នុងកិច្ចសហការជាមួយមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសព្រៃឈើ។
ប្រធានអង្គការលោក ជា ហ៊ាន ឲ្យដឹងនៅថ្ងៃទី២២ ខែកញ្ញា ថា សំណើសុំអន្តរាគមន៍ជាច្រើនដែលអង្គការលោកបានធ្វើកន្លងមកមិនសូវមានប្រសិទ្ធភាពទេ ដោយមន្ត្រីថ្នាក់លើបញ្ជា ឬមានវិធានការទប់ស្កាត់បទល្មើសណាមួយនោះ មន្ត្រីមានសមត្ថកិច្ចថ្នាក់ក្រោមមិនសូវយកចិត្តទុកដាក់អនុវត្តនោះទេ។ លោកថា របាយការណ៍ភ្ជាប់រូបថតភស្តុតាងបទល្មើសព្រៃឈើថ្មីៗដែលប្រមូលបាននៅពេលនេះ នឹងដាក់ចូលអង្គភាពប្រឆាំងអំពើពុករលួយនៅដើមខែតុលា ឆ្នាំ២០១៦ ខាងមុខ៖ «ខ្ញុំមានការសោកស្ដាយដែរ បន្ទាប់ពីចុះអង្កេតបទល្មើសហើយឃើញ ឃើញហើយធ្វើរបាយការណ៍មួយជូនទៅសម្ដេចនាយករដ្ឋមន្ត្រី ប៉ុន្តែលទ្ធផលនៃការអនុវត្តរបស់រដ្ឋាភិបាលហាក់បីដូចគ្មានប្រសិទ្ធភាពឡើយ។ ដូច្នេះករណីមួយនេះបើខ្ញុំដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយហើយ នៅតែមិនចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រីខិលខូច គឺខ្ញុំនឹងប្ដឹងសុំផ្ដាច់ជំនួយពីអន្តជាតិទាក់ទងនឹងការអភិរក្សព្រៃឈើតែម្ដងបាទ។ ពេលដែលយើងអន្តរាគមន៍ទៅគាត់(មន្ត្រីរដ្ឋបាលព្រៃឈើ)អត់លើកទូរស័ព្ទ ដល់ពេលព្រឹកឡើងបទល្មើសទៅដល់ព្រំដែនហើយ បានគាត់ខល(ទូរស័ព្ទ)មកយើងវិញថាមានការអី»។
លោកបញ្ជាក់ថា មុនពេលដែលលោកនាំក្រុមការងារចុះល្បាតព្រៃ ដើម្បីពិនិត្យមើលស្ថានភាពបទល្មើសនេះ គឺមានបណ្ដាញរបស់លោករាយការណ៍ថាសកម្មភាពអារ និងដឹកជញ្ជូនប្រភេទឈើចម្រុះ និងឈើប្រណីតនៅបន្តកើតមានជាទ្រង់ទ្រាយតូចផង និងធំផងនៅតាមតំបន់ជួរភ្នំក្រវាញ ប៉ុន្តែមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមានសមត្ថកិច្ចប្រចាំការនៅតំបន់ទាំងនោះទប់ស្កាត់ពុំមានប្រសិទ្ធភាពទេ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព និងលោក ស៊្រុន ដារិត ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២២ ខែកញ្ញា។ ប៉ុន្តែលោក សៅ សុភាព ធ្លាប់ថ្លែងទទួលស្គាល់ថាបទល្មើសតូចតាចពិតជានៅបន្តកើតមានក្នុងតំបន់អភិរក្ស ឬឧទ្យានជាតិ ប៉ុន្តែពុំមានទ្រង់ទ្រាយធំនោះទេ។ ស្របពេលគ្នានេះរដ្ឋាភិបាលសម្រេចបន្ថែមកម្លាំងឧទ្យានរក្ស ៣០០នាក់ទៀតបន្ថែមលើកម្លាំងឧទ្យានរក្សដែលមានស្រាប់មិនដល់មួយពាក់ ដើម្បីគ្រប់គ្រងដីព្រៃអភិរក្សទំហំជិត៦លានហិកតារនៅទូទាំងប្រទេស។
រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បានចេញអនុក្រឹត្យចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ សម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្ដាល ដែលមានផ្ទៃដីទំហំជាង ៤សែនហិកតារ (៤០១.៣១៣ហិកតារ)។ តំបន់អភិរក្សជួរភ្នំក្រវ៉ាញ នេះ ឋិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ៕
No comments:
Post a Comment