ដោយ ហង្ស សាវយុត
2016-10-17
ប៉ូលិសចាប់ខ្លួនកូនប្រុសរបស់លោក ថៃ ម៉េង យកទៅការិយាល័យព្រហ្មទណ្ឌបន្ទាប់ពីបុរសពីរនាក់ឪពុកកូនកាន់កាំបិត និងពូថៅ រារាំងការអនុវត្តសាលដីការបស់តុលាការកំពូល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ដែលដឹកនាំការអនុវត្តសាលដីការបស់តុលាការកំពូល ក្នុងរឿងទំនាស់ដីធ្លី បានបញ្ជាឲ្យសមត្ថកិច្ចមានប៉ូលិស និងកងរាជអាវុធហត្ថ ចាប់ខ្លួនប្រជាពលរដ្ឋ ២នាក់ឪពុក និងកូន បញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌ កាលពីព្រឹកថ្ងៃច័ន្ទ ទី១៧ ខែតុលា។
ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចអះអាងថា បុរស ២នាក់ឪពុក និងកូន មានកាន់កាំបិតខ្វែវ និងពូថៅនៅក្នុងដៃ រារាំងដំណើរការអនុវត្តសាលដីការបស់តុលាការកំពូល។
ប្រជាពលរដ្ឋ ១គ្រួសារនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលជាភាគីចាញ់ក្តី អំពាវនាវឲ្យប្រមុខរដ្ឋាភិបាល ជួយរកយុត្តិធម៌សម្រាប់ក្រុមគ្រួសាររបស់គេក្នុងរឿងដែលតុលាការកំពូល បានចេញសាលដីការឹបអូសយកដីមួយផ្នែកទំហំជាង ១១ម៉ែត្រគុណនឹងជាង ៣៨ម៉ែត្រ ប្រគល់ទៅឲ្យភាគីជម្លោះម្ខាងទៀត។
ការអំពាវនាវ បានធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តសៀមរាប បានដឹកនាំការចុះអនុវត្តសាលដីការបស់តុលាការកំពូល ដើម្បីកាត់ដីឡូត៍ ព្រមទាំងមានការចាប់ខ្លួនបុរស ២នាក់ឪពុក និងកូនដែលជាចុងចោទ បញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌផង នៅព្រឹកថ្ងៃច័ន្ទ ទី១៧ ខែតុលា។
ស្ត្រីដែលជាកូនស្រីរបស់ភាគីចុងចោទ គឺលោកស្រី ថៃ លីឈុង។ លោកស្រីមានប្រសាសន៍ទាំងទឹកភ្នែកថា តុលាការខេត្តសៀមរាប មិនត្រឹមតែចុះមកអនុវត្តសាលដីការបស់តុលាការកំពូល កាត់ដីរបស់គាត់ទៅឲ្យភាគីម្ខាងទៀតប៉ុណ្ណោះទេ គឺថែមទាំងចាប់ខ្លួនឪពុករបស់គាត់ឈ្មោះ ថៃ ម៉េង និងបងប្រុសឈ្មោះ ថៃ ឆិក បញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌទៀតផង។
ស្ត្រីដដែលមិនទទួលយកការសម្រេចរបស់តុលាការកំពូល ដែលកាត់ដីផ្នែកខ្លះទៅឲ្យភាគីជម្លោះម្ខាងទៀតនោះទេ ពីព្រោះនាងអះអាងថា ដីរបស់នាងមានប្លង់រឹង ព្រមទាំងមានការទទួលស្គាល់ពីស្ថាប័នមួយចំនួនរបស់រដ្ឋាភិបាលទៀតផង៖ «វាអយុត្តិធម៌ចំពោះក្រុមគ្រួសារខ្ញុំពេក ហើយខាងគេមិនដឹងថាយោងលើឯកសារអ្វី បានជាតុលាការសម្រេចកាត់ដីឲ្យគេដល់ថ្នាក់ហ្នឹង»។
ទោះបីជាយ៉ាងណា អាស៊ីសេរី មិនអាចសុំការអធិប្បាយពីព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តសៀមរាប លោក សំរិទ្ធ សុខុន ដែលដឹកនាំការចុះអនុវត្តសាលដីការបស់តុលាការកំពូល ក្នុងរឿងរដ្ឋប្បវេណីនោះបានទេនៅថ្ងៃទី១៧ ខែតុលា។
តំណាងឲ្យភាគីដើមចោទ លោក ឡោ ប៉េងលន់ បានច្រានចោលការអះអាងរបស់ចុងចោទ ដោយថាមិនមែនរូបលោកទៅដណ្ដើមយកដីរបស់គេទេ គឺបុរសឈ្មោះ ថៃ ម៉េង ទៅវិញទេដែលជាអ្នករំលោភយកដីម្ដាយរបស់លោក។
លោក ឡោ ប៉េងលន់ បញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៨៧ ម្ដាយរបស់លោកឈ្មោះ ផ្លោក ភឿន បានកាន់កាប់ដីទំហំ ២៥ម៉ែត្រគុណនឹងបណ្ដោយ ១០៥ម៉ែត្រ។ ប៉ុន្តែនៅឆ្នាំ១៩៩០ នៅពេលដែលម្ដាយរបស់លោកទៅភ្នំពេញរយៈពេល ៣ខែ ដើម្បីមើលថែកូនស្រីម្នាក់ឆ្លងទន្លេ គឺឈ្មោះ ថៃ ម៉េង បានធ្វើរោងរំលោភយកដី ហើយចាប់ពីឆ្នាំ១៩៩៤ មក គឺលោកបានដាក់ពាក្យបណ្ដឹងទៅតុលាការតែម្ដង។
លោក ឡោ ប៉េងលន់ អះអាងថា ពេលនេះលោកមិនមែនជាភាគីឈ្នះក្តីទេ ពីព្រោះតែលោកខំតស៊ូរឿងក្តីរយៈពេល ២២ឆ្នាំ គឺបានត្រឹមតែតុលាការសម្រេចកាត់ដីមកឲ្យវិញទំហំជាង ១១ម៉ែត្រគុណនឹងជាង ៣៨ម៉ែត្រប៉ុណ្ណោះ៖ «ពិតជាឈ្មោះ ថៃ ម៉េង រំលោភយកដីរបស់ខ្ញុំ។ សាច់រឿងរបស់ខ្ញុំ បើនិយាយទៅវាប៉ះពាល់ បើទោះបីជាតុលាការកំពូល សម្រេចកាត់ដីមកឲ្យខ្លះវិញក៏ដោយ ក៏វាមិនទាន់ត្រឹមត្រូវទេ»។
កាលពីខែមករា ឆ្នាំ២០១៥ តុលាការកំពូល បានសម្រេចកាត់ដីមួយផ្នែកទៅឲ្យដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ ផ្លោក ភឿន បានកាន់កាប់ដីទំហំជាង ១១ម៉ែត្រគុណនឹងជាង ៣៨ម៉ែត្រ នៅក្នុងចំណោមទំហំដីសរុបជាង ២.៣៤០ម៉ែត្រក្រឡា ដែលឈ្មោះ ថៃ ម៉េង កំពុងកាន់កាប់ ហើយចាប់ពីខែមករា ឆ្នាំ២០១៥ ដែរ សាលាដំបូងខេត្តសៀមរាប បានចាប់អនុវត្តសាលដីការបស់តុលាការកំពូល ជាបន្តបន្ទាប់ ប៉ុន្តែមិនបានសម្រេច។ ទើបតែលើកទី៣ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ តុលាការខេត្តសៀមរាប ត្រូវតែបង្ខំអនុវត្តសាលដីការបស់តុលាការកំពូល ឲ្យទាល់តែបាន។
រហូតមកដល់ម៉ោងជាង ៤ និង ៣០នាទីល្ងាចថ្ងៃទី១៧ តុលា នេះ ប៉ូលិសនៃការិយាល័យព្រហ្មទណ្ឌ នៅមិនទាន់ដោះលែងបុរសដែលជាឪពុក និងកូននៅឡើយទេ គឺនៅបន្តការសាកសួរជុំវិញរឿងពូថៅ និងកាំបិតដែលគាត់យកមកគំរាម រារាំងការអនុវត្តសាលដីកានោះមួយករណីផ្សេងទៀត៕
No comments:
Post a Comment