Monday, 10 October 2016

របាយការណ៍៖ ប្រាក់​វិនិយោគ​ធនាគារ​ពិភពលោក​ពាក់ព័ន្ធ​​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា


ដោយ សាន សែល
2016-10-10

អ្នក​បឹងកក់ ស្រែក​តវ៉ា គោះ​ចាន​ឆ្នាំង អង្រួន​ទ្វារ​របង និង​គប់​ពង​មាន់​ដាក់​ស្លាក​ឈ្មោះ​របស់​ធនាគារ​ពិភពលោក (World Bank) ទាមទារ​ដំណោះស្រាយ​ដីធ្លី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Leng Maly
អ្នក​បឹងកក់ ស្រែក​តវ៉ា គោះ​ចាន​ឆ្នាំង អង្រួន​ទ្វារ​របង និង​គប់​ពង​មាន់​ដាក់​ស្លាក​ឈ្មោះ​របស់​ធនាគារ​ពិភពលោក (World Bank) ទាមទារ​ដំណោះស្រាយ​ដីធ្លី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Leng Maly



លទ្ធផល​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​រក​ឃើញ​ថា ស្ថាប័ន​មួយ​របស់​ធនាគារ​ពិភពលោក (World Bank) ផ្តល់​ប្រាក់​កម្ចី​ដល់​ក្រុមហ៊ុន និង​គម្រោង​ដែល​បាន​បណ្ដេញ​ប្រជាជន​ចេញ​ដោយ​បង្ខំ​រាប់​សិប​ពាន់​នាក់ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ។

របាយការណ៍​ស៊ើប​អង្កេត​របស់​អង្គការ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ទាំងអស់​គ្នា (Inclusive Development International) ដែល​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន (ថ្ងៃ​ទី​៣ តុលា) បង្ហាញ​ថា ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (International Finance Corporation) ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ធនាគារ​ពិភពលោក តាម​រយៈ​ប្រាក់​វិនិយោគ​របស់​ខ្លួន បាន​បង្ក​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ បំផ្លាញ​ប្រភព​ទឹក និង​សម្លាប់​ជីវចម្រុះ​ជិត​ផុត​ពូជ។ សកម្មជន​ដែល​តស៊ូ​មតិ​ដើម្បី​ការពារ​ប្រជាជន និង​បរិស្ថាន ក៏​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ វ៉ៃ​ដំ និង​សម្លាប់។



សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) របស់​ធនាគារ​ពិភពលោក អះអាង​ថា ខ្លួន​ផ្ដល់​សេវាកម្ម​ប្រាក់​កម្ចី​ដើម្បី​ជួយ​អាជីវកម្ម​ខ្នាត​តូច នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ឲ្យ​ទទួល​បាន​ដើមទុន ដោយ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ។

នាយក​គ្រប់គ្រង​នៃ​អង្គការ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ទាំងអស់​គ្នា (Inclusive Development International) លោក ដេវីឌ ប្រេដ (David Pred) មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​របស់​អង្គការ​លោក រក​ឃើញ​ថា តាម​ពិត IFC កំពុង​ប្រើប្រាស់​ថវិកា​របស់​ធនាគារ​ពិភពលោក គាំទ្រ​ការ​រក​ស៊ី​ខ្នាត​ធំ ដែល​បង្ក​គ្រោះថ្នាក់​បំផុត​ដល់​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា។

លោក​ឲ្យ​ដឹង​ទៀត​ថា គម្រោង​ដែល IFC ផ្ដល់​ប្រាក់​ឲ្យ​ខ្ចី​ជា​អាជីវកម្ម​ដែល​មាន​គ្រោះថ្នាក់​ខ្ពស់ ដូចជា​ថាមពល កសិពាណិជ្ជកម្ម រ៉ែ ដឹក​ជញ្ជូន និង​ផ្លូវ​ថ្នល់ ដែល​មាន​ទីតាំង​នៅ​ក្នុង​តំបន់​អាស៊ី អាហ្វ្រិក និង​ឡាទីន​អាមេរិក។

ការ​ស៊ើប​អង្កេត​របស់​អង្គការ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ទាំងអស់​គ្នា (Inclusive Development International) រក​ឃើញ​ថា ធនាគារ​ពិភពលោក បាន​ជួយ​គាំទ្រ​ផ្នែក​ថវិកា​ដល់​គម្រោង​វិនិយោគ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង គម្រោង​សម្បទាន​រ៉ែ​មាស​អង្គរ​ហ្គោល (Angkor Gold) និង​គម្រោង​វិនិយោគ​ចម្ការ​កៅស៊ូ។ គម្រោង​ទាំង​បី​នេះ កំពុង​ប៉ះពាល់​ដល់​ប្រជាជន​មូលដ្ឋាន និង​បរិស្ថាន ដោយ​បណ្ដាល​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​ប៉ះពាល់​ទន្លេ​មេគង្គ។

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (International Finance Corporation) របស់​ធនាគារ​ពិភពលោក ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​សួរ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​តុលា។

របាយការណ៍​អង្គការ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ទាំងអស់​គ្នា (Inclusive Development International) ចន្លោះ​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា IFC បាន​ផ្តល់​ប្រាក់ ៥០​ពាន់​លាន​ដុល្លារ​ដល់​ធនាគារ​ពាណិជ្ជកម្ម មូលនិធិ​សមធម៌​ឯកជន និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង។

មន្ត្រី​ផ្នែក​គោល​នយោបាយ​នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ លោក បូល វ៉ាន់ដេវ៉ូត (Pol Vandevoort) បាន​ឆ្លើយ​តប​នឹង​លទ្ធផល​ស៊ើប​អង្កេត​នេះ​ថា ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ប៉ុន្តែ​អ្វី​ដែល​ជា​អាថ៌កំបាំង គឺ​របៀប​ដែល IFC លាក់​បាំង​ពី​ទិសដៅ​ចុង​ក្រោយ​នៃ​ប្រាក់​វិនិយោគ។ លោក​ថា វិធី​តែ​មួយ​គត់​ដើម្បី​ស្វែងរក​ព័ត៌មាន​នេះ គឺ​ត្រូវ​ប្រើ​ប្រព័ន្ធ​ទិន្នន័យ​ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន និង​ព្យាយាម​អត់ធ្មត់ ដើម្បី​តាមដាន​របាយការណ៍​របស់​ក្រុមហ៊ុន ដែល​វិនិយោគ​ប៉ះពាល់​សហគមន៍​ច្រើន​ជាង​គេ។

នាយក​គ្រប់គ្រង​នៃ​អង្គការ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ទាំងអស់​គ្នា បញ្ជាក់​ថា ស្ថាប័ន​ហិរញ្ញវត្ថុ ឬ​ធនាគារ​ដែល​ទទួល​បាន​ប្រាក់​វិនិយោគ​ពី IFC បាន​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ខ្ចី​ប្រាក់ ដោយ​ផ្ទុយ​ពី​គោលការណ៍​ធានា​សង្គម និង​បរិស្ថាន​របស់ IFC ដែល​ជា​លទ្ធផល ធនាគារ​ពិភពលោក ទទួល​បាន​ប្រាក់​ចំណេញ​ពី​សកម្មភាព​រក​ស៊ី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចាប់ បំផ្លាញ​បរិស្ថាន និង​បង្កើត​ឧក្រិដ្ឋកម្ម។

អង្គការ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ទាំងអស់​គ្នា អំពាវនាវ​ឲ្យ IFC បញ្ឈប់​ជា​បន្ទាន់​ក្នុង​ការ​វិនិយោគ​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ ដែល​មិន​មាន​ទំនួល​ខុស​ត្រូវ ហើយ IFC ត្រូវ​ចាត់ការ​ជា​បន្ទាន់ ដើម្បី​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ខ្លួន​ដាក់​ប្រាក់​វិនិយោគ អនុវត្ត​តាម​ស្តង់ដារ​អនុវត្ត IFC (IFC Performance Standards) និង​តាម​គោលការណ៍​ណែនាំ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស និង​អាជីវកម្ម៕

No comments: