Sunday, 16 October 2016

ក្បួន​ដង្ហែ​រូប​សំណាក​បណ្ឌិត កែម ឡី ទៅ​ដល់​កន្លែង​តម្កល់​ហើយ​នៅ​ខេត្ត​តាកែវ


ដោយ អាស៊ីសេរី
2016-10-16

រូប​សំណាក​បណ្ឌិត កែម ឡី ត្រូវ​បាន​តម្កល់​នៅ​ផ្ទះ​របស់​លោក នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦។
រូប​សំណាក​បណ្ឌិត កែម ឡី ត្រូវ​បាន​តម្កល់​នៅ​ផ្ទះ​របស់​លោក នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៦។

Photo: RFA



រូប​សំណាក​បណ្ឌិត កែម ឡី ត្រូវ​បាន​ដង្ហែ​ទៅ​ដល់​ផ្ទះ​របស់​លោក​ហើយ​នៅ​ម៉ោង​ជាង ៣​រសៀល​ថ្ងៃ​អាទិត្យ ទី​១៦ តុលា។ មនុស្ស​រាប់​ពាន់​នាក់​បាន​ចូលរួម​ពិធី​ដង្ហែ​រូប​សំណាក​នេះ​ពី​ភ្នំពេញ ទៅ​តម្កល់​នៅ​ស្រុក​កំណើត​របស់​លោក​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ពិធី​ដង្ហែ​រូប​សំណាក​បណ្ឌិត កែម ឡី ចេញ​ពី​វត្ត​ពោធិយារាម វត្ត​ចាស់ នៅ​ម៉ោង​ជាង ៧​ព្រឹក​ថ្ងៃ​ដដែល ដោយ​មាន​ការ​សម្រួល​ចរាចរណ៍​យ៉ាង​ល្អ​ពី​សមត្ថកិច្ច​នៅ​តាម​ដង​ផ្លូវ។ ចំណែក​អ្នក​ចូលរួម​ជាច្រើន​ពាន់​នាក់​ទៀត រង់ចាំ​នៅ​រង្វង់​មូល​ចោមចៅ ដើម្បី​ចូលរួម​ដង្ហែ​រូប​សំណាក​ឆ្ពោះ​ទៅ​ខេត្ត​តាកែវ។



ថ្ងៃ​ទី​១៤-១៥ តុលា គណៈកម្មការ​បុណ្យ​បាន​រៀបចំ​ពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​ជូន​លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ និង​នៅ​ថ្ងៃ​អាទិត្យ ទី​១៦ តុលា គឺ​គណៈកម្មការ​ដង្ហែ​រូប​សំណាក​បណ្ឌិត កែម ឡី យក​ទៅ​តម្កល់​នៅ​ខេត្ត​តាកែវ។

លោក កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ក្នុង​ហាង​ស្តារ​ម៉ាត (Star Mart) ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ជិត​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព និង​អ្នក​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​នេះ​នៅ​ឡើយ ក្រៅ​ពី​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់។

សូម​រង់ចាំ​តាមដាន​ព័ត៌មាន​បន្ថែម!

No comments: