Tuesday, 11 October 2016
តុលាការក្រុងភ្នំពេញកោះហៅប្រធានបក្សប្រឆាំងលោក សម រង្ស៊ី មួយករណីទៀត
ដោយ អ៊ុង សេរីវុទ្ធ
2016-10-11
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នាការិយាល័យនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។
Photo: RFA
ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចេញដីកាកោះហៅ លោក សម រង្ស៊ី ដើម្បីសាកសួរពីករណីមួយទៀត ចំពោះដំណើររឿងញុះញង់ បង្កចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម នៅថ្ងៃទី២១ តុលា។
ដីកានេះចុះកាលពីថ្ងៃទី៦ តុលា បានផ្សព្វផ្សាយនៅថ្ងៃទី១១តុលា មិនបានបញ្ជាក់ពីដំណើររឿងញុះញង់កាលពីថ្ងៃទី១១ កញ្ញា ២០១៦ ថាតើលោក សម រង្ស៊ី ធ្វើឡើងដោយបែបណា និងនៅទីណានោះទេ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី១១ តុលា ថា លោកមិនចាប់អារម្មណ៍ចំពោះដីការបស់តុលាការ កោះហៅលោក សម រង្ស៊ី ទៀតនេះឡើយ។ លោកចាត់ទុកករណីលោក សម រង្ស៊ី គឺជារឿងនយោបាយ ហើយលោកក៏មិនដឹងថា ដីការបស់សាលាដំបូងរាជធានីភ្នំពេញនៅពេលនេះ លើកឡើងពីអ្វីនោះដែរ។
បច្ចុប្បន្នលោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស ខណៈលោកកំពុងជាប់បណ្ដឹងបរិហារកេរ្តិ៍ចំនួន៣ករណី នៅតុលាការក្រុងភ្នំពេញ រួមមានបណ្ដឹងរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បណ្ដឹងរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន និងបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងពីបទបរិហាកេរ្តិ៍៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment