ដោយ ប្រាជ្ញ ចេវ
2016-10-08
ពលរដ្ឋខ្មែររស់នៅអូស្ត្រាលីតវ៉ាប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត នាទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។
RFA/Chun Chanboth
គណបក្សប្រជាជនកម្ពុជា ឆ្លើយតបទៅនឹងបាតុកម្មប្រឆាំងកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដោយចោទប្រកាន់ថា បាតុកម្មដែលដឹកនាំដោយតំណាងរាស្ត្រប្រទេសអូស្ត្រាលី ហុង លីម ធ្វើក្រោមខ្សែញាក់របស់គណបក្សនយោបាយមួយដែលមានមជ្ឈដ្ឋានអ្នកប្រឆាំង។
សេចក្ដីប្រកាសព័ត៌មានចុះនៅថ្ងៃទី៨ ខែតុលា របស់គណបក្សប្រជាជនកម្ពុជា លើកឡើងថា លោក ហុង លីម ដែលបោះបង់សញ្ជាតិខ្លួនឯងពុំមានសិទ្ធិបញ្ចេញមតិលើអធិបតេយ្យកម្ពុជា និងមិនតំណាងឲ្យសំឡេងខ្មែរពិតប្រាកដដូចដែលអ្នកចូលរួមបាតុកម្មចង់បាននោះទេ។
បញ្ជាក់បន្ថែមលើសេចក្ដីប្រកាសព័ត៌មាននេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យអាស៊ីសេរី ដឹងថា មជ្ឈដ្ឋានអ្នកប្រឆាំងដែលជាខ្សែញាក់ធ្វើឲ្យមានបាតុកម្មនេះ ជាចង្កោមអ្នកប្រឆាំងគណបក្សប្រជាជនកម្ពុជា។ ទាក់ទងនឹងការចោទប្រកាន់លើលោក ហុង លីម វិញម្ដង លោក សុខ ឥសាន បន្តថា លោក ហុង លីម អស់សិទ្ធិជាពលរដ្ឋខ្មែរ ព្រោះបុគ្គលរូបនេះប្រមាថជាតិឯងជារបបតិរច្ឆាន៖ «គាត់ប្រមាថគេថា តិរច្ឆានទូទាំងប្រទេស គាត់ហ្នឹងតិរច្ឆានជាងគេទៅទៀត។ ខ្លួនឯងជប់លៀងក្នុងរង្វង់បុណ្យ ១០០ថ្ងៃលោកបណ្ឌិត កែម ឡី បាន ដល់ពេលគេធ្វើទៅជាចង្អៀតចង្អល់ តើជាអ្នកប្រជាធិបតេយ្យដែរ ឬទេ? គួរឲ្យខ្មាសគេណាស់ដែលខ្លួនជាតំណាងរាស្ត្រក្នុងប្រទេសប្រជាធិបតេយ្យ ធ្វើប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ»។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសអូស្ត្រាលី សហគមន៍ខ្មែរនៅទីក្រុងម៉ែលប៊ន (Melbourne) ប្រមាណជាង ៥០០នាក់ នាំគ្នាតវ៉ាកាលពីរាត្រីថ្ងៃទី៧ ខែតុលា។ ការតវ៉ានេះ គឺដើម្បីប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត ព្រមទាំងទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់កាលពីខែកក្កដា កន្លងទៅ និងទាមទារឲ្យដោះលែងសកម្មជន និងសមាជិកសភាបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ៕
1 comment:
Fanatic SEE PEE PEE:
Yes, All Khmer people are behind the demonstration.
Open your eye and see Yuon all over your airhead in Cambodia.
Post a Comment