by គណបក្ស សង្រ្គោះជាតិ, តុលា 7, 2016
លោក អេង ឆៃអ៊ាង ថ្លែងសារនយោបាយក្នុងវេទិកានយោបាយស្តីពីការបោះឆ្នោតនៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាពេលកន្លេងមក ។ រូបភាពដោយ៖ ឈន វាសនា/CNRP
អនុប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង នៅព្រឹកថ្ងៃទី០៧ តុលានេះ បានបញ្ជាក់ពីភាពមិនប្រក្រតីអំពីការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំ-សង្កាត់មួយចំនួន។ ការថ្លែងបែបនេះ គឺនៅក្នុងវេទិកានយោបាយសស្តីពីការបោះឆ្នោត ដល់ប្រជាពលរដ្ឋ និងសកម្មជននាទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ។
ថ្លែងទៅកាន់សកម្មជន និងពលរដ្ឋនៅក្នុងវេទិកានយោបាយស្ដីពី ដំណើរការបោះឆ្នោតនាព្រឹកនេះ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ដំណើរការចុះឈ្មោះបោះឆ្នោតមានរយៈពេលជាងមួយខែហើយ ចំណែកប្រជាពលរដ្ឋដែលបានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតក៏បានជាង៤លាននាក់ផងដែរ ។
លោកបញ្ជាក់ថា រយៈពេល៩០ថ្ងៃនៃការចុះឈ្មោះបោះឆ្នោតបានបញ្ចប់ លោករំពឹងទុកថា ប្រជាពលរដ្ឋនឹងបំពេញកាតព្វកិច្ចរបស់ខ្លួនបានគ្រប់ៗគ្នាក្នុងការទៅចុះឈ្មោះបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនំាស្របតាមឆន្ទៈរបស់ពលរដ្ឋម្នាក់ៗ ។ លោក អេង ឆៃអ៊ាង តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវដល់ភ្នាក់ងារអង្កេតការណ៍របស់គណបក្សសង្គ្រោះជាតិទំាងអស់ ឲ្យជួយតាមដានដោយយកចិត្ដទុកដាក់អំពីដំណើរការនៃការចុះបោះឆ្នោតនៅតាមការិយាល័យ ដើម្បីធានាបាននូវភាពប្រក្រតី និងមានប្រសិទ្ធភាពខ្ពស់ ។
ជុំវិញបញ្ហាខាងលើនេះប្រពលរដ្ឋមកពីខេត្ដកណ្ដាល ដែលមកចូលរួមក្នុងវេទិកានយោបាយស្ដីពី ដំណើរការបោះឆ្នោត នាទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក៏បានលើកឡើងពីភាពមិនប្រក្រតីមួយចំនួនផងដែរថា ដំណើរការនៃការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យក្នុងខេត្ដកណ្ដាល មានជនជាតិវៀតណាម បានមកចុះឈ្មោះជាច្រើននាក់ ជាពិសេសមានការបន្លំដាក់ឈ្មោះចូលក្នុងប្រព័ន្ធកុំព្យូទ័រថែមទៀតផង ។
ជាមួយគ្នានេះដែលតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញលោក ហូរ វ៉ាន់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទំាងប្រទេសដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិពេញលេញក្នុងការចូលរួមបោះឆ្នោតនៅឆ្នំា២០១៧ និងឆ្នំា២០១៨ ។
លោក ហូរ វ៉ាន់ ក៏បានបញ្ជាក់បន្ថែមថា ការចុះឈ្មោះឆ្នោតក្នុងបញ្ជីថ្មីនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋកម្ពុជាគ្រប់ៗរូប ព្រោះនេះជាបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី គេមិនយកបញ្ជីឈ្មោះបោះឆ្នោតចាស់មកប្រើទៀតនោះទេ ។
សូមជម្រាបជូនផងដែលថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចាប់ផ្ដើមការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ដែលមានរយៈពេល៩០ថ្ងៃ ហើយនឹងគ្រោងបិទបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅខែដើមខែមករា ឆ្នាំ២០១៧៕
No comments:
Post a Comment