ដោយ យ៉ង ចាន់តារា
2016-12-19
ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ផ្ដល់បទសម្ភាសន៍នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។ RFA/Um Rainsey
RFA/Um Rainsey
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ស្នើឲ្យរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អនុវត្តការប្ដេជ្ញាចិត្តរបស់ខ្លួននៅក្នុងអង្គសន្និបាត ដែលបានបញ្ចប់កាលពីថ្ងៃទី១៨ ធ្នូ ម្សិលមិញ ជុំវិញការធានាសន្តិសុខ និងសុវត្ថិភាពសង្គមជូនពលរដ្ឋឲ្យមានប្រសិទ្ធភាព។
ការអំពាវនាវរបស់អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានបញ្ចប់សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤០ របស់ខ្លួនកាលពីថ្ងៃទី១៨ ខែធ្នូ ដោយបានដាក់ចេញនូវទិសដៅជាច្រើនសម្រាប់ប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ ក្នុងនោះក៏មានការជំរុញកិច្ចការពារថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គមដែរ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សកម្ពុជា នៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់ថា អាជ្ញាធរកម្ពុជា បានប្រឹងប្រែងជួយការពារសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋ ប៉ុន្តែលោកថាការអនុវត្តហាក់មិនសូវមានប្រសិទ្ធភាព ពោលគឺអំពើចោរកម្ម ការប្លន់ប្រដាប់អាវុធ និងអំពើឃាតកម្ម ជាដើម នៅតែបន្តកើតមាន ដែលបង្កជាក្តីព្រួយបារម្ភសម្រាប់ពលរដ្ឋ។
លោក អំ សំអាត ថ្លែងថា៖ «ការលើកឡើងរបស់ថ្នាក់ដឹកនាំរបស់គណបក្សកាន់អំណាច ក៏ជាការបង្ហាញមួយដែរថា បទល្មើសទាំងអស់ហ្នឹងវានៅមាន។ អ៊ីចឹងឲ្យយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសពាក់ព័ន្ធនឹងឃាតកម្មទៅលើសកម្មជន អ្នកការពារសិទ្ធិមនុស្ស ឬក៏អ្នកសារព័ត៌មាន ត្រូវតែធានានៅក្នុងការស្វែងរកយុត្តិធម៌សម្រាប់ពួកគេឲ្យបានហ្មត់ចត់ និងម៉ឺងម៉ាត់ ដើម្បីធានាថាពួកគេនឹងទទួលបានភាពយុត្តិធម៌ ហើយជនដែលបង្ក ធានាថាត្រូវបានផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ អាហ្នឹងបានវាអាចធានាបាននូវសន្តិសុខ និងសុវត្ថិភាព»។
លោក អំ សំអាត បន្តថា អាជ្ញាធរត្រូវបែងចែកឲ្យដាច់ពីគ្នារវាងបទល្មើស និងការអនុវត្តសិទ្ធិប្រមូលផ្តុំ ពីព្រោះកន្លងទៅ អាជ្ញាធរតែងចុះបង្ក្រាប ឬបំបែកការប្រមូលផ្តុំ និងការជួបប្រជុំដោយសន្តិវិធីរបស់ពលរដ្ឋ ក្រោមហេតុផលថាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។
នៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤០ គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកាសគាំទ្រពេញទំហឹងចំពោះការបង្ក្រាប និងប្រយុទ្ធប្រឆាំងអំពើចោរកម្ម ឃាតកម្ម ការប្លន់ប្រដាប់អាវុធ និងបញ្ហាគ្រឿងញៀនជាដើម ព្រមទាំងវែកមុខចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ការពង្រឹងសន្តិសុខសង្គម គឺជាកត្តាមួយដែលអាចឲ្យពលរដ្ឋជឿទុកចិត្ត និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព យល់ឃើញថា សន្តិសុខសង្គមមិនទាន់ត្រូវបានធានាឲ្យបានពេញលេញនៅឡើយ ដ្បិតពលរដ្ឋហាក់នៅមានក្តីបារម្ភចំពោះអំពើចោរកម្ម លួច ឆក់ ប្លន់ ជាដើម។ ចំណែកខាងវិស័យសិទ្ធិមនុស្សវិញ អ្នកស្រី ចក់ សុភាព កត់សម្គាល់ថា រដ្ឋាភិបាលបានប្រើប្រាស់ពាក្យការពារសន្តិសុខសង្គមនេះ ជាហេតុផលក្នុងការបង្ក្រាបបាតុកម្មដោយសន្តិវិធីរបស់ពលរដ្ឋ៖ «កន្លងមកមានការយាយីដល់សកម្មជនសិទ្ធិមនុស្សជាច្រើន រហូតដល់មានអំពើឃាតកម្មទៅទៀត។ ជនល្មើសនៅក្រៅច្បាប់ ហើយយល់ថាខ្លួនអាចនៅតែប្រព្រឹត្តអំពើទាំងអស់នោះ ដោយសារតែខ្លួននឹងមិនត្រូវបានប្រឈមនឹងទោសទណ្ឌ។ អ៊ីចឹងវានឹងបង្កហានិភ័យច្រើនមកដល់សកម្មជនការពារសិទ្ធិមនុស្សផ្សេងទៀតៗ ឬក៏ពលរដ្ឋទូទៅ។ អ៊ីចឹងទាមទារឲ្យមានការត្រួតពិនិត្យទាំងការបង្ក្រាបលើអំពើឃាតកម្មនានា កាត់បន្ថយអំពើឃាតកម្ម និងទាំងកិច្ចប្រឹងប្រែងក្នុងការរកយុត្តិធម៌ឲ្យដល់អ្នករងគ្រោះ និងក្រុមគ្រួសារ ហើយដើម្បីយុត្តិធម៌សង្គម»។
ទាក់ទងនឹងអំពើឃាតកម្មនៅកម្ពុជា បើគិតចាប់តាំងពីឆ្នាំ១៩៩៣ ពោលគឺនៅពេលកម្ពុជា ចាប់ផ្តើមអនុវត្តរបបប្រជាធិបតេយ្យមកទល់នឹងពេលបច្ចុប្បន្ន យ៉ាងហោចណាស់មានមនុស្សជាង ១០០នាក់ត្រូវបានគេធ្វើឃាត ដោយសារតែការបំពេញមុខងាររបស់ខ្លួន ការបញ្ចេញមតិរិះគន់រដ្ឋាភិបាល ឬការបរិហារការធ្វើជំនួញខុសច្បាប់របស់អ្នកមានអំណាច។ ជនរងគ្រោះទាំងនោះរួមមាន អ្នកសារព័ត៌មាន សកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនដីធ្លី សហជីព កម្មកររោងចក្រ និងករណីចុងក្រោយ គឺអ្នកវិភាគបញ្ហាសង្គម និងនយោបាយបណ្ឌិត កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់កាលពីខែកក្កដា កន្លងទៅ។
អំពើឃាតកម្មទាំងនេះមិនទាន់ត្រូវបានអាជ្ញាធរវែកមុខចាប់ជនដៃដល់យកមកផ្ដន្ទាទោសនៅឡើយ ហើយមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតសំណុំរឿងទាំងអស់នេះ៖ «សម្ដេចក្រឡាហោម ស ខេង មិនដែលបានបញ្ជាឲ្យបិទសំណុំរឿងណាមួយដែលមិនទាន់ឈានទៅដល់ការចាប់ខ្លួនជនល្មើស ឬក៏មិនទាន់រកយុត្តិធម៌ជូនជនរងគ្រោះ។ សំណុំរឿងណាដែលរកមិនឃើញ នៅតែបើកចំហជារៀងរហូត ហើយការងារស្រាវជ្រាវស៊ើបអង្កេតស្វែងរកជនល្មើស គឺនៅតែបន្ត»។
ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ចាត់ទុកភាពយឺតយ៉ាវក្នុងការស្វែងរកយុត្តិធម៌នេះ ថាជាអំពើនិទ្ទណ្ឌភាព ហើយវានឹងលើកទឹកចិត្តឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋបែបនេះទៀតនៅពេលខាងមុខ ដែលធ្វើឲ្យកម្ពុជា ក្លាយជាសង្គមមួយដែលអសន្តិសុខ៕
No comments:
Post a Comment