ដោយ ជិន ជេដ្ឋា
2016-12-20
របាំងសាច់អួនក្រឡាញឹកដែលក្រុមឈ្មួញ និងពលរដ្ឋមានធនធានដាក់នៅក្នុងទឹកដីឃុំពោធិ៍ និងឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ រូបថតថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤
RFA/Chin Chetha
គណៈបញ្ជាការឯកភាពខេត្ត និងស្រុក នៃខេត្តកំពង់ឆ្នាំង នឹងបង្ក្រាបបទល្មើសនេសាទជាទ្រង់ទ្រាយធំលើកទី២ បន្ទាប់ពីចុះបង្ក្រាបលើកទី១ រឹបអូសអួន និងទូកនេសាទខុសច្បាប់ជាច្រើនគ្រឿង ដើម្បីកសាងសំណុំរឿងទៅតុលាការ។ មន្ត្រីជំនាញបញ្ជាក់ថា វត្ថុតាងបទល្មើសដែលរឹបអូសបាននោះ គឺជារបស់ជនជាតិវៀតណាម ចំនួន ១២នាក់។
សមាជិកគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទ និងជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ឲ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ថា មន្ត្រីជំនាញជលផល និងតំណាងអយ្យការ កំពុងដំណើរការនីតិវិធី ហើយអាចចោទប្រកាន់ជនជាតិវៀតណាម ចំនួន ១២នាក់ដែលពាក់ព័ន្ធនឹងបទល្មើសនេសាទ តាមមាត្រា៩៨ និង៩៩ នៃច្បាប់ស្ដីពីជលផល។
លោក ងិន ហ៊ុន បន្ថែមថា សកម្មភាពចុះបង្ក្រាបទ្រង់ទ្រាយធំដែលចាប់ពីថ្ងៃទី១៤ ខែធ្នូ មក កម្លាំងសមត្ថកិច្ចចម្រុះរឹបអូសបានអួន ១១វង់ និងទូកស្មាច់ពាក់ព័ន្ធនឹងបទល្មើសចំនួន ១២គ្រឿង ឋិតនៅសង្កាត់ផ្សារឆ្នាំង។ លោកថា នៅថ្ងៃទី២១ ខែធ្នូ កម្លាំងជំនាញជលផល ប៉េអិម ព្រមទាំងមានតំណាងអយ្យការផង នឹងចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកកំពង់លែង និងស្រុកជលគីរី៖ «ឥឡូវហ្នឹងក្រុមការងាររបស់ខ្ញុំសម្រាប់គណៈបញ្ជាការឯកភាពខេត្ត និងស្រុក គឺយើងបានធ្វើយុទ្ធនាការជាបន្តបន្ទាប់ ប៉ុន្តែមានពលរដ្ឋមួយចំនួនធ្វើទៅលើសប្រវែងលើសអីហ្នឹង យើងបានអប់រំគាត់ឲ្យកាត់តម្រឹមត្រូវទៅតាមច្បាប់ ហើយអាណាទ្រង់ទ្រាយធំ យើងរឹបអូសទៅកម្ទេចចោល»។
ច្បាប់ស្ដីពីជលផលមាត្រា៤១ ត្រង់ចំណុចទី៣ បានហាមឃាត់ការធ្វើនេសាទក្នុងកន្លែងបម្រុងដោយប្រើឧបករណ៍គ្រប់ប្រភេទ រួមផ្សំដោយរបាំងព្រួលដែលមានបណ្ដោយលើសពី ៥០ម៉ែត្រ ឬលាតសន្ធឹងលើសពីពីរភាគបីនៃទទឹងមុខទឹក ឬធ្វើឲ្យរាំងស្ទះដល់ជលយានគ្រប់ប្រភេទ។ ជនណាដែលប្រព្រឹត្តល្មើសនេះ ត្រូវពិន័យអន្តរការណ៍ពីរដ្ឋបាលជលផលជាប្រាក់ពី ៥លាន ដល់ ១០លានរៀល។
ចំណែកមាត្រា១០៣ ត្រង់ចំណុចទី៥ ចែងថា ចំពោះមន្ត្រីរដ្ឋបាលជលផលដែលមិនបានរាយការណ៍ ឬមិនបានដាក់ពាក្យបណ្ដឹងចំពោះបទល្មើសថ្នាក់ទី១ ដែលបានកើតក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួនទាន់ពេលវេលា ត្រូវចាត់ទុកជាបទល្មើស ហើយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ ឬពិន័យជាប្រាក់ពី ៥លានរៀលទៅដល់ ៥០លានរៀល។
ទោះបីជាយ៉ាងនេះក្ដី ពលរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលខ្លះរិះគន់ថា កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបបានតែបទល្មើសតូចតាច ឬរឹបអូសអួនពីក្នុងផ្ទះ និងទូករបស់ពលរដ្ឋ ជាជាងបង្ក្រាបបទល្មើសក្នុងទឹក។
ប្រជានេសាទ និងជាកសិករនៅឃុំផ្លូវទូក ស្រុកកំពង់លែង លោក សេង បឿន អះអាងថា របាំងអួន ៦ខ្សែយ៉ាងតិចពីរគីឡូម៉ែត្រនៅក្បែរចម្ការរបស់លោក ចាប់ពីចុងកោះស្វាយកាប ដល់ចុងកន្ទ្រ នៃឃុំផ្លូវទូក មិនត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនោះទេ។ លោកថា រយៈពេលជាង ៥ខែហើយ ដែលសមត្ថកិច្ចជលផលបើកកាណូតដឹកក្រុមការងារចុះបង្ក្រាបកាត់ទីតាំងនេះដែរ មិនឃើញបង្ក្រាប៖ «សំណូមពរឲ្យលោកជលផល ឲ្យមើលផង! កុំស៊ីលុយពួកអាអស់ហ្នឹងពេក! ខ្ញុំយកការណ៍ជាក់ស្ដែងលើកក្រោយនេះ ខ្ញុំថតម៉ង! ទៅកាប់អារបាំងកំប៉ិកកំប៉ុកៗយកមកថតឲ្យអ្នកធំមើលទេ ដល់របាំងរាប់គីឡូម៉ែត្រអត់មើលសោះ។ នៅតំបន់វាលភក់ ម្នាក់ៗដាក់ចង់កាត់ទន្លេជិតហើយ រាប់គីឡូដី គ្រាន់តែថា អូ!មេចុះមកហើយ ពន្លិច មកហើយពន្លិចអស់រលីង»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បញ្ជាក់ថា បញ្ហាបទល្មើសនេសាទត្រូវធ្វើជាប្រចាំ ដោយចុះកាត់តម្រឹមឧបករណ៍ល្មើស និងអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ៕
1 comment:
I don't think that judge can do anything for all of that YOUN even they all violation of that fishing law Because they 're YOUN . Choy Dek oeuy
Post a Comment