Thursday, 15 December 2016
កម្ពុជាដាក់ចេញយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ស្របពេលប្រធានាធិបតីហ្វីលីពីនមកកម្ពុជា
ដោយ អ៊ុង សេរីវុទ្ធ
2016-12-14
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (ស្ដាំ) និងប្រធានាធិបតីហ្វីលីពីន (Philippine) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) (ឆ្វេង) ជួបពិភាក្សានៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
ប្រមុខរដ្ឋាភិបាលកម្ពុជាដាក់ចេញយុទ្ធនាការថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របពេលទស្សនកិច្ចផ្លូវរដ្ឋលើកទី១ របស់ប្រធានាធិបតីហ្វីលីពីនលោក លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលជាអ្នកកំពុងអនុវត្តយុទ្ធនាការដូចគ្នានេះដ៏ខ្លាំងក្លាពុំធ្លាប់មានក្នុងប្រទេស និងធ្វើឲ្យមនុស្សជិត៦ពាន់នាក់ស្លាប់។
យុទ្ធនាការបង្ក្រាបគ្រឿងញៀនដែលរដ្ឋាភិបាលប្រកាសអនុវត្តលើកទី១ រយៈពេល៦ខែ ចាប់ពីដើមឆ្នាំក្រោយតទៅនោះ ពុំមែនជារឿងថ្មីឡើយ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារឿយៗ តែងរំលឹកដល់មន្ត្រីរបស់ខ្លួនឲ្យអនុវត្តនូវបញ្ជារបស់លោក ឲ្យធ្វើយ៉ាងណាអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យសម្រេចតាមការប្ដេជ្ញាចិត្តថា កម្ពុជាជាប្រទេសគ្មានគ្រឿងញៀនជាដើម។
នៅពេលនេះ រដ្ឋាភិបាលទទួលស្គាល់ថា ការចរាចរជួញដូរគ្រឿងញៀននៅកម្ពុជាមិនថយចុះទេ និងថែមទាំងរីករាលដាលគួរឲ្យបារម្ភ ពីទីក្រុងរហូតដល់ជនបទដាច់ស្រយាលមួយចំនួនទៀតផង។ ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលអះអាងថា កម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀន ឬប្រភពនៃគ្រឿងញៀនទេ ដោយគ្រាន់តែមានការលួចលាក់នាំចូលពីក្រៅប្រទេស តាមរបៀងព្រំដែន និងជើងហោះហើរ ដើម្បីនាំចេញទៅប្រទេសទី៣ និងមួយចំនួនសម្រាប់ទីផ្សារក្នុងស្រុក។
ក្នុងអាណត្តិដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីនលោក លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) រយៈពេល៦ខែ មានមនុស្សជិត៦ពាន់នាក់ហើយ ត្រូវសម្លាប់ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន រួមទាំងអ្នកប្រើប្រាស់ ចែកចាយ និងជួញដូរ ក្នុងប្រទេសរបស់លោក។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី១៤ ធ្នូ ថា វិធានការថ្មីដែលរដ្ឋាភិបាលដាក់ចេញនៅពេលនេះ គឺជាសារគាំទ្រដល់អាស៊ាន ដែលចាត់វិធានការម៉ឺងម៉ាត់ចំពោះបញ្ហាគ្រឿងញៀន ក៏ដូចជាគាំទ្រប្រទេសជាសមាជិកដែលប្ដេជ្ញាកម្ចាត់គ្រឿងញៀនឲ្យអស់ពីសង្គម។ ប៉ុន្តែ លោក ផៃ ស៊ីផាន បញ្ជាក់ថា កម្ពុជាពុំអាចអនុវត្តដូចហ្វីលីពីនដោយការសម្លាប់មនុស្សនោះទេ៖ «ចំពោះកម្ពុជាច្បាប់យើង ប្រទេសហាមមិនឲ្យសម្លាប់មនុស្សផងអាចជាប់គុកមួយជីវិតបើយើងធ្វើក្នុងស្ថានភាពបច្ចុប្បន្ន»។
វិធានការដែលរដ្ឋាភិបាលដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅពេលនេះ រួមមាន៖ ទី១ អប់រំ បង្កើនការយល់ដឹង តាមរយៈក្រសួងនិងស្ថាប័នពាក់ព័ន្ធពីបញ្ហាគ្រឿងញៀន។ ទី២ វិធានការបិទ និងដកហូតច្បាប់ម្ចាស់អាជីវកម្មណាដែលពិនិត្យឃើញថា ទីតាំងនោះមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក៏ដូចជាបន្តគ្រប់គ្រងមិនឲ្យមានលួចសារធាតុញៀន ចូលក្នុងពន្ធនាគារជាដើម។ ទី៣ អនុវត្តច្បាប់ម៉ឺងម៉ាត់ ក្នុងការស្វែងរក ទប់ស្កាត់ការលួចលាក់នាំចូលគ្រឿងញៀនតាមព្រំដែន និងបញ្ជូនមកតុលាការ រួមនឹងការបង្កើតក្រុមតូចៗ ចុះបោសសម្អាតជាប្រចាំតាមសាលារៀនជាដើម។ ទី៤ ការព្យាបាល និងស្ដារនីតិសម្បទា ដោយពង្រីកមណ្ឌលបណ្ដោះអាសន្ន សម្រាប់អប់រំ បន្សាប និងព្យាបាលអ្នកដែលរងគ្រោះដោយគ្រឿងញៀន។ ទី៥ ធ្វើកិច្ចសហការប្រតិបត្តិការជាមួយប្រទេសជិតខាង និងអង្គការអន្តរជាតិសំខាន់ៗ ដើម្បីទប់ស្កាត់ និងបង្ក្រាបទាន់ពេល។
ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនត្រង់មាត្រា ៤៥ ចែងថា ជនណាដែលប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនតាមគ្រប់រូបភាព ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែន ដល់ ១លានរៀល។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១ ទៅ ២លានរៀល។
ចំពោះការរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជនល្មើសនឹងត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល។ បើសិនជាបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ អ្នកប្រព្រឹត្តអាចនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ដល់ ២០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ដល់ ៤០លានរៀល អាស្រ័យទៅតាមស្ថានទម្ងន់ទោស៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment