Sunday, 29 January 2017

ទេសចរ​សម្រុក​ទៅ​លេង​រមណីយដ្ឋាន​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ​នៅ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន


ដោយ ម៉ែន សុធីរ


ទិដ្ឋភាព​រមណីយដ្ឋាន​អេកូទេសចរណ៍​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ ស្ថិត​ក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Men Sothyr
ទិដ្ឋភាព​រមណីយដ្ឋាន​អេកូទេសចរណ៍​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ ស្ថិត​ក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧។ RFA/Men Sothyr
 RFA/Men Sothyr



តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ ឋិត​នៅ​កណ្ដាល​ទន្លេ​មេគង្គ របស់​ភូមិ​ខេ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង បាន​ទាក់ទាញ​អ្នក​ទេសចរ​មក​កម្សាន្ត​ច្រើន ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-​វៀតណាម នេះ។ សហគមន៍​អភិរក្ស​តំបន់​កោះ​នោះ​ចាត់​ទុក​ថា ជា​ជំហាន​ជោគជ័យ​នៃ​ការ​ចាប់​ផ្ដើម​បង្កើត​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី​មួយ​នេះ។

មនុស្ស​ជាង ១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ បាន​នាំ​គ្នា​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​នៅ​លើ​កោះ ស្ថិត​នៅ​កណ្ដាល​ទន្លេ​មេគង្គ សម្រាប់​រយៈពេល ៣​ថ្ងៃ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ។

តំបន់​កោះ​ហាន ឋិត​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង ប្រហែល ៣០​គីឡូម៉ែត្រ ដែល​សហគមន៍​ទើប​តែ​បង្កើត​ឡើង​រយៈពេល​ជាង ១​ខែ​ប៉ុណ្ណោះ។



ការ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ គឺ​អាច​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ត ឬ​ម៉ូតូ ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង ឆ្លង​ស្ពាន​មេគង្គ តាម​ផ្លូវ​ជាតិ​លេខ ៧​អា ទៅ​ដល់​ចំណុច​សង្កាត់​សាមគ្គី មាន​ផ្លូវ​បត់​ឆ្វេង​ចូល​ទៅ​កាន់​ដង​ទន្លេ​មេគង្គ ក្នុង​ភូមិ​ខេ។

នៅ​តំបន់​កោះ​ហាន មាន​ទីប្រជុំ​កោះ​តូចៗ​ជា​ច្រើន​នៅ​កណ្ដាល​ទន្លេ​មេគង្គ ចម្ងាយ​ប្រមាណ​ជាង ២​គីឡូម៉ែត្រ​ពី​ច្រាំង​ទន្លេ។ អ្នក​ទេសចរ​អាច​ឆ្លង​ទៅ​កាន់​កោះ​នោះ តាម​រយៈ​មធ្យោបាយ​កាណូត ឬ​ទូក​ដឹក​ជញ្ជូន​របស់​សហគមន៍។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន សម្ដែង​មោទនភាព ខណៈ​អ្នក​ទេសចរ​ច្រើន​បាន​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​នេះ​ជា​លើក​ដំបូង ដែល​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ថា តំបន់​រមណីយដ្ឋាន​នេះ​មាន​សក្ដានុពល​ទាក់ទាញ​អ្នក​ទេសចរ​យ៉ាង​ល្អ​ប្រសើរ ដែល​ជា​ផ្នែក​មួយ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ។

លោក​ថា សហគមន៍​កំពុង​អភិវឌ្ឍន៍​តំបន់​កោះ កាន់តែ​ប្រសើរ​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត ដើម្បី​កសាង​តំបន់​នោះ​ឲ្យ​កាន់តែ​ទាក់ទាញ​បន្ថែម​ទៀត។ លោក​បន្ថែម​ថា មន្ទីរ​ទេសចរណ៍​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​អប់រំ​ផ្សព្វផ្សាយ​សហគមន៍ ឲ្យ​យល់​ដឹង​ពី​ការ​គ្រប់គ្រង​អនាម័យ និង​សេវាកម្ម  ដើម្បី​លើ​កម្ពស់​សេវាកម្ម​ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើរ៖ «បង្កើត​ប្រាក់​ចំណូល​ទេសចរណ៍ បង្កើន​ប្រាក់​ចំណូល​ភ្លាមៗ។ ការ​រៀបចំ​ហ្នឹង​ឲ្យ​មាន​ក្នុង​តំបន់​ឲ្យ​មាន​សហគមន៍​ចូលរួម​សកម្មភាព​ក្នុង​មូលដ្ឋាន អ៊ីចឹង​ចំណូល​ចូល​ដល់​ភ្លាមៗ​ក្នុង​មូលដ្ឋាន ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ បង្កើត​ការងារ​ជូន​ពួកគាត់»។


ទិដ្ឋភាព​ទេសចរ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ ឋិត​នៅ​ភូមិ​ខេ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៧។ Photo provided Photo provided


នៅ​តំបន់​រមណីយដ្ឋាន​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ អ្នក​ទេសចរ​អាច​មុជ​ទឹក​លេង​ឆ្នេរ​ខ្សាច់ ទស្សនា​រុក្ខជាតិ​ដុះ​ចេញ​ពី​ផ្ទៃ​ទឹក​ដ៏​ស្រស់​ស្អាត និង​សម្រាប់​ពិសា​ម្ហូប​អាហារ​លើ​ផ្ទះ​ទឹក​ជា​លក្ខណៈ​ជួបជុំ​គ្រួសារ មិត្តភ័ក្ដិ អម​ដោយ​ខ្យល់​បរិសុទ្ធ​នៅ​កណ្ដាល​ទន្លេ​មេគង្គ ដែល​ជា​សម្រស់​ធម្មជាតិ​ពិតៗ។

អ្នកទេសចរ​ទៅ​ទស្សនា​តំបន់​នោះ ត្រូវ​បង់​ប្រាក់​ថ្លៃ​ផ្ញើ​រថយន្ត និង​ម៉ូតូ ថ្លៃ​ជិះ​ទូកដ  និង​ថ្លៃ​ជួល​ផ្ទៃ​ទឹក។ សហគមន៍​បាន​កំណត់​តម្លៃ​ម្ហូប​អាហារ​សមរម្យ​ស្រប​តាម​គោលការណ៍​ណែនាំ​របស់​មន្ទីរ​ទេសចរណ៍។

ទេសចរ​ដែល​បាន​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​នៅ​ថ្ងៃ​អាទិត្យ ដែល​ជា​ថ្ងៃ​ទី​២ នៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែ​មករា លោក លី ហូវ ថ្លែង​កោត​សរសើរ​ថា លោក និង​មិត្តភ័ក្ដិ​បាន​ទៅ​កម្សាន្ត​តំបន់​នោះ​ជា​លើក​ដំបូង។ លោក​បន្ត​ថា សម្រស់​ធម្មជាតិ​នៅ​រមណីយដ្ឋាន​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ ពិត​ជា​កន្លែង​កម្សាន្ត​ដ៏​មាន​ប្រជាប្រិយ​សម្រាប់​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ។ ក៏ប៉ុន្តែ​លោក​បារម្ភ​ពី​ផល​ប៉ះពាល់​បរិស្ថាន ដូចជា​បន្ទរ​សំឡេង​ខ្លាំង គ្រប់គ្រង​កាកសំណល់​មិន​ត្រឹមត្រូវ ដែល​អាច​ប៉ះពាល់​គុណភាព​ទឹក​ទន្លេ ពិសេស​ប្រព័ន្ធ​ជីវចម្រុះ​ទន្លេ​មេគង្គ៖ «ភ្ញៀវ​ទេសចរ​ទៅ​ចង់​ទស្សនា​ចង់​មើល​សម្រស់​ធម្មជាតិ​មាន​ទន្លេ ព្រៃឈើ​លក្ខណៈ​ធម្មជាតិ នៅ​ពេល​យើង​ដាក់​មនុស្ស​ទៅ វា​ទៅ​ជា​ការ​រំខាន​រញ៉េរញ៉ៃ រាំ​ធុង​បាស​អ៊ីចឹង។ ទាក់ទង​សេវាកម្ម​ទូក​នៅ​ខ្វះខាត​ច្រើន​អត់​បំពេញ​តម្រូវការ​បាន​ទេ»។

ប្រធាន​សហគមន៍​អភិរក្ស​តំបន់​ទេសចរណ៍​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ លោក  ហ្វយ ប៊ុនវី កត់សម្គាល់​ថា រយៈពេល​បុណ្យ​ចូល​ឆ្នាំ​ចិន ២​ថ្ងៃ​កន្លង​ទៅ​នេះ សេវា​ដឹកជញ្ជូន​ភ្ញៀវ​ឆ្លង​ទៅ​តំបន់​កោះ​នោះ មាន​ការ​មមាញឹក​ខ្លាំង ខណៈ​ដែល​ទូក​ដឹក​ជញ្ជូន​ចំនួន​៦ មិន​អាច​បម្រើ​អ្នក​ទេសចរ​បាន​តាម​តម្រូវការ។

លោក​ថា សហគមន៍​គ្រោង​នឹង​រៀប​ផែនការ​អភិវឌ្ឍន៍​បន្ថែម​ទៀត​នូវ​សេវា​ដឹកជញ្ជូន​រួម​ជាមួយ​សេវា​រក្សា​សុវត្ថិភាព​ជូន​អ្នក​ទេសចរ ដើម្បី​ធានា​សុខ សុវត្ថិភាព​ជូន​ទេសចរ​ដែល​ទៅ​លេង​នៅ​តំបន់​នោះ៖ «រឿង​សំរាម ពេល​ភ្ញៀវ​ចេញ​ទៅ​អស់​ក្រុម​ការងារ​របស់​ខ្ញុំ​ជញ្ជូន​មក​ត្រើយ​ខាង​នោះ និង​ជួល​ឡាន​ទៅ​ចាក់ចោល​កន្លែង​សំរាម ហើយ​អំពី​បាស គឺ​តំបន់​រ៉ាំសា របស់​យើង​គឺ​កន្លែង​អភិរក្ស​សត្វ អ៊ីចឹង​ដើរ​ប្រាប់​បងប្អូន​ដែរ កុំ​ចាក់​បាស​ឮៗ​ពេក អ្នក​ខ្លះ​គាត់​ស្ដាប់ អ្នក​ខ្លះ​ទៅ​គាត់​អត់​ស្ដាប់»។

​តាម​ការ​ប៉ាន​ស្មាន​របស់​តំណាង​សហគមន៍​រយៈពេល ៣​ថ្ងៃ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន នេះ​យ៉ាង​ហោច​ណាស់​មាន​អ្នក​ទេសចរ​ជាង ៣​ពាន់​នាក់​បាន​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​សម្រស់​ធម្មជាតិ​ទន្លេ​មេគង្គ។

តំបន់​កោះ​ហាន ត្រូវ​បាន​សហគមន៍​រៀបចំ​ឡើង​ជាង ១​ខែ​កន្លង​មក​ហើយ។ ក្នុង​ថ្ងៃ​ធម្មតា​សហគមន៍​អាច​រក​ប្រាក់​ចំណូល​បាន​ពី ៥០​ម៉ឺន​រៀល ដល់ ៦០​ម៉ឺន​រៀល។ ចំណែក​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន សហគមន៍​អាច​រក​ប្រាក់​ចំណូល​ក្នុង​មួយ​ថ្ងៃ​ចាប់​ពី ២​លាន​រៀល ទៅ ៣​លាន​រៀល៕

No comments: