01 កុម្ភៈ 2017

លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក Kenneth Frazier ប្រធានប្រតិបត្តិក្រុមហ៊ុន Merck (ឆ្វេង) លោក Robert Hugin (ស្តាំ) ប្រធានប្រតិបត្តិក្រុមហ៊ុន Celgene ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន ក្នុងវ៉ាស៊ីនតោន កាលពីថ្ងៃទី៣១ ខែមករា។
បន្ទាប់ពីឆ្លងកាត់ការបោះឆ្នោត ដែលមានរយៈយូរ និងប្រកបដោយភាពចម្រូងចម្រាសរួចមក នៅទីបញ្ចប់ពលរដ្ឋអាមេរិកាំងដែលបានទៅបោះឆ្នោត ទទួលបានមេដឹកនាំថ្មីហើយ។ អ្នកជំនួញលោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ កាលពីថ្ងៃសុក្រ។
ក្រុមអ្នកយកពត៌មានរបស់ VOA បានសន្ទនាជាមួយទាំងក្រុមអ្នកប្រជាធិបតេយ្យ ក្រុមអ្នកសាធារណរដ្ឋ អ្នកឯករាជ្យ និងជនអន្តោប្រវេសន៍ នៅទូទាំងសហរដ្ឋអាមេរិក អំពីក្តីសង្ឃឹម និងការភ័យខ្លាចរបស់ពួកគេក្នុងអំឡុងអាណត្តិជាប្រធានាធិបតីរបស់លោក ត្រាំ។
ទីក្រុង Jacumba ក្នុងរដ្ឋកាលីហ្វញ៉ា ស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែជាទីកន្លែងដែលអាចនឹងទទួលផលប៉ះពាល់ខ្លាំងបំផុតពីការសន្យារបស់លោក ត្រាំ ទាក់ទិននឹងការសង់ជញ្ជាំងនៅតាមព្រំដែនជាមួយប្រទេសម៉ិកស៊ិក។
លោក Jairo Carcamo បានទៅបោះឆ្នោតលើកដំបូង ដោយលោកបានថ្លែងថា៖ «បើយើងក្រឡេកមើលទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម វាពិតជាធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ច។ អ្នកដឹងទេថា មានការងារជាច្រើនត្រូវបានបញ្ចូនទៅឲ្យប្រទេសម៉ិកស៊ិក ចិន និងប្រទេសផ្សេងៗទៀត ហើយបើនៅទីនេះវិញ មានអ្នកអត់ការងារធ្វើច្រើនណាស់»។
ក៏ប៉ុន្តែអ្នកបោះឆ្នោត នៅមានមន្ទិលសង្ស័យថា តើលោក ដូណាល់ ត្រាំ អាចសម្រេចការងារដ៏លំបាកទាំងនេះបានដែរឬទេ។
អ្នកស្រី Patti Myers Wiseman អ្នកគាំទ្រខាងគណបក្សប្រជាធិបតេយ្យនិយាយថា៖ «លោកបានសន្យាថា ក្នុងរយៈពេល ២ឬ ៣ខែទៀត គឺចំនួន១២០ថ្ងៃទៀតនេះ លោកនឹងលុបចោលច្បាប់ថែទាំសុខភាព ឬ Obamacare លោកថា លោកនឹងធ្វើនេះ ធ្វើនោះ និងធ្វើអ្វីផ្សេងៗទៀត ហើយខ្ញុំគិតថា នៅទីបញ្ចប់លោកនឹងត្រូវសភាកាត់ទោសដកហូតតំណែងប្រធានាធិបតី»។
លោក PATRICK ជាអ្នកបោះឆ្នោតឯករាជ្យម្នាក់និយាយថា៖ «ខ្ញុំចង់ឲ្យលោកទទួលខុសត្រូវរាល់អ្វីដែលលោកបាននិយាយនៅពេលធ្វើយុទ្ធនាការ។ រាល់អ្វីដែលលោកបានសន្យា ខ្ញុំចង់មានន័យថា វាពិបាកសម្រាប់បេក្ខជនឈរឈ្មោះបោះឆ្នោត ហើយវាពិតជាពិបាកដើម្បីសម្រេចការងារទាំងនេះ»។
នៅឯទឹកដីកំណើតរបស់លោក Barack Obamaក្នុងរដ្ឋIllinois គឺជាកន្លែងដែលពួកគេគិតថា លោក ត្រាំ អាចធ្វើឲ្យមានការផ្លាស់ប្តូរ។
លោក Monty Whipple ជាអ្នកចំការម្នាក់បាននិយាយថា៖ «ខ្ញុំគិតថា លោកនិយាយច្រើនជាមួយប្រទេសទាំងឡាយ មិនថាជាបញ្ហារបស់ក្រុមរដ្ឋអ៊ីស្លាម ឬISSI ប្រទេសរុស្ស៊ី ឬប្រទេសចិននោះទេ។ លោកនឹងចាត់វិធានការណ៍ខ្លាំងៗ»។
ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានរឿងជាច្រើនទៀត ដែលត្រូវដឹងពីលោក ត្រាំ។
«យើងមិនទាន់ដឹងច្រើនអំពីលោកទេ។គេស្គាល់លោកយ៉ាងច្បាស់នៅក្នុងវិស័យជំនួញ ប៉ុន្តែតើគាត់នឹងធ្វើអ្វីខ្លះនៅក្នុងវិស័យនយោបាយ?»។
ការមិនស្គាល់ពីលោក ត្រាំ គឺជាក្តីបារម្ភសម្រាប់អ្នកបោះឆ្នោតដូចជាលោក Robert Hasty។ «ការងារក្នុងវិស័យរោងចក្រនឹងមិនត្រឡប់មកវិញទេ ហើយការសន្យារបស់លោកដែលនឹងនាំយកការងារត្រឡប់មកវិញនោះ គឺជារឿងដែលមិនអាចទៅរួច។ បញ្ហាដែលលោកនិយាយមើលងាយលើស្រ្តីជាក្តីបារម្ភធំរបស់ខ្ញុំ។ ដូច្នេះនៅទីបញ្ចប់ខ្ញុំមិនគិតថា លោកនឹងអាចក្លាយជាប្រធិបតីជោគជ័យម្នាក់នោះទេ»។
ហើយនៅក្នុងរដ្ឋPennsylvania ដែលជារដ្ឋមួយធ្វើឲ្យលោក Trump ឈ្នះការបោះឆ្នោត ក្រុមអ្នកប្រជាធិបតេយ្យនៅក្នុងរដ្ឋនេះ ចង់បានអ្វីដែលល្អបំផុតសម្រាប់ប្រទេស បើទោះបីជាបេក្ខជនរបស់គេមិនទទួលបានជ័យជំនះក៏ដោយ។
លោក Louis Rivera អ្នកបោះឆ្នោតឲ្យគណបក្សនិយាយថា៖«ឥឡូវនេះខ្ញុំកំពុងតែរំពឹងថានឹងទទួលបានអ្វីដែលអាក្រក់បំផុត ដោយសារតែអ្វីដែលលោកបាននិយាយ ប៉ុន្តែយើងកំពុងតែផ្តល់ឱកាសឲ្យលោកផ្លាស់ប្តូរសម្តីដែលលោកបាននិយាយ និងសំដែងចេញឲ្យអ្នករាល់គ្នាឃើញ»។
ថ្ងៃស្បថចូលកាន់តំណែង គឺជាពេលដែលគណបក្សសាធារណរដ្ឋរង់ចាំអស់រយៈពេលជាយូរមកហើយ។
លោក Alex Shorb អ្នកបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋនិយាយថា៖ «ខ្ញុំមានក្តីរំពឹងដ៏ធំធេងទៅលើលោក អ្នកផេ្សងក៏ដូចខ្ញុំដែរ។ មានការសម្រេចជាច្រើនក្នុងការងារនយោបាយកាលពី ៨ ១២ ១៦ឆ្នាំមុន ដែលបានពង្រីកតួនាទីរបស់រដ្ឋាភិបាល ហើយខ្ញុំគិតថា ពលរដ្ឋកំពុងតែចង់ឲ្យបន្ថយតួនាទីទាំងអស់នោះវិញ និងដាក់ការផ្តោតសំខាន់ទៅលើអាជីវកម្ម និងម្ចាស់អាជីវកម្មទាំងនោះ»។
សម្រាប់ជនន្តោប្រវេសន៍ Yani Pripasថា អ្នកជំនួញដែលប្រែក្លាយជាប្រធានាធិបតីទី៤៥ រូបនេះ អាចធ្វើឲ្យអាមេរិកក្លាយជាប្រទេសអស្ចារ្យម្តងទៀត។
«លោកដឹងពីយុទ្ធសាស្រ្តច្រើន។ លោកជាមនុស្សឆ្លាត លោកជាអ្នកជំនួញ។ ហើយប្រសិនបើយើងចង់ធ្វើអ្វីអស្ចារ្យសម្រាប់ប្រទេសនេះ លោកនឹងធ្វើវា»៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា!
No comments:
Post a Comment