Saturday, 28 January 2017

"លោក សម រង្ស៊ី ប្រឆាំង​ផែនការ​"ក៥"​ស្មើ​នឹង​ចង់​ឲ្យ​មាន​របប​ខ្មែរ​ក្រហម​ឡើង​វិញ"


ដោយ ម៉ម មុនីរតន៍
2017-01-28


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
 RFA/Brach Chev



លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង បន្ត​ចោទ​ប្រកាន់​ប្រទេស​វៀតណាម ដែល​លោក​អះអាង​ថា បាន​ខ្ចី​ដៃ​ខ្មែរ​មួយ​ចំនួន ក្នុង​នោះ​មាន​លោក ហ៊ុន សែន ផង ឲ្យ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​សេសសល់​ពី​របប​ខ្មែរ​ក្រហម ​បន្ថែម​​ទៀតដោយ​ប្រើ​ផែនការ "ក៥"។ ការ​សាច​ទឹក​ដាក់​គ្នា​ជា​ថ្មី​ទៀត​នេះ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ការវិវត្តន៍​សង្គម​កម្ពុជា យល់​ឃើញ​ថា អ្នក​នយោបាយ​មិន​ត្រូវ​យក​ចំណេញ​ផ្នែក​នយោបាយ​ដោយ​ក្រឡៃ​ប្រវត្តិសាស្ត្រ​ពិត​នោះ​ទេ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​យល់​ឃើញ​ថា ការ​ប្រឆាំង​ផែនការ "ក៥" របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ មាន​ន័យ​ថា មិន​ខុស​ពី​លោក សម រង្ស៊ី ពេញ​ចិត្ត​ចង់​ឲ្យ​របប​ខ្មែរ​ក្រហម​វិល​ត្រឡប់​មក​កាប់​សម្លាប់​ខ្មែរ​ជា​ថ្មី​ទៀត​នោះ​ទេ។



ប្រតិកម្ម​របស់​លោក សុខ ឥសាន មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ នៅ​ក្រោយ​ពី​ប្រធាន​គណបក្ស​ប្រឆាំង​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​ ដោយ​ចោទ​ប្រកាន់​ថា វៀតណាម​បាន​​ខ្ចី​ដៃ​មេដឹកនាំ​បច្ចុប្បន្ន​សម្លាប់​ខ្មែរ នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០។

លោក សម រង្ស៊ី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ផ្លូវ​វិល​ចូល​ប្រទេស​វិញ ចោទ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អតីត​អគ្គលេខាធិការ​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា លោក ហេង សំរិន ជា​អតីត​ប្រមុខរដ្ឋ និង​លោក ប៊ូ ថង អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៅ​សម័យ​នោះ សម្លាប់​ខ្មែរ​រាប់​ម៉ឺន​នាក់ ក្រោម​ហេតុផល​ផែនការ "ក៥"។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​បណ្ដឹង​នៅ​តុលាការ​សរសេរ​ទៀត​ថា ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​របស់​ឥស្សរជន​ទាំង​នេះ ព្រោះ​តែ​មាន​ការ​គាំទ្រ និង​ទ្រទ្រង់​យ៉ាង​រឹងមាំ​ពី​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​ខ្ចី​ដៃ​សម្លាប់​ខ្មែរ​នៅ​សេសសល់​ពី​របប ប៉ុល ពត បន្ត​ទៀត។

លោក សម រង្ស៊ី ព្រមាន​មន្ត្រី​រដ្ឋាភិបាល​ដែល​លោក​ចោទ​ប្រកាន់​ថា បាន​ប្រើប្រាស់​ផែនការ "ក៥" ដើម្បី​សម្លាប់​ខ្មែរ នឹង​ត្រូវ​ប្រឈម​នៅ​តុលាការ​​ពេល​ណា​មួយ​ចំពោះ​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​នេះ។

ប្រតិកម្ម​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក សុខ ឥសាន មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​សម្ដី​របស់​លោក សម រង្ស៊ី ប្រឆាំង​ផែនការ "ក៥" នៅ​ពេល​នេះ​ថា ស្មើ​ចង់​ឲ្យ​មាន​របប​ខ្មែរ​ក្រហម​វិល​មក​កាប់​សម្លាប់​ខ្មែរ​ទៀត។ លោក​បន្ត​ថា តាម​ពិត​ផែនការ "ក៥" នេះ គឺ​ជា​ការ​បោស​សំអាត​កងកម្លាំង​នៃ​​របប ប៉ុល ពត ដែល​នៅ​សេសសល់​ចុង​ក្រោយ ហើយ​ជា​ការ​ស្ដារ​ប្រទេស​ឲ្យ​មាន​សន្តិភាព​ឡើង​វិញ​ប៉ុណ្ណោះ៖ «អ៊ីចឹង សម រង្ស៊ី គាត់​និយាយ​ហ្នឹង គឺ​គាត់​វាយ​ប្រហារ​មក​លើ​ផែនការ ក៥ បាន​សេចក្ដី​ថា គាត់​ចង់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​រួច​រស់​ពី​របប​ប្រល័យ​ពូជសាសន៍​ហ្នឹង ចង់​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​នឹង​មក​កាប់​សម្លាប់​បង​ប្អូន​ឡើង​វិញ»។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​បាន​ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៥ ថា មេបញ្ជាការ​កងទ័ព​វៀតណាម ឈ្មោះ ឡេ ដឹកថូ (Le Duc Tho) ទទួល​បន្ទុក​នៅ​កម្ពុជា ជា​អ្នក​បង្កើត​ផែនការ "ក៥" នេះ​ឡើង។ ក្រោយ​មក​ទៀត រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​អនុវត្ត​ផែនការ "ក៥" ដែល​ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​១៩៨៤ ហើយ​បាន​បញ្ចប់​ទៅ​វិញ​នៅ​ឆ្នាំ​១៩៨៨។ ចំពោះ​ផែនការ "ក៥" នេះ មាន​ន័យ​ថា កេណ្ឌ កម្លាំង កាប់​ព្រៃ ការពារ កម្ពុជា។

ទាក់ទិន​ផែនការ "ក៥" នេះ អតីត​នាយករដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨២ លោក ប៉ែន សុវណ្ណ ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​គុក​ងងឹត​នៅ​ប្រទេស​វៀតណាម ជាង ១០​ឆ្នាំ ដោយសារ​តែ​លោក​ហ៊ាន​ប្រឆាំង​ផែនការ "ក៥" នេះ។

សុខ ឥសាន ៨៥៥
មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA Photo: RFA


លោក សុខ ឥសាន មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​អះអាង​ថា ការ​ដែល​លោក ប៉ែន សុវណ្ណ ជាប់​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម នេះ ព្រោះ​តែ​លោក​ប្រឆាំង​នឹង​វៀតណាម និង​ប្រឆាំង​ផែនការ "ក៥"។ លោក​បញ្ជាក់​ថា តាម​ពិត​ទៅ​ផែនការ "ក៥" នេះ ជា​យុទ្ធសាស្ត្រ​មួយ​ដ៏​ល្អ​បំផុត​ដែល​នាំ​ឲ្យ​កម្ពុជា មាន​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ពេញ​លេញ​ដល់​សព្វថ្ងៃ​នេះ។

ជុំវិញ​រឿង​នេះ លោក គឹម សុខ អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ អះអាង​ថា ផ្អែក​លើ​របាយការណ៍​ស្រាវជ្រាវ ផែនការ "ក៥" នេះ បាន​សម្លាប់​ខ្មែរ​បន្ថែម​ទៀត​ប្រមាណ ២០​ម៉ឺន​នាក់​ក្នុង​ចំណោម​ប្រជាជន​ជិត ១​លាន​នាក់​ក្នុង​ជំនាន់​នោះ។ ភាគ​ច្រើន​នៃ​អ្នក​ដែល​​ត្រូវ​គេ​បង្ខំ​ឲ្យ​បម្រើ​ផែនការ "ក៥" នេះ ត្រូវ​បាត់បង់​ជីវិត​ដោយ​ការ​ជាន់​មីន ជំងឺ​គ្រុនចាញ់ និង​ការ​អត់​អាហារ ហើយ​អ្នក​ដែល​បាត់បង់​ជីវិត​ទាំង​នោះ ត្រូវ​រក​ឃើញ​ថា ជា​សិស្ស និស្សិត គ្រូបង្រៀន យុវជន និង​ពលរដ្ឋ​សាមញ្ញ។

លោក គឹម សុខ អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ​បញ្ជាក់​ទៀត​ថា តាម​ពិត​ផែនការ "ក៥" នេះ គឺ​ជា​យុទ្ធសាស្ត្រ​ដែល​វៀតណាម ឈ្លានពាន​កម្ពុជា និង​ជា​ការ​កាប់​សម្លាប់​ខ្មែរ​ជា​ថ្មី​ម្ដង​ទៀត។ លោក​បន្ត​ថា មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ត្រូវ​ស្លាប់​ដោយ​ផែនការ "ក៥" នេះ ដោយ​មិន​ទាន់​រាប់​បញ្ចូល​មន្ត្រី​ជាន់​ខ្ពស់​ដែល​ប្រឆាំង​ផែនការ "ក៥" នេះ​នៅ​ឡើយ​ផង៖ «ផែនការ​ក៥ គឺ​ផែនការ​របស់​វៀតណាម មិន​មែន​ទើប​តែ​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​១៩៨៥-​១៩៨៦ ឬ​ក៏​ផែនការ​កើត​ឡើង​នៅ​ពេល​ហ្នឹង​ទេ កើត​ឡើង​តាំង​ពី​លោក ប៉ែន សុវណ្ណ ជា​អ្នក​ដឹកនាំ​មក​ម៉េ្លះ»។

សព្វ​ថ្ងៃ​ប្រទេស​កម្ពុជា មាន​ច្បាប់​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត គឺ​ច្បាប់​ប្រឆាំង​ជន​ណា​មួយ​ដែល​មិន​ទទួល​ស្គាល់​ថា មាន​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ចន្លោះ​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ខែ​មករា ឆ្នាំ​១៩៧៩។ ខ្លឹមសារ​នៃ​ច្បាប់​ដែល​រដ្ឋសភា​អនុម័ត​ក្រោយ​ការ​ស្នើ​សុំ​ពី​សមាជិក​សភា​លើសលប់​ពី​ខាង​បក្ស​កាន់​អំណាច កាល​ពី​ឆ្នាំ​២០១៣ គឺ​កំណត់​ថា អ្នក​ដែល​ប្រឆាំង​ថា ពុំ​មាន​របប​ខ្មែរ​ក្រហម ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ដល់ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន ដល់ ៤​លាន​រៀល។

បើ​ទោះ​ជា​បែប​ណា អ្នក​វិភាគ​យល់​ឃើញ​ថា ច្បាប់​ដែល​អនុម័ត​រួច​ហើយ ដែល​រដ្ឋាភិបាល​តាក់តែង​ឡើង​ប្រឆាំង​អ្នក​រិះគន់​ថា មិន​មាន​របប​ខ្មែរ​ក្រហម​នេះ គឺ​ដើម្បី​គាបសង្កត់ និង​ជា​ការ​ចាប់​បង្ខំ​ឲ្យ​គេ​ទទួល​ស្គាល់​ថា មាន​របប​ប្រល័យ​ពូជ​សាសន៍ ក្រោម​ហេតុផល​ដើម្បី​បម្រើ​ឲ្យ​ផល​ប្រយោជន៍​នយោបាយ​របស់​បក្ស​ប្រជាជន​កម្ពុជា តែប៉ុណ្ណោះ៕

No comments: