Tuesday, 31 January 2017
រដ្ឋសភានឹងបើកកិច្ចប្រជុំធ្វើវិសោធនកម្មលុបចោលប្រធានភាគតិចនៅថ្ងៃទី៣១មករា
ដោយ យាង សុជាមេត្តា
2017-01-30
រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស និងការប្រឆាំងជួញដូរក្រលៀន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
រដ្ឋសភាគ្រោងបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៣១ មករា ដើម្បីធ្វើវិសោធនកម្មលុបចោលប្រធានក្រុមភាគតិចនៅរដ្ឋសភា។ សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ឲ្យដឹងថា កិច្ចប្រជុំនេះនឹងមានការចូលរួមពីប្រធានរដ្ឋសភា លោក ហេង សំរិន ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងស្នើវិសោធនកម្មជំពូក ១២ថ្មី ប្រការ ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលអាចឈានដល់ការលុបចោលតួនាទីប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សនយោបាយក្រៅរដ្ឋាភិបាល ឬហៅថាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា មានឋានៈស្មើនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាមុខតំណែងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
តំណាងរាស្ត្របក្សកាន់អំណាចចំនួន ៥៥រូប កាលពីពេលថ្មីៗនេះ បានដាក់លិខិតទៅរដ្ឋសភា ស្នើធ្វើវិសោធនកម្មប្រការ ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ ការដាក់លិខិតស្នើនេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពីប្រទេសស្វីស ទីដែលលោកបានចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក ពីចេតនាលុបចោលប្រធានភាគតិចនៅរដ្ឋសភា ប្រសិនបើពិបាករៀបចំរបៀបវារៈប្រជុំរវាងក្រុមមតិភាគតិច និងមតិភាគច្រើននៃរដ្ឋសភា។
ចេតនាលុបចោលប្រធានក្រុមមតិភាគតិចរបស់លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយពីប្រធានបក្សប្រឆាំង លោក សម រង្ស៊ី បញ្ចេញព័ត៌មានថា លោក ហ៊ុន សែន បានផ្ញើលិខិតឲ្យលោក កឹម សុខា ធ្វើតាមខ្លួនដែលអាចឈានដល់ការបំបែកបំបាក់បក្សប្រឆាំង ប៉ុន្តែដោយសារលោក កឹម សុខា មិនព្រមធ្វើតាម ទើបលោក ហ៊ុន សែន ខឹងសម្បា ហើយសម្រេចឲ្យពិនិត្យមើលឡើងវិញតួនាទីរបស់ប្រធានក្រុមមតិភាគតិចសភារបស់លោក កឹម សុខា។
ទាក់ទងនឹងកិច្ចប្រជុំសភានេះដែរ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣០ មករា ប្រកាសថា នឹងធ្វើសន្និសីទកាសែតបង្ហាញគោលជំហររបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លើការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ នេះ ព្រោះថា តំណាងរាស្ត្របក្សប្រឆាំងពហិការមិនចូលប្រជុំនៅថ្ងៃទី៣១ មករា ទេ។ សន្និសីទនេះ ក៏បង្ហាញពីសកម្មភាពរបស់ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ដែរ ដែលនឹងធ្វើឡើងនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី៣១ មករា នាទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment