Tuesday, 31 January 2017
តំណាងរាស្ត្រសង្គ្រោះជាតិនឹងមិនចូលរួមប្រជុំកែប្រែបទបញ្ជាផ្ទៃក្នុងរដ្ឋសភា
30 មករា 2017
កាន់ វិច្ឆិកា
voa
រូបឯកសារ៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិធ្វើពហិការមិនចូលរួមកិច្ចប្រជុំរដ្ឋសភាកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៣។ (AP Photo/Heng Sinith)
តំណាងរាស្រ្តក្រុមមតិភាគតិចនិងភាគច្រើនរដ្ឋសភាត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ២០១៤ ដើម្បីរកដំណោះស្រាយនយោបាយខណៈដែលស្ថានការណ៍នយោបាយកម្ពុជានៅពេលនោះបានជាប់គាំងអស់មួយរយៈក្រោយការបោះឆ្នោតឆ្នាំ២០១៣។
ភ្នំពេញ —
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិប្រកាសថា ពួកគេនឹងមិនចូលរួមជាមួយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាក្នុងការប្រជុំលុបប្រការ៤៨ ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បី រំលាយតំណាងរាស្ត្រមតិភាគតិចនិងភាគច្រើននៃរដ្ឋសភានោះទេ។
តំណាងរាស្រ្តក្រុមមតិភាគតិចនិងភាគច្រើនរដ្ឋសភាត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ២០១៤ ដើម្បីរកដំណោះស្រាយនយោបាយខណៈដែលស្ថានការណ៍នយោបាយកម្ពុជានៅពេលនោះបានជាប់គាំងអស់មួយរយៈក្រោយការបោះឆ្នោតឆ្នាំ២០១៣។
លោក ស ខេង ជាប្រធានក្រុមមតិភាគច្រើនមកពីគណបក្សកាន់អំណាច ចំណែកលោកសម រង្ស៊ី ជាប្រធានក្រុមមតិភាគតិចមកពីគណបក្សប្រឆាំង។ បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងអវត្តមានពីក្នុងប្រទេសជាង២ឆ្នាំ និងជាប់បណ្តឹងផ្សេងៗនោះ តំណែងជាប្រធានក្រុមមតិភាគតិច ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រីរបស់លោក ត្រូវធ្លាក់ទៅលើ លោក កឹម សុខា បន្ទាប់ពីលោក ហ៊ុន សែន ស្នើដល់ព្រះមហាក្សត្រលើកលែងទោសកាលពីចុងឆ្នាំ២០១៦។
នៅថ្ងៃទី៣១ ខែមករានេះរដ្ឋសភានឹងបើកកិច្ចប្រជុំវិសាមញ្ញមួយដើម្បីរំលាយក្រុមតំណាងរាស្រ្តមតិភាគតិចនិងភាគច្រើន ទៅតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សំណើនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន លើកឡើងថា លោកលែងចង់ជួបជាមួយសមាជិកបក្សប្រឆាំង ដោយសារពួកគេតែងប៉ុនប៉ងប្រើប្រាស់ការចរចានានាដើម្បីទាមទារឲ្យដោះលែងអ្នកជាប់ឃុំមួយចំនួនរួមមានមន្រ្តីការពារសិទ្ធិមនុស្សសកម្មជនការពារដីធ្លីនិងសកម្មជនបក្សប្រឆាំងជាដើម។ លោក ហ៊ុន សែន ហៅការទាមទារនោះថា ជាការបំពានដល់អំណាចតុលាការ។
លោក កែវ ភីរម្យ អគ្គលេខាធិការរងក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិប្រាប់ VOA នារសៀលថ្ងៃចន្ទនេះថាគណបក្សសង្គ្រោះជាតិនឹងមិនចូលរួមកិច្ចប្រជុំដើម្បីរំលាយក្រុមមតិភាគតិច និងភាគច្រើននៃរដ្ឋសភានៅថ្ងៃអង្គារនេះទេ។
ទោះជាយ៉ាងណាលោក កែវ ភីរម្យ មិនបានប្រាប់ពីមូលហេតុលម្អិតនៃការមិនចូលរួមនោះទេ។
លោកបញ្ជាក់ថា៖ «សូមអញ្ជើញអ្នកសារព័ត៌មានមកទទួលព័ត៌មានស្អែកនៅម៉ោង៩។ ជុំគ្នានៅម៉ោង៩យើងបានទទួលព័ត៌មានលម្អិត។ និយាយកាត់ទៅគឺយើងអត់ទៅទេ [ប្រជុំរដ្ឋសភា]»។
លោក ឡេង ប៉េង ឡុង អ្នកនាំពាក្យរដ្ឋសភាមានប្រសាសន៍ថា ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងមានសិទ្ធិក្នុងការចូលរួម ឬមិនចូលរួមរាល់ការប្រជុំក្នុងរដ្ឋសភា។ លោកបន្ថែមថា បើទោះបីជាតំណាងរាស្រ្តគណបក្សប្រឆាំងមិនចូលរួមក៏កិច្ចប្រជុំរដ្ឋសភាដែលមានតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជាចំនួន៦៨រូបរួមមានលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ផងនោះ នៅតែអាចដំណើរការទៅមុខនិងមានសំឡេងគ្រប់គ្រាន់ក្នុងការកែប្រែបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
លោកបញ្ជាក់ថា៖ «មិនអាចធ្វើឲ្យប៉ះពាល់អីទេ។ គណបក្សប្រជាជនមានភាគច្រើនគ្រប់គ្រាន់ដើម្បីដំណើរការសភានិងដំណើរការការអនុម័តវិសោធនកម្មបទបញ្ជាផ្ទៃក្នុងហ្នឹង»។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជាយល់ថា ការប្រជុំដកតំណាងរាស្រ្តមតិភាគតិច និងភាគច្រើនដែលបានបង្កើតឡើងដើម្បីចរចារកដំណោះស្រាយនយោបាយនេះបង្ហាញថា រដ្ឋសភាបានបាត់បង់ឯករាជ្យភាពរបស់ខ្លួនដោយតែងធ្វើតាមអារម្មណ៍របស់មេដឹកនាំ ជាជាងយកច្បាប់ជាធំ ហើយថាសកម្មភាពនេះនឹងនាំឲ្យមានគ្រោះថ្នាក់ដល់សង្គម និងការអភិវឌ្ឍជាតិ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment