Wednesday, 15 February 2017

ស្ត្រី​ពីរ​នាក់​រង​របួស​ដោយសារ​សន្តិសុខ​ប្រើ​ហិង្សា​មិន​ឲ្យ​ហែ​ក្បួន​ឆ្លង​កាត់​ផ្ទះ​នាយក​រដ្ឋមន្ត្រី


ដោយ ប្រាជ្ញ ចេវ
2017-02-14

ស្ត្រី​ពីរ​នាក់​ដែល​រង​របួស​ដោយ​ក្រុម​សន្តិសុខ​សាលា​ក្រុង​ភ្នំពេញ ប្រើ​ហិង្សា​នៅ​ក្បែរ​វត្ត​លង្កា រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​មុខ​ផ្ទះ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev
ស្ត្រី​ពីរ​នាក់​ដែល​រង​របួស​ដោយ​ក្រុម​សន្តិសុខ​សាលា​ក្រុង​ភ្នំពេញ ប្រើ​ហិង្សា​នៅ​ក្បែរ​វត្ត​លង្កា រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​មុខ​ផ្ទះ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev
 RFA/Brach Chev



ក្បួន​ដើរ​ថ្មើរ​ជើង​របស់​ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ពី​ខេត្ត​កោះកុង បាន​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​សន្តិសុខ​រាជធានី​ភ្នំពេញ នៅ​ពេល​ពលរដ្ឋ​ព្យាយាម​ដើរ​កាត់​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​សុំ​អន្តរាគមន៍​ករណី​ជម្លោះ​ដីធ្លី​នៅ​ខុទ្ទកាល័យ​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ។ ចំណែក​ខុទ្ទកាល័យ​របស់​លោក ហ៊ុន សែន ស្នើ​ឲ្យ​ពលរដ្ឋ​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។

ការ​ប៉ះ​ទង្គិច​គ្នា​នេះ កើត​ឡើង​នៅ​ចំណុច​ក្បែរ​វត្ត​លង្កា នៅ​ពេល​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មក​ពី​ខេត្ត​កោះកុង ប្រមាណ ២០០​នាក់ ធ្វើ​ដំណើរ​ពី​ផ្លូវ​ព្រះសីហនុ សំដៅ​ទៅ​ខុទ្ទកាល័យ​ដោយ​កាត់​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។



នៅ​ពេល​ពួក​គេ​មក​ដល់​កែង​ផ្លូវ​ប៉ាស្ទ័រ ត្រូវ​បាន​ក្រុម​សន្តិសុខ​ប្រមាណ ៣០​នាក់​រារាំង និង​តម្រូវ​ឲ្យ​ដើរ​វាង​ទៅ​ខាង​ក្រោយ​របង​វត្ត​លង្កា វិញ ប៉ុន្តែ​ពលរដ្ឋ​មិន​ព្រម។ ទីបំផុត ក្រុម​សន្តិសុខ​សម្រេច​ប្រើ​ហិង្សា​រុញ​ច្រាន និង​អូស​ក្រុម​ពលរដ្ឋ​ទាំងនោះ​ចេញ​ពី​ផ្លូវ។ យ៉ាង​ហោច​ណាស់​មាន​ស្ត្រី​ពីរ​នាក់​រងគ្រោះ ព្រោះ​ករណី​ហិង្សា​នេះ​ដែល​មិន​អាច​ឲ្យ​ពួក​គេ​ទៅ​ដល់​គោលដៅ​បាន តម្រូវ​រក​ជិះ​ម៉ូតូ និង​កង់​បី។

ក្បួន​ដើរ​ថ្មើរ​ជើង​របស់​ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ពី​ខេត្ត​កោះកុង មាន​បំណង​ឆ្ពោះ​ទៅ​កាន់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​នេះ ដើម្បី​ស្នើ​លោក ហ៊ុន សែន ពន្លឿន​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពួក​គេ។

ស្ត្រី​ម្នាក់​រង​របួស​ព្រោះ​ការ​ប៉ះ​ទង្គិច​នេះ លោកស្រី ណុម វ៉ានរី មក​ពី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ឲ្យ​ដឹង​ថា លោកស្រី​ត្រូវ​របួស​ដៃ ខ្នង និង​ចង្កេះ ព្រោះ​ក្រុម​សន្តិសុខ​ឡើង​ជង្គង់ និង​ចាប់​អូស​លោកស្រី។ លោកស្រី​យល់​ថា មូលហេតុ​ដែល​ក្រុម​សន្តិសុខ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ដើរ​ហែ​កាត់​ផ្ទះ​នាយក​រដ្ឋមន្ត្រី​នេះ ព្រោះ​ពួក​គេ​ចង់​លាក់​ព័ត៌មាន​នៃ​ការ​ទាមទារ​នេះ​មិន​ឲ្យ​លោក ហ៊ុន សែន បាន​ដឹង៖ «ត្រូវ​ខ្លាំង​ដែរ មិន​ដឹង​អ្នក​ណា​គេ​ឡើង​ជង្គង់ ខ្ញុំ​ឈឺ​ណាស់ ចំ​កន្លែង​មុខ​របួស​ស្បូន គាត់​អូស​សែង​ទៀត»។

ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​មក​ពី​ខេត្ត​កោះកុង មាន​ជិត ២០០​គ្រួសារ ប៉ះពាល់​ដីធ្លី​ជិត ៨០០​ហិកតារ នៅ​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ និង​ឈ្មួញ​ដីធ្លី​ផ្សេង​ទៀត​តាំង​ពី​អំឡុង​ឆ្នាំ​២០០៧ មក។

ដីធ្លី កោះកុង ប៉ះទង្គិច ភ្នំពេញ ២០១៧ ៨៥៥
ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ពី​ខេត្ត​កោះកុង ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​សន្តិសុខ​រាជធានី​ភ្នំពេញ ក្បែរ​វត្ត​លង្កា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev RFA/Brach Chev



ក្រោយ​ការ​ប៉ះ​ទង្គិច ក្រុម​ពលរដ្ឋ​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​ដើរ​តាម​ផ្លូវ​ផ្សេង​ជៀសវាង​ការ​ប៉ះ​ទង្គិច។ នៅ​ទីបំផុត ពួក​គេ​បាន​ទៅ​ជួប​តំណាង​ខុទ្ទកាល័យ​របស់​លោក ហ៊ុន សែន ប៉ុន្តែ​មិន​ជួប​គ្នា​នៅ​មុខ​ខុទ្ទកាល័យ​ទេ គឺ​ជួប​ចរចា​គ្នា​នៅ​ក្រោម​ដើម​ពោធិ៍​មុខ​វត្ត​បទុមវតី វិញ។

មន្ត្រី​ខុទ្ទកាល័យ និង​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល លោក ប៉ាល់ ចន្ទតារា ដែល​ចេញ​មក​ជួប​ពលរដ្ឋ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សាធារណៈ​ជាមួយ​ក្រុម​ពលរដ្ឋ ដោយ​លោក​ស្នើ​ទៅ​ក្រុម​ពលរដ្ឋ​ឲ្យ​វិល​ទៅ​លំនៅឋាន​វិញ។ លោក​បញ្ជាក់​ថា បញ្ហា​ដីធ្លី​នេះ​មិន​អាច​ដោះស្រាយ​នៅ​ភ្នំពេញ​បាន​ទេ ព្រោះ​មន្ត្រី​ដែល​ដោះស្រាយ​រឿង​នេះ ត្រូវ​ផ្ទៀងផ្ទាត់​ដី​ប៉ះពាល់​ជាមួយ​ក្រុម​ពលរដ្ឋ។ ក្រៅ​ពី​នេះ លោក ប៉ាល់ ចន្ទតារា នឹង​ទៅ​ជួប​មន្ត្រី​ក្រសួង​ដែនដី​ដើម្បី​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​នេះ៖ «ខ្ញុំ​សន្យា​ថា ខ្ញុំ​នឹង​ទៅ​ជួប​ជាមួយ​ក្រសួង​ដែនដី ហើយ​បង​ប្អូន​សន្យា​ជាមួយ​ខ្ញុំ​វិញ​ដែរ អញ្ជើញ​ទៅ​វិញ​ដែរ អញ្ជើញ​ទៅ​កោះកុង វិញ​សិន​ទៅ»។

មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក ហ៊ុន សែន រូប​នេះ ព្រមាន​អ្នក​កាសែត​ថា នឹង​ប្ដឹង បើ​សិន​ជា​មិន​ចាក់​សំឡេង​សម្ភាស​លោក​ទាំងស្រុង ហើយ​កាត់​ផ្នែក​ណា​មួយ​នៃ​សំឡេង​របស់​លោក​នោះ៖ «ខ្ញុំ​ជម្រាប​បងៗ​អ្នក​កាសែត បើ​ថត​សំឡេង​ខ្ញុំ ថត​រូប​ខ្ញុំ​ទៅ​ផ្សាយ​ដាក់​ឲ្យ​ពិស្ដារ តែ​កាត់​សំឡេង​ខ្ញុំ​មួយ​កំណាត់ៗ​ទៅ​ផ្សាយ ខ្ញុំ​ប្ដឹង ខ្ញុំ​និយាយ​ឲ្យ​ហើយ ខ្ញុំ​ប្ដឹង»។

យ៉ាង​ណា​ក៏ដោយ​ចុះ តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី លោកស្រី ផាវ ញ៉ឺង ថា​ក្រុម​ពលរដ្ឋ​ជឿ​លើ​ការ​អះអាង​របស់​មន្ត្រី​ខុទ្ទកាល័យ​រូប​នេះ​តែ ៣០​ភាគរយ​ប៉ុណ្ណោះ។ លោកស្រី​បន្ត​ថា ក្រុម​ពលរដ្ឋ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​លំនៅឋាន​ក្នុង​ពេល​នេះ​បាន​ទេ។ ពួក​គេ​ត្រូវ​រស់នៅ​ភ្នំពេញ​ក្នុង​វត្ត​សាមគ្គីរង្សី ដើម្បី​រង់ចាំ​ឃ្លាំ​មើល​ការ​ដោះស្រាយ​ការងារ​របស់​ក្រុម​មន្ត្រី​របស់​លោក ហ៊ុន សែន៖ «ពួក​យើង​នឹង​ព្យាយាម​តាម​ឃ្លាំ​មើល​ទៀត​បង ព្រោះ​អី​បើ​យើង​ទៅ​បាត់ យើង​ទូរស័ព្ទ​មក​ខ្ញុំ​អត់​ដែល​ជួប​ឆ្លង​កាត់​ពាក្យ​សម្ដី​របស់​ឯកឧត្តម​ផ្ទាល់​ទេ ប៉ុន្តែ​បុគ្គល​មួយ​ចំនួន​នៅ​ក្នុង​ខុទ្ទកាល័យ​សម្ដេច​នេះ គឺ​លោក គង់ សុវណ្ណ ដែល​ជួប​ខ្ញុំ​មិញ​នោះ ខ្ញុំ​ចំណាំ​មុខ​គាត់​ធ្លាប់​យក​ឯកសារ ប៉ុន្តែ​អត់​ដែល​មាន​ផល​អី​ទេ»។

ការ​លើក​គ្នា​របស់​ក្រុម​ពលរដ្ឋ​ទៅ​ខុទ្ទកាល័យ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ជា​លើក​ទី​២​ហើយ​ក្រោយ​ពី​ពួក​គេ​បាន​ទៅ​សុំ​ការ​អន្តរាគមន៍​ម្តង​រួច​ហើយ​កាល​ពី​ប៉ុន្មាន​ខែ​មុន ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ។ ក្រុម​ពលរដ្ឋ​ទាមទារ​សំណង​នៃ​ការ​ខូចខាត​រយៈពេល ១០​ឆ្នាំ ដោយ​ក្នុង​មួយ​គ្រួសារ​ដី​ទំហំ​ពីរ​ហិកតារ និង​ថវិកា ៤.៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក៕

No comments: