Tuesday, 28 March 2017
គ.ជ.ប ថាសារលោក ហ៊ុន សែន អំពាវនាវពលរដ្ឋឲ្យបោះឆ្នោតឲ្យគឺពុំមែនជាភារកិច្ចគ.ជ.ប
ដោយ ម៉ម មុនីរតន៍
2017-03-28
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីដំណើរការចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth
អ្នកជំនាញលើកិច្ចការបោះឆ្នោត និងមន្ត្រី គ.ជ.ប ថ្លែងថា សាររបស់លោក ហ៊ុន សែន ដែលអំពាវនាវឲ្យពលរដ្ឋបោះឆ្នោតជូនគណបក្សកាន់អំណាច គឺមិនស្ថិតក្នុងបញ្ញត្តិ និងភារកិច្ចដែល គ.ជ.ប ត្រូវដោះស្រាយឡើយ។ ក្នុងពិធីសម្ពោធសាលារៀនមួយនៅខេត្តក្រចេះ កាលពីថ្ងៃទី២៧ មីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត។
សារអំពាវនាវរបស់ប្រធានគណបក្សប្រជាជនកម្ពុជា នៅពេលនេះ ធ្វើឡើងស្របពេលយុទ្ធនាការនៃការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅសល់ពេលប្រមាណជាជាង ១ខែទៀត នឹងត្រូវចាប់ផ្ដើមហើយ។
ទាំងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអ្នកជំនាញលើកិច្ចការបោះឆ្នោត ស្ទាក់ស្ទើរមិនហ៊ានផ្ដល់យោបល់ថា តើសារអំពាវនាវរបស់លោក ហ៊ុន សែន ដែលលើកទឹកចិត្តឲ្យពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នេះ វាផ្ទុយទៅនឹងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬយ៉ាងណានោះឡើយ។
ប៉ុន្តែច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មាត្រា៧០ កំណត់ថា ការឃោសនាបោះឆ្នោតមានរយៈពេលត្រឹម ១៤ថ្ងៃ ហើយគ្រប់សកម្មភាពត្រូវបញ្ឈប់ ២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ ដូច្នេះ ច្បាប់នេះបានកំណត់ឲ្យគ្រប់គណបក្សនយោបាយ ត្រូវអនុញ្ញាតឲ្យឃោសនាស្វែងរកសំឡេងឆ្នោតគិតចាប់ពីថ្ងៃទី១៩ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ប៉ុណ្ណោះ។
ផ្ទុយពីនេះវិញ អ្នកវិភាគយល់ឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដើរមុនមួយជំហាននៅក្នុងការឃោសនាស្វែងរកសំឡេងឆ្នោត សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលនេះ។
កាលពីថ្ងៃទី២៧ មីនា ថ្លែងពីខេត្តក្រចេះ លោកនាយករដ្ឋមន្ត្រីចង់ឃើញអ្នកគាំទ្ររូបលោកបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាជាងការកំណត់ចំណាំតាមលេខរៀងរបស់គណបក្សនយោបាយនីមួយៗ។ លោកថ្លែងដោយសុទិដ្ឋិនិយមថា បើទោះជាលោកប្រើពេលវេលានេះឃោសនាមុនកំណត់ក៏ដោយចុះ ក៏គ្មានអ្នកណាហ៊ានក្អកនឹងលោកដែរ។ លោកបន្តថា នេះពុំមែនជាការឃោសនាស្វែងរកសំឡេងឆ្នោតឡើយ ប៉ុន្តែវាជាកាតព្វកិច្ចដែលរដ្ឋាភិបាលកើតពីការបោះឆ្នោត ត្រូវតែធ្វើបែបនេះ៖ «»។
អ្នកជំនាញលើកិច្ចការបោះឆ្នោត កត់សម្គាល់ឃើញថា បញ្ហានេះស្ទើរក្លាយទៅជាទម្លាប់ទៅហើយនៅកម្ពុជា សព្វថ្ងៃ។ មានអ្នកនយោបាយច្រើនណាស់មកហើយ តែងឆ្លៀតប្រើប្រាស់សាររបស់ខ្លួនទៅកាន់អ្នកគាំទ្រនៅមុនរដូវកាលឃោសនាស្វែងរកសំឡេងឆ្នោតបានមកដល់ទៅទៀត។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) យល់ឃើញថា សាររបស់លោក ហ៊ុន សែន ទំនងមិនជះឥទ្ធិពល និងគ្របដណ្ដប់ទៅលើប្រព័ន្ធបោះឆ្នោតប៉ុន្មាននោះទេ។ ផ្ទុយទៅវិញ រឿងទាំងនេះតែងកើតឡើងជាញឹកញាប់ណាស់មកហើយនៅកម្ពុជា៖ «»។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងអាណត្តិទី៤ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងចំណាយថវិកាប្រហែល ៥២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីរៀបចំដំណើរការបោះឆ្នោតក្នុងឆ្នាំ២០១៧ នេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា គ.ជ.ប គ្រប់គ្រងតែក្នុងអំឡុងពេលឃោសនាស្វែងរកសំឡេងឆ្នោតដូចដែលច្បាប់បានចែងប៉ុណ្ណោះ ក្រៅពីនេះ ការឃោសនារបស់អ្នកនយោបាយដែលពុំមានបញ្ញត្តិនៅក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គ.ជ.ប ពុំទទួលដឹងឮឡើយ៖ «»។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ក៏ស្របគ្នានឹងសាររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែរ។ ថ្លែងក្នុងវគ្គផ្សព្វផ្សាយផ្ទៃក្នុងអំពីគោលនយោបាយអាទិភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៦ មីនា លោក កឹម សុខា ថ្វីបើពុំបានអំពាវនាវឲ្យអ្នកគាំទ្របោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ ក៏ប្រមុខបក្សប្រឆាំងរូបនេះ បានលើកទឹកចិត្តកុំឲ្យពលរដ្ឋកំណត់ចំណាំគណបក្សទៅលើលេខរៀងដែរ ព្រោះលេខរៀងនេះអាចមានការប្រែប្រួលមិនទៀងទាត់។
អ្នកជំនាញលើកិច្ចការបោះឆ្នោត យល់ឃើញថា ប្រសិនបើចាប់ពីពេលនេះទៅ អ្នកនយោបាយចាប់ផ្ដើមរកសំឡេងឆ្នោតតាមរយៈកម្មវិធីនយោបាយ និងសុចរិតជាងការសម្លុតគំរាមកំហែង ពាក្យអាម៉ឹង ជាដើម នោះជាការវិវឌ្ឍន៍ដ៏ល្អ។ បន្ថែមពីលើនេះទៀត មិនតែប៉ុណ្ណោះនឹងជួយឲ្យពលរដ្ឋធ្វើសេចក្ដីសម្រេចដ៏ត្រឹមត្រូវ ហើយការបោះឆ្នោតដែលមានបរិយាកាសល្អ និងស្ងប់ស្ងាត់ដែលអាចឈានទៅដល់ការវាយតម្លៃនៃលទ្ធផលឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងជឿទុកចិត្តបានពីគ្រប់ភាគីដែលពាក់ព័ន្ធ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment