Saturday 4 March 2017

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​ឯកភាព​លើ​ខ្លឹមសារ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​បក្ស​នយោបាយ


ដោយ អ៊ុង សេរីវុទ្ធ
2017-03-03

ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា
ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា
 RFA/Yeang Socheametta



ក្រុមប្រឹក្សា​ធម្មនុញ្ញ​ឯកភាព​លើ​ខ្លឹមសារ​នៃ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ហើយ​នៅ​ថ្ងៃ​ទី​៣ មីនា បើទោះជា​ច្បាប់​នេះ​​​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ថា ជា​ច្បាប់​ សំដៅ​រឹត​បន្តឹង​គណបក្ស​ប្រឆាំង និង​ប៉ះ​ពាល់​ដល់​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ក្ដី។ ចំណែក​បក្ស​ប្រឆាំង​ថា ខ្លួន​នឹង​កែប្រែ​ច្បាប់​នេះ​ឲ្យ​មាន​លក្ខណៈ​ទូលាយ​ឡើង​វិញ នៅ​ពេល​បក្ស​នេះ​ឡើង​កាន់​អំណាច។

ក្រោយ​ពេល​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ធ្វើ​ឡើង​ដោយ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច តាម​ការ​ចង់​បាន​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អ្នក​សង្កេតការណ៍​ថា ដើម្បី​រារាំង​មិន​ឲ្យ​ប្រធាន​បក្ស​ប្រឆាំង​ចូលរួម​ដឹកនាំ​ការប្រកួតប្រជែង និងឈាន​ដល់​ការ​រំលាយ​គណបក្ស បើ​មេ​បក្ស​មាន​ទោស​ជា​ដើម​នោះ មិន​បាន​កន្លះ​ខែ​ផង សេចក្ដី​ស្នើ​កែប្រែ​ច្បាប់​នេះ ត្រូវ​បាន​រដ្ឋសភា ព្រឹទ្ធសភា អនុម័ត​យល់​ព្រម ហើយ​​ចុងក្រោយ​នេះ ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​ឯកភាព​ទាំង​ស្រុង​លើ​ខ្លឹម​សារ​នៃ​ច្បាប់​នេះ ដោយ​មិន​មាន​ការ​កែប្រែ​លើ​ចំណុច​ណាមួយ​ឡើយ។



ចំណែក​សង្គម​ស៊ីវិល​ដែល​ធ្វើ​​ការ​ទាក់ទង​នឹង​ការ​ងារ​បោះឆ្នោត និង​គណបក្ស​ប្រឆាំង​ចាត់​ទុក​ច្បាប់​នេះ រំលោភ​រដ្ឋធម្មនុញ្ញ និង​​រឹត​ត្បិត​សេរីភាព​របស់​គណបក្ស​នយោបាយ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យឹម សុវណ្ណ ថា គណបក្ស​របស់​លោក​មិន​ដែល​គាំទ្រ​ការ​កែប្រែ​ច្បាប់​នេះ ហើយ​លោក​ស្ដាយ​ដែល​គណបក្ស​អំណាច​ព្យាយាម​រឹត​ត្បិត​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ឲ្យ​កាន់​តែ​ចង្អៀត។ លោក​បន្ត​ថា ខ្លួន​នឹង​កែប្រែ​ច្បាប់​នេះ​ឲ្យ​មាន​លក្ខណៈ​ទូលាយ​ឡើង​វិញ នៅ​ពេល​បក្ស​របស់​លោក​ឡើង​កាន់​អំណាច។ ហើយ​លោក​ថា ច្បាប់​នេះ​ដែរ​គឺ​សំដៅ​រឹត​បណ្ដឹង​លើ​គណបក្ស​ប្រឆាំង​តែ​ម្ដង៖ «ជា​ការ​ពិត​បើ​មិន​សំដៅ​គណបក្ស​សង្គ្រោះជាតិ សំដៅ​លើ​អ្នក​នរណា? ដោយ​សារ​ឃើញ​គណបក្ស​សង្គ្រោះជាតិ មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្លាំង ហើយ​គេ(បក្ស​កាន់​អំណាច) មាន​ចេតនា​មិន​ល្អ​ចំពោះ​គណបក្ស​សង្គ្រោះជាតិ។ ប៉ុន្តែ​យ៉ាងណា យើង​នឹង​ខំ​ប្រឹងប្រែង​ការ​យល់​ដឹង​របស់​យើង​ដើម្បី​បញ្ចៀស​បញ្ហា​ហានិភ័យ​ចំពោះ​គណបក្ស»។

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា យល់​ថា ច្បាប់​នេះ​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទេ ជា​ពិសេស​នឹង​បង្ក​បញ្ហា​ដល់​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​តែ​ម្ដង។ លោក​ពន្យល់​ថា ច្បាប់​ថ្មី​នេះ បាន​ផ្ដល់​អំណាច​ដល់​ក្រសួង​មហាផ្ទៃ​ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល អាច​គ្រប់គ្រង ក្នុង​ន័យ​ដាក់​ទណ្ឌកម្ម ហាម​ឃាត់ ឬ​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ រហូត​ដល់​ប្ដឹង​ទៅ​តុលាការ​កំពូល​រំលាយ​គណបក្ស​នោះ​ទៀត៖ «អ៊ីចឹង​គេ​រំលាយ​គណបក្ស គោលការណ៍​ប្រជាធិបតេយ្យ​សេរីពហុបក្ស​នៅ​សង្គម​គេ​នោះ។ ទាល់​តែ​គណបក្ស​នោះ​ជា​ប្រភេទ​គណបក្ស​ប្រភេទ​ហ្វាស៊ីស (Fascist) ដែល​គ្រប់គ្រង​រដ្ឋ​កាន់​របប​ផ្ដាច់ការ​ឃោរឃៅ​អី ទើប​គេ​ប្រុង​ប្រយ័ត្ន។ ប៉ុន្តែ​គេ​មិន​រំលាយ​គណបក្ស​ដោយ​គ្រាន់​តែ​បញ្ចេញ​មតិ ហើយ​ចោទ​ប្រកាន់​ថា ញុះញង់​ថា ប៉ះពាល់​សន្តិសុខ​រដ្ឋ​​អ៊ីចឹង វា​អត់​ធ្វើ​កើត​ទេ»។

មាត្រា​៤៤ ថ្មី នៃ​ច្បាប់​នេះ ចែងថា តុលាការ​អាច​រំលាយ​គណបក្ស​នយោបាយ​បាន បើសិនជា​គណបក្ស​នោះ​ប្រព្រឹត្ត​អំពើ​អបគមន៍ ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ បង្កើត​កងកម្លាំង​ប្រដាប់​អាវុធ និង​ញុះញង់​ដែល​អាច​នាំ​ឱ្យ​មាន​ការ​បែកបាក់​ជាតិ ព្រមទាំង​គណបក្ស​នយោបាយ​ណា​ដែល​ស្ថិត​ក្រោម​ចំណុះ ឬ ការ​បង្គាប់​បញ្ជា​របស់​គណបក្ស​នយោបាយ​បរទេស ឬ​របស់​រដ្ឋាភិបាល​បរទេស។ ប៉ុន្តែ​អ្នក​ច្បាប់ និង​អ្នកសង្កេតការណ៍​ព្រួយបារម្ភ​ចំពោះ​ពាក្យ​ពេចន៍​ដែល​ចែង​ក្នុង​មាត្រា៤៤ថ្មី នេះ ពីព្រោះ​មិន​បាន​កំណត់​និយមន័យ​ទេ ដែល​ជា​ការ​បើក​ឱកាស​ឲ្យ​រដ្ឋាភិបាល​បកស្រាយ​តាម​ចិត្ត បណ្ដាល​ឲ្យ​មាន​ការ​រឹតត្បិត​សិទ្ធិ​ចូលរួម​នយោបាយ​របស់​ពលរដ្ឋ។

បន្ទាប់​ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ឯកភាព​​ហើយ សេចក្ដី​ច្បាប់​នេះ នឹង​ត្រូវ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ឡាយ​ព្រះហស្ត​លេខា ឲ្យ​ច្បាប់​នេះ​ចូល​ជា​ធរមាន ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មីនា ព្រះមហាក្សត្រ បាន​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​បេកាំង ប្រទេស​ចិន​ហើយ។

នាយ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ លោក អ៊ុំ ដារ៉ាវុធ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី៣ មីនា ថា ស្ថាប័ន​ព្រះបរមរាជវាំង នៅ​មិន​ទាន់​ទទួល​បាន​នូវ​សេចក្ដី​ស្នើ​កែប្រែ​ច្បាប់​នេះ​ទេ ហើយ​ព្រះមហាក្សត្រ​នឹង​អាច​នឹង​យាង​ត្រឡប់​មក​កម្ពុជា​វិញ ក្នុង​អំឡុង​ពី​២ ទៅ​៣​សប្ដាហ៍។ ជំនួស​ព្រះមហាក្សត្រ ​ប្រមុខ​រដ្ឋ​ស្ដីទី​គឺ​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ អាច​ចុះ​ហត្ថលេខា​លើ​ច្បាប់​នេះ ដើម្បី​ប្រកាស​ឲ្យ​ប្រើ​បាន​ដែរ៕

No comments: