Saturday 4 March 2017
របាយការណ៍សម្ងាត់របស់អ.ស.ប.បានចង្អុលមុខចិនពីបទលេងបៀរ ៤សន្លឹកក្នុងសំណុំរឿងកូរ៉េខាងជើង
ដោយ គួច គន្ធារ៉ា 03/03/2017
rfi
ប្រមុខដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន(រូបកណ្តាល)
REUTERS/KCNA
កូរ៉េខាងជើងមិនបានអើពើនឹងទ័ណ្ឌកម្មអន្តរជាតិរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៦ ទេ នេះជាខ្លឹមសារដែលមានចែងនៅក្នុងរបាយការណ៍សម្ងាត់មួយរបស់អង្គការសហប្រជាជាតិ។ របាយការណ៍បានបញ្ជាក់ច្បាស់ៗថា បើរបបក្រុងព្យុងយ៉ាងមានលទ្ធភាពអាចបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបានក៏ដោយសារមានការគាំទ្រពីរដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ។
របាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិមិនបាននិយាយចំឈ្មោះរដ្ឋមួយណាទេ តែគេដឹងថា អង្គការសហប្រជាជាតិចង់ចង្អុលចិនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់កូរ៉េខាងជើង។ តាមពិតទៅ ទីក្រុងប៉េកាំងបានព្យាយាមតាមគ្រប់មធ្យោបាយទាំងអស់ដើម្បីរារាំងកុំឲ្យរបាយការណ៍មួយនេះចេញផ្សាយជាសាធារណៈ។ ការដែលចិនមិនចង់ឲ្យរបាយការណ៍មួយនេះបែកធ្លាយក៏ដោយសារថា ខ្លួនបានជាប់ចោទពីបទបានលេងបៀរ ៤សន្លឹកនៅក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានសរសេរច្បាស់ៗនៅក្នុងរបាយការណ៍នោះថា ការដែលកូរ៉េខាងជើងអាចបន្តធ្វើពាណិជ្ជកម្មជាមួយពិភពលោក មានលទ្ធភាពអាចចំណាយនៅក្នុងកម្មវិធីនុយក្លេអ៊ែរ និងកម្មវិធីគ្រាប់មីស៊ីលអន្តរទ្វីបក៏ដោយសារតែមានការគាំទ្រមួយភាគធំពីប្រទេសចិន។ តាមរបាយការណ៍ដដែល ចិនបានទទួលក្រុមអ្នកវិនិយោគ និងក្រុមហ៊ុនកូរ៉េខាងជើងជាច្រើនក្នុងទឹកដីខ្លួន ហើយចិនបានដើរតួនាទីជាអាជ្ញាកណ្តាលនៅក្នុងការដោះដូរពាណិជ្ជកម្មរវាងក្រុមហ៊ុនកូរ៉េខាងជើង និងក្រុមហ៊ុនបរទេស។
របាយការណ៍ដដែលឲ្យដឹងទៀតថា ទោះបីជាកូរ៉េខាងជើងបានទទួលទ័ណញឌកម្មអន្តរជាតិបន្ថែមក្នុងឆ្នាំ ២០១៦ ក៏ដោយ ក៏របបកុម្មុយនិស្តមួយនេះអាចបន្តទទួលបានចំណូលពីគ្រប់ច្រក និងអាចបន្តលក់ផលិតផលគ្រប់ប្រភេទទៅបរទេស។ អ្វីជាការកត់សម្គាល់ របាយការណ៍នេះបានធ្វើឲ្យចិនទើសទាល់ចិត្តយ៉ាងខ្លាំង ព្រោះកន្លងមក ប៉េកាំងតែងតែបញ្ចេញប្រតិកម្មមិនសប្បាយចិត្តចំពោះទង្វើសាកល្បងនុយក្លេអ៊ែរ ឬគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។ នៅពាក់កណ្តាលខែកុម្ភៈកន្លងទៅ និងដើម្បីបង្ហាញពីឆន្ទៈល្អរបស់ខ្លួន ចិនបានប្រកាសផ្អាកទិញរ៉ែធ្យូងថ្មពីកូរ៉េខាងជើង៕
Subscribe to:
Post Comments (Atom)
1 comment:
The butcher Kim Junk Un !! This killer boy must go to hell.
Post a Comment