Tuesday, 21 March 2017

កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១២៩​នៅ​ក្នុង​របាយការណ៍​សុភមង្គល​ពិភពលោក


ដោយ សាន សែល
2017-03-21
rfa
របាយការណ៍​ស្ដីពី​សុភមង្គល​ពិភពលោក (World Happiness Report) ចេញ​នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។ Screenshot
របាយការណ៍​ស្ដីពី​សុភមង្គល​ពិភពលោក (World Happiness Report) ចេញ​នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧។ Screenshot




ប្រទេស​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១២៩ ផ្នែក​សុភមង្គល​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៥៥ នៅ​ទូទាំង​ពិភពលោក ដែល​អង្គការ​សហប្រជាជាតិ បាន​សិក្សា​វាយ​តម្លៃ។ ចំណាត់​ថ្នាក់​នេះ ធ្វើ​ឲ្យ​កម្ពុជា ស្ថិត​នៅ​ពី​ក្រោយ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ជាច្រើន។

របាយការណ៍​ស្ដីពី​សុភមង្គល​ពិភពលោក (World Happiness Report) បាន​ចេញ​នៅ​ថ្ងៃ​ទី​២០ មីនា ដើម្បី​អបអរ​ទិវា​សុភមង្គល​អន្តរជាតិ។

កាល​ពី​ឆ្នាំ​កន្លង​ទៅ ប្រទេស​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១៤០។



ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ឆ្នាំ​២០១៧ នេះ ប្រទេស​កម្ពុជា ដើរ​ពី​ក្រោយ​ឆ្ងាយ​ពី​បណ្ដា​ប្រទេស​អាស៊ាន និង​ប្រទេស​ក្បែរ​ខាង។ ប្រទេស​វៀតណាម ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៩៤ ថៃ លេខ​៣២ មីយ៉ាន់ម៉ា លេខ​១១៤ ហើយ​សិង្ហបុរី លេខ​២៦។ ចំណែក​ប្រទេស​ចិន វិញ ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​៧៩ ខណៈ​សហរដ្ឋ​អាមេរិក បាន​ចំណាត់​ថ្នាក់​ទី​១៤។

ប្រទេស​ន័រវែស (Norway) ជា​ប្រទេស​មាន​សុភមង្គល​ជាង​គេ​បំផុត​លើ​លោក ហើយ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ជា​ប្រទេស​នៅ​ក្រោម​បាត​តារាង​គេ។

នេះ​ជា​ឆ្នាំ​ទី​៥ នៃ​ការ​ចេញ​ផ្សាយ​របាយការណ៍​សុភមង្គល​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​ចាប់​ផ្ដើម​បោះ​ផ្សាយ​ដំបូង​កាល​ពី​ឆ្នាំ​២០១២។

ប្រាក់​ចំណូល​មិន​មែន​ជា​កត្តា​តែ​មួយ​មុខ​កំណត់​ភាព​សប្បាយ​រីករាយ​របស់​មនុស្ស​នោះ​ទេ។

បើ​យោង​តាម​របាយការណ៍​នេះ កម្រិត​សប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ប្រទេស​នីមួយៗ ពឹង​ផ្អែក​លើ​កម្រិត​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពលរដ្ឋ​ម្នាក់ៗ ចំនួន​ឆ្នាំ​ជា​មធ្យម​ដែល​ប្រជាពលរដ្ឋ​អាច​រស់នៅ​ក្នុង​មួយ​ជីវិត ការ​គាំទ្រ​ផ្នែក​សង្គម ដូចជា​ទំនាក់ទំនង​ជាមួយ​គ្រួសារ និង​មិត្តភ័ក្ដិ អភិបាលកិច្ច​ល្អ ដូចជា​ទំនុក​ចិត្ត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​រដ្ឋាភិបាល និង​ក្នុង​ការ​រក​ស៊ី សេរីភាព​នៃ​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ក្នុង​ជីវិត និង​ចិត្ត​សប្បុរស​របស់​មនុស្ស។

អ្នក​ធ្វើ​របាយការណ៍​បាន​ជួប​សម្ភាស​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៣.០០០​នាក់​ជុំវិញ​ពិភពលោក ហើយ​បាន​ឲ្យ​ពួក​គេ​ដាក់​ពិន្ទុ​លើ​ចំណុច​ទាំងនេះ​ពី​លេខ​០ ដល់​លេខ​១០ ដែល​លេខ​១០ ជា​កម្រិត​ល្អ​ប្រសើរ​បំផុត។

កម្ពុជា ទទួល​បាន​ពិន្ទុ ៤,១៦៨។ ក្នុង​ចំណោម​ចំណុច​ទាំង​៦ ដែល​គេ​យក​មក​វាយ​តម្លៃ​កម្ពុជា ទទួល​បាន​ពិន្ទុ​ច្រើន ផ្នែក​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​មាន​ពិន្ទុ​តិច​ជាង​គេ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មិន​ទុក​ចិត្ត​ការ​ផ្តល់​ពិន្ទុ​របស់​ប្រជាពលរដ្ឋ​ដែល​ផ្តល់​សម្ភាស​ក្នុង​របាយការណ៍​នេះ។ លោក​គិត​ថា ពលរដ្ឋ​អាច​ទទួល​ឥទ្ធិពល​ដោយសារ​ការ​ទទួល​បាន​ព័ត៌មាន​មិន​ច្បាស់លាស់។

លោក​បញ្ជាក់​ថា ពិន្ទុ​ដែល​កម្ពុជា ទទួល​បាន​នេះ មិន​ឆ្លើយតប​នឹង​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ ពិសេស​ក្នុង​វិស័យ​ឯកជន ហើយ​លោក​ថា​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​ជាតិ​ក្នុង​អត្រា ៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​មាន​ចំណូល​មធ្យម ការ​កើន​ឡើង​ការ​តភ្ជាប់​ទីក្រុង និង​ជនបទ ការ​កើន​ឡើង​នូវ​វិនិយោគ​បរទេស ពិសេស​ដំណើរការ​ផ្សារ​ទំនើប​ធំៗ សុទ្ធសឹងតែ​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​មាន​សុភមង្គល​ជាង​មុន៖ «»។

របាយការណ៍​ដាច់​ដោយឡែក​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា ចាត់​ទុក​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​រដ្ឋាភិបាល​ជា​ស្ថាប័ន​ដែល​ពុក​រលួយ​ជាង​គេ​បំផុត។

ត្រឡប់​ទៅ​របាយការណ៍​សុភមង្គល​ពិភពលោក​វិញ ករណី​នៅ​ប្រទេស​ចិន ខណៈ​សេដ្ឋកិច្ច​ជាតិ​កើន​ឡើង ប្រជាពលរដ្ឋ​បែរ​ជា​មិន​សូវ​សប្បាយ​ចិត្ត​ទៅ​វិញ ដោយសារ​ការ​ភ័យ​ខ្លាច​គ្មាន​ការងារ និង​ការ​ផ្លាស់ប្ដូរ​សន្តិសុខ​សង្គម បើ​ធៀប​កាល​ពី​ពេល​មុន​ដែល​ប្រទេស​ចិន នៅ​មិន​ទាន់​ខ្លាំង​ដូច​សព្វថ្ងៃ។

របាយការណ៍​រក​ឃើញ​ថា ក្រៅ​តែ​ពី​មាន​ការងារ និង​ប្រាក់​ចំណូល​គ្រប់គ្រង ប្រជាពលរដ្ឋ​ឲ្យ​តម្លៃ​លើ​សុខភាព ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ការ​សិក្សា​អប់រំ និង​ជីវិត​គ្រួសារ។ នៅ​សង្គម​លោក​ខាង​លិច ពលរដ្ឋ​ឲ្យ​តម្លៃ​លើ​សុខភាព​ផ្លូវ​ចិត្ត ដែល​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​រីករាយ ខ្លាំង​ជាង​កត្តា​ប្រាក់​ចំណូល​ការងារ និង​សុខភាព​ផ្លូវ​កាយ។

ប្រធានបទ​សំខាន់​សម្រាប់​របាយការណ៍​នៅ​ឆ្នាំ​២០១៧ គឺ​សុភមង្គល​នៅ​កន្លែង​ធ្វើ​ការងារ។ លទ្ធផល​ស្រាវជ្រាវ​រក​ឃើញ​ថា មនុស្ស​កំពុង​ចំណាយ​ពេលវេលា​នៃ​ជីវិត​ភាគច្រើន​នៅ​កន្លែង​ធ្វើ​ការ។ មនុស្ស​ដែល​មាន​ប្រាក់​ចំណូល​ច្រើន ទំនង​ជា​សប្បាយ​រីករាយ​ជាង ប៉ុន្តែ​ប្រាក់​មិន​មែន​ជា​កត្តា​ផ្ដាច់មុខ​វាស់វែង​សុភមង្គល​នោះ​ទេ គឺ​តុល្យភាព​ជីវិត​ការងារ ឯកជន និង​គ្រួសារ ប្រភេទ​ការងារ និង​កម្រិត​នៃ​សេរីភាព​បុគ្គល ដែល​ជា​កត្តា​រួមផ្សំ​សំខាន់។

របាយការណ៍​ឆ្នាំ​២០១៨ ខាង​មុខ នឹង​ផ្ដោត​សំខាន់​លើ​ការ​ចំណាក​ស្រុក៕

4 comments:

Anonymous said...



Phnom Penh governor just found a new way to reduce crimes in the capital to jack up the Happiness score, and Phay Siphan agrees.
GET RID OF ALL ATM MACHINES IN THE CITY!!!!


Anonymous said...

As long as Hun Sen family still alive, Cambodia never will be a happy place as it was. Fighting is key of happiness of modern Cambodia

Anonymous said...

Why keep promoting fighting? That's wrong.

Anonymous said...

5:56 pm

Although I am not 10:05 pm, but the Khmer people and I agree with this poster.
If we don't fight to rescue our Motherland, pretty soon there will be no need to do so
because our traditional enemy Yuon will take over.

Hun Sen has NEVER been elected by the Khmer people, but SELECTED by
our Hanoi enemy.
If Traitor Hun Sen transfers the power to the 2018 winner peacefully, then
there will be no need to fight.