ដោយ ជិន ជេដ្ឋា
2017-03-11
ទូកនេសាទ និងទូកដឹកផលនេសាទ ចតនៅកំពង់ផែផ្សារក្រោម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។
RFA/Chin Chetha
អាជ្ញាធរខេត្តកំពង់ឆ្នាំង ព្រមានប្រើវិធានការផ្លូវច្បាប់ចំពោះជនល្មើសដែលកាប់ព្រៃលិចទឹកធ្វើជាសម្រាស់ដាក់ក្នុងបឹងទន្លេសាប ដើម្បីឲ្យត្រីកុំនៅរដូវទឹកស្រកឆ្នាំក្រោយ។ ពលរដ្ឋរស់នៅតាមដងទន្លេខ្លះ ថ្លែងសាទរចំពោះការប្រកាសចាត់វិធានការម៉ឺងម៉ាត់នេះ ប៉ុន្តែពួកគេចង់ឃើញសមត្ថកិច្ចអនុវត្តឲ្យបានដូចការចុះបង្ក្រាបបទល្មើសរបាំងលបកាលពីពេលថ្មីៗនេះដែរ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ទទួលស្គាល់ថា បទល្មើសដាក់សម្រាស់នៅមានច្រើនករណីក្នុងបឹងទន្លេសាប ហើយមិនទាន់មានវិធានការបង្ក្រាបខ្លាំងក្លាដូចរបាំងអួន ឬលូស្ពៃមុងនៅឡើយទេ។ ក្រៅពីវិធានការផ្សព្វផ្សាយអប់រំដល់ពលរដ្ឋ អាជ្ញាធរក៏នឹងអនុវត្តច្បាប់តឹងរ៉ឹងតាំងពីដើមរដូវទឹកស្រក ដើម្បីកុំឲ្យពលរដ្ឋចុះកាប់ព្រៃធ្វើសម្រាស់ដាក់ក្នុងបឹងទន្លេសាបដូចឆ្នាំនេះ។
ប្រធានមន្ទីរកសិកម្ម លោក ងិន ហ៊ុន មានប្រសាសន៍នៅថ្ងៃទី១១ ខែមីនា ថា ពេលនេះជាពេលដែលប្រជានេសាទហ៊ុមព័ទ្ធយកត្រីតាមសម្រាស់ដែលពួកគេបានដាក់ ប៉ុន្តែក្រោយពីសកម្មភាពនេះ សមត្ថកិច្ចនឹងណែនាំឲ្យអ្នកដាក់សម្រាស់ប្រមូលពីក្នុងទឹកឡើងគោកទាំងអស់ ហើយលែងឲ្យដាក់ទៀត។ ស្របពេលគ្នានេះសមត្ថកិច្ចក៏ចាប់ផ្ដើមចុះបង្ក្រាបដែរ។ ជាក់ស្ដែងនៅស្រុកបរិបូរណ៍ទើបបង្ក្រាបបាន ២០សម្រាស់ធំៗ។
លោក ងិន ហ៊ុន៖ «និយាយរួមយើងបង្ក្រាបបទល្មើសនេសាទដូចភ្លៀងរលឹមអ៊ីចឹង។ វិធានការឆ្នាំក្រោយ គឺឯកឧត្ដមអភិបាលខេត្តបានសម្រេចថា មិនឲ្យមានទៀតទេ ពាក់ព័ន្ធនឹងបទល្មើសរបាំងដែលខុសច្បាប់ ទីពីរសម្រាស់ហ្នឹងឯងមុននឹងចុះទឹក គឺឲ្យជំនាញតាមដានមើលឲ្យបានហ្មត់ចត់កុំឲ្យប្រជាពលរដ្ឋបានដាក់ហើយ ធ្វើឲ្យយើងពិបាកទៅបង្ក្រាប»។
ពលរដ្ឋរស់នៅតាមស្រុកជាប់បឹងទន្លេសាប នៃខេត្តកំពង់ឆ្នាំង ស្វាគមន៍គម្រោងលុបបំបាត់សម្រាស់ពីក្នុងបឹងទន្លេសាប ប៉ុន្តែពួកគេស្នើឲ្យសមត្ថកិច្ចអនុវត្តច្បាប់ម៉ឺងម៉ាត់ និងចុះបង្ក្រាបញឹកញាប់ ជាជាងនិយាយច្រើនធ្វើសកម្មភាពតិច ហើយថតដាក់ទូរទស្សន៍ឲ្យពលរដ្ឋមើល។ បើអាជ្ញាធរធ្វើដូច្នេះ ស្មើនឹងបណ្ដោយឲ្យបន្តសកម្មភាពល្មើសផ្សេងៗ ជាពិសេសបទល្មើសដាក់សម្រាស់ក្នុងបឹងទន្លេសាប។
សមាជិកសហគមន៍ឡូត៍នេសាទនៅឃុំកោះថ្កូវ ស្រុកជលគីរី លោក ឌុល ប៊ុនថា ឲ្យដឹងថា បទល្មើសសម្រាស់បានក្លាយជាបញ្ហាធ្ងន់ធ្ងរនៅក្នុងមូលដ្ឋានរបស់លោក ព្រោះវាបានបំផ្លាញព្រៃលិចទឹកធ្វើឲ្យទន្លេរាក់ ឬលំបាកផ្លូវបើកជលយាន បញ្ហាបំពុលទឹក និងធ្វើឲ្យធនធានមច្ឆាជាតិហិនហោច៖ «ខ្ញុំសំណូមពរថា សូមឲ្យចាត់វិធានការទៅតាមបទបញ្ជាហ្នឹងទៅ កុំឲ្យតែនិយាយៗ អត់បានអីសោះ ធ្វើតែមួយប្រាវអ៊ីចឹងទៅរួចហើបឡើងវិញ ធ្វើម៉េចឲ្យវាចប់អស់តែម្ដងទៅ ព្រោះយើងសោកស្ដាយណាស់កាលបើយើងធ្វើអ៊ីចឹង ផលប៉ះពាល់ដល់អ្នកនេសាទនៅតាមទន្លេវេទនាមែនទែនហ្មង»។
ចំណែកពលរដ្ឋម្នាក់រស់នៅឃុំផ្លូវទូក ស្រុកកំពង់លែង លោក សេង បឿន ត្អូញត្អែរថា បន្ទាប់ពីបទល្មើសរបាំងលបប្រវែងរាប់សិបគីឡូម៉ែត្រ បានធូរស្រាល ប៉ុន្តែសម្រាស់ត្រូវបានជនល្មើសដាក់ណែនទន្លេរកផ្លូវបើកទូកម៉ាស៊ីនស្ទើរមិនកើត។
លោកថា ឆ្នាំនេះលោកអាក់ខានដាំល្ពៅ និងព្រោះសណ្ដែកលើដីក្បែរទន្លេចំនួនពីរហិកតារ ដោយសារតែរបាំងអួន និងសម្រាស់រាំងស្ទះកំប៉ោក និងមមោក មិនអាចហូរចេញពីចម្ការលំបាកភ្ជួររាស់រៀបចំដីដាំដុះ៖ «ចុះកំប៉ោកណែនព្អឹះ! ហើយអាខាងជលផលមានបានកាប់អី អ្នករបាំងឲ្យលុយ។ ក្នុងមួយរបាំង ក្នុងរដូវបិទយក ៦លាន និងបើក ៦លាន (រៀល) ចាំមើលឆ្នាំក្រោយរដូវដំឡើងវិញខ្ញុំលេងមែនទែនហើយ»។
ច្បាប់ស្ដីពីជលផលមាត្រា ២០ ត្រង់ចំណុចទី៣ បានហាមឃាត់ដាច់ខាតចំពោះការនេសាទដោយដាក់សម្រាស់ ឬមធ្យោបាយផ្សេងទៀតដែលធ្វើឲ្យត្រី ឬវារីសត្វកុំ។ ចំពោះទោសបញ្ញត្តិនៃអំពើល្មើសនេះនៅក្នុងមាត្រា១០០ នៃច្បាប់ជលផលចែងថា ត្រូវផ្ដន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី២ ដែលត្រូវដាក់ពន្ធនាគារពីមួយឆ្នាំទៅបីឆ្នាំ និងពិន័យជាប្រាក់ពីប្រាំលានរៀល ទៅហាសិបលានរៀល៕
No comments:
Post a Comment