Friday, 31 March 2017
អង្គការសហប្រជាជាតិរកឃើញមាត្រារឹតត្បិតជាច្រើនក្នុងច្បាប់ស្តីពីគណបក្សនយោបាយ
31 មិនា 2017
ហ៊ុល រស្មី
voa
លោកស្រី Wan Hea Lee (ឆ្វេង) តំណាងប្រចាំប្រទេសនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ហៅកាត់ថា OHCHR ស្តាប់លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅក្នុងអំឡុងកិច្ចប្រជុំមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។ (AP Photo/Heng Sinith)
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ហៅកាត់ថា OHCHR កាលពីថ្ងៃពុធ បានចេញសេចក្តីវិភាគអំពីវិសោធនកម្មច្បាប់ស្តីអំពីគណបក្សនយោបោយដ៏ចម្រូងចម្រាស។
ភ្នំពេញ —
សេចក្តីវិភាគដែលមានកម្រាស់៣២ទំព័រនេះធ្វើឡើង ដើម្បីបង្ហាញចំណុចរឹតត្បិតនានាដែលនឹងធ្វើឲ្យរាំងស្ទះដល់សេរីភាពរបស់គណបក្សនយោបាយក្នុងការអនុវត្តសិទ្ធិនយោបាយរបស់ខ្លួនដោយសេរី។
សេចក្តីវិភាគនោះបានឲ្យដឹងថា សុច្ចរឹតភាពនៃការបោះឆ្នោតនានានៅក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សមិនត្រូវបានធានាទេ ប្រសិនបើគណបក្សនយោបាយមិនអាចអនុវត្តសេរីភាពនៃការបញ្ចេញមតិ ក្នុងនោះមានសិទ្ធិក្នុងការស្វែងរក និងទទួលបានព័ត៌មានដែលមិនលម្អៀង។
រាល់គ្រប់គណបក្សនយោបាយទាំងអស់គួរធ្វើជាកាតាលីករ ដើម្បីពិភាក្សា និងសន្ទនានៅក្នុងសង្គមប្រជាធិបតេយ្យ។ ការណ៍នេះគួរត្រូវអនុញ្ញាតឲ្យពលរដ្ឋសម្តែងមតិដោយឯករាជ្យ និងគ្មានអំពើហិង្សា គ្មានការបង្ខិតបង្ខំ គ្មានការលួងលោម ឬក៏ការជ្រៀតជ្រែកក្នុងកិច្ចការផ្សេងទៀត។
សេចក្តីវិភាគបានជ្រើសរើសយកមាត្រាជាច្រើន ដែលមានខ្លឹមសារដាក់សម្ពាធលើប្រជាពលរដ្ឋមិនឲ្យចូលរួមបម្រើសកម្មភាពនយោបាយដោយសេរី។ ចំណុចរស៊ើបមួយចំនួនដែលត្រូវបានរកឃើញក្នុងមាត្រាទាំងនោះ រួមមានបញ្ហាឯកភាពជាតិ សនិ្តសុខជាតិ សញ្ជាតិ និងការទទួលបានថវិកាដើម្បីធ្វើប្រតិបត្តិការគណបក្សនយោបាយ។
លោក ប្រាក់ សំអឿន (ឆ្វេង) អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងលោក ប៊ុន ហុន (ស្តាំ) អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងសន្និសីទសារព័ត៌មានស្តីពីសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
បើតាមសេចក្តីវិភាគរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា មាត្រាមួយចំនួនដែលត្រូវបានកែប្រែក្នុងច្បាប់នេះ មានខ្លឹមសារមិនស្របតាមរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា មិនស្របតាមកិច្ចព្រមព្រៀងអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋ និងនយោបាយ និងមិនស្របតាមកិច្ចព្រមព្រៀងអន្តរជាតិផ្សេងទៀតស្តីពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទេ។
សេចក្តីវិភាគបានបញ្ជាក់ថា ការកំណត់តួនាទីសមស្របរបស់រដ្ឋក្នុងការធ្វើបទប្បញ្ញត្តិលើគណបក្សនយោបាយតម្រូវឲ្យមានការពិគ្រោះយោបល់ជាមួយបុគ្គល និងក្រុមនានាដែលពាក់ព័ន្ធ និងរងផលប៉ះពាល់ពីបទប្បញ្ញត្តិនោះ ដែលវាជាផ្នែកដ៏សំខាន់មួយនៃដំណើរការពង្រាងច្បាប់។
ច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា ដែលបានផ្តល់អំណាចដល់ក្រសួងមហាផ្ទៃឲ្យធ្វើជាអ្នកគ្រប់គ្រងគណបក្សនយោបាយនោះ មានលក្ខណៈផ្ទុយពីបទដ្ឋានអន្តរជាតិ ដែលតម្រូវឲ្យអង្គភាពធ្វើបទបញ្ជានានាមានភាពឯករាជ្យពីស្ថាប័ននីតិប្រតិបត្តិដើម្បីធានាបាននូវកម្រិតនៃការធ្វើនយោបាយ។
ក្រសួងមហាផ្ទៃដែលត្រូវបានប្រគល់អំណាចដ៏ធំទូលាយដើម្បីចាត់វិធានការនានានោះ អាចរាប់បានថា ជាដំណើរការដែលអាចរំលាយគណបក្សនយោបាយ។ ហើយលទ្ធភាពនៃការជំទាស់នឹងការរំលាយអាចត្រូវបានធ្វើតែតាមតុលាការកំពូលជំនួសឲ្យការតវ៉ាតាំងពីសាលាដំបូងរហូតដល់សាលាឧទ្ធរណ៍។
ក៏ប៉ុន្តែ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបន្តការពារវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ ហើយថា ច្បាប់នេះមានបំណងបម្រើដល់សង្គមជាតិទាំងមូល។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងប្រាប់ VOA ថា៖
«ចំពោះការណ៍ដែលអនុម័តច្បាប់ណាមួយហើយហ្នឹងគឺថា មុននឹងបានអនុម័តត្រូវឆ្លងកាត់ការពិភាក្សា ការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ គិតអំពីអត្ថប្រយោជន៍ គិតអំពីផលវិបាក តើមានយ៉ាងណា ជះឥទ្ធិពលយ៉ាងណាទៅដល់សង្គម ទៅដល់អ្នកដែលប្រតិបត្តិករ ដូច្នេះបានជារដ្ឋសភាបានពិចារណាគ្រប់ជ្រុងជ្រោយរួចហើយ»។
រូបឯកសារ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៧ អំពើសំណើរបស់គណបក្សកាន់អំណាចក្នុងការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ឃុំ សង្កាត់។ (ហ៊ុល រស្មី/VOA)
លោកសុខ ឥសាន ថ្លែងបន្ថែមថា វិសោធនកម្មច្បាប់ដែលបានធ្វើឡើងនោះ មិនតម្រូវតាមបំណង ឬការចង់បានរបស់បុគ្គល ឬក្រុមណាមួយនោះទេ តែដើម្បីប្រយោជន៍នយោបាយរបស់ពលរដ្ឋខ្មែរទូទៅ។
«មិនមែនធ្វើតម្រូវចិត្តគាត់មួយក្រុមតូចទេ គឺតម្រូវចិត្តប្រជាពលរដ្ឋទូទាំងប្រទេស»។
សេចក្តីវិភាគរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានឲ្យដឹងថា ការទាមទារឲ្យមានតែពលរដ្ឋមានសញ្ញាតិខ្មែរមកធ្វើជាមេដឹកនាំ ឬក៏សមាជិកនៃក្បាលម៉ាស៊ីនដឹកនាំគណបក្ស គឺជាទម្រង់នៃការរើសអើង។
សេចក្តីវិភាគនោះបានឲ្យដឹងបន្ថែមទៀតថា វាជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គណបក្សនយោបាយ ប្រសិនបើច្បាប់តម្រូវថា បុគ្គលមួយរូបដែលបានប្រព្រឹត្តទោសកំហុសណាមួយ ត្រូវបាត់បង់មុខងាររបស់ខ្លួននៅក្នុងគណបក្សនោះ។ សេចក្តីវិភាគនោះបន្តថា ជារួម រាល់គណបក្សនយោបាយត្រូវតែមានការគ្រប់គ្រងដោយឯករាជ្យដោយខ្លួនឯង ខណៈដែលគណបក្សទាំងនោះត្រូវតែធានាថា ពួកគេគោរពសិទ្ធិ និងឱកាសរបស់ប្រជាជននៅក្នុងការចូលរួមសកម្មភាពសាធារណៈ និងសកម្មភាពនយោបាយ និងឈរឈ្មោះឲ្យគេបោះឆ្នោត។
ជាមួយនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកាត់ទោសក្នុងករណីបរិហាកេរ្តិ៍ និងបទល្មើសផ្សេងទៀតនោះ បានសម្រេចចិត្តលាលែងចេញ ពីមុខនាទីជាប្រធានគណបក្ស។ ការសម្រេចនេះត្រូវគេជឿថា ជាការសម្រេចមួយដើម្បីរក្សាភាពហ្នឹងននៃក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សប្រឆាំង។
លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងថា ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងគ្មានជម្រើសណាផ្សេង ក្រៅពីការធ្វើទៅតាមច្បាប់ដែលបានធ្វើវិសោធនកម្មនេះទេ។
លោកនិយាយថា ច្បាប់នេះអាចនឹងត្រូវបានសើរើឡើងវិញ ប្រសិនបើគណបក្សប្រឆាំងឈ្នះការបោះឆ្នោតនាពេលខាងមុខ។
«អាហ្នឹងយើងមិនបាច់និយាយទេ ចាំយើងឈ្នះសិន យើងដោះស្រាយរឿងហ្នឹងបាទ»។
ច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្មដោយក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាច បានកំណត់មាត្រាចែងពីការទទួលយកថវិកាដើម្បីទ្រទ្រង់គណបក្សផងដែរ។
ប្រយោគទី២ មាត្រា២៩ថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា៖ «គណបក្សនយោបាយនឹងត្រូវបានហាមឃាត់ពីការទទួលការផ្តល់វិភាគទាននានានៅគ្រប់រាល់ទម្រង់ពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬអង្គការទាំងឡាយណា ដែលមានប្រភពហិរញ្ញប្បទានពីបរទេស»។
រូបឯកសារ៖ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សប្រឆាំង និងជាប្រធានគណៈកម្មការទី១នៃរដ្ឋសភា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋសភា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
សេចក្តីវិភាគរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានពន្យល់ថា ការហាមឃាត់មិនឲ្យមានការផ្តល់មូលនិធិក្នុងវិសាលភាពទូលំទូលាយបែបនេះ ទំនងជាការដាក់កំហិតលើការផ្តល់ហិរញ្ញប្បទានស្របច្បាប់ និងការផ្តល់វិភាគទាននានាពីបុគ្គលឯកជនកម្ពុជា និងក្រុមហ៊ុនក្នុងស្រុក។
ក្រុមអ្នកវិភាគនិយាយថា ច្បាប់ស្តីពីគណបក្សនយោបាយបានបង្កផលប៉ះពាល់ទៅលើដំណើរការរបស់គណបក្សនយោបាយ ក្នុងនោះគឺគណបក្សប្រឆាំង ដែលមកទល់ពេលនេះកំពុងតទល់ជាមួយក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធដឹកនាំរបស់គណបក្ស។
លោកមាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម មានប្រសាសន៍ថា៖
«ជាទស្សនៈរបស់យើងជាអ្នកស្រាវជ្រាវវិញ គឺយើងបានមើលឃើញគ្រប់ជ្រុងជ្រោយ ហើយយើងឃើញថា ច្បាប់នេះមានផលប៉ះពាល់ច្រើនទៅលើការធ្វើនយោបាយនៅក្នុងប្រទេសខ្មែរយើង។ ហើយនៅក្នុងនោះ វាមិនមែនតែទស្សនៈរបស់យើងអ្នកស្រាវជ្រាវទេ សូម្បីតែយើងមើលទិដ្ឋភាពជាក់ស្តែងដែលកំពុងកើតមានក៏វាអាចធ្វើឲ្យយើងដឹងថា វាមានការរឹតត្បិតទៅលើសិទ្ធិនៅក្នុងការធ្វើនយោបាយនៅក្នុងប្រទេសខ្មែរយើង។ យើងឃើញមានជាក់ស្តែងហើយ»។
លោកបន្តថា រដ្ឋាភិបាលនៅមានពេលវេលាច្រើន ដើម្បីពិនិត្យជាថ្មីទៅលើច្បាប់ដ៏រឹតត្បិតនេះ ប្រសិនបើរដ្ឋាភិបាលចង់រក្សាមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ។ លោកបន្ថែមថា គណបក្សកាន់អំណាចអាចទទួលរងសម្ពាធដោយច្បាប់នេះវិញ ប្រសិនបើគណបក្សនេះចាញ់ការបោះឆ្នោត ហើយប្រែក្លាយខ្លួនជាគណបក្សប្រឆាំងនោះ។
លោកស្រី Wan-Hea Lee តំណាងប្រចាំប្រទេសនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ហៅកាត់ថា OHCHR បានប្រាប់ VOA កាលពីល្ងាចថ្ងៃពុធ តាមរយៈសារអេឡិចត្រូនិក ឬ email ថា សេចក្តីវិភាគរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានធ្វើឡើងដើម្បីជាការរួមចំណែកដល់ការពិនិត្យឡើងវិញនៃខដែលមានចែងនានា ហើយដែលមិនទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
លោកស្រីបានសរសេរក្នុងន័យដើមថា៖ «ការិយាល័យរបស់ខ្ញុំតែងតែត្រៀមរួចរាល់ជានិច្ច ដើម្បីពន្យល់សេចក្តីវិភាគអំពីសិទ្ធិមនុស្សតាមរយៈការសន្ទនាជាមួយអាជ្ញាធរពាក់ព័ន្ធ នៅក្នុងស្មារតីសហប្រតិបត្តិការ។ យើងស្វាគមន៍ការសន្ទនាស៊ីជម្រៅអំពីច្បាប់នេះ ដោយសារតែវាមានសារៈសំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
ដោយឡែក លោក Charles Santiago ប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានបញ្ជាក់ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិក ឬ email នៅថ្ងៃ ព្រហស្បតិ៍នេះថា ក្រុមសមាជិកសភាអាស៊ានយល់ស្របនឹងសេចក្តីវិភាគរបស់អង្គការសហប្រជាជាតិ ដែលត្រូវគ្នាទៅនឹងរបាយការណ៍ចុងក្រោយស្តីពីជួងមរណៈសម្រាប់លទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានចេញផ្សាយដោយក្រុមរបស់លោកកាលពីពេលថ្មីៗនេះ។
លោក ឆាល សាន់ទីអេហ្គោ (Charles Santiago) ប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស។ (រូបថតដកស្រង់ចេញពីហេ្វសប៊ុក Charles Santiago)
លោកបានសរសេរក្នុងន័យដើមថា៖ «យើងយល់ស្របនឹងការវាយតម្លៃរបស់អង្គការសហប្រជាជាតិទៅលើច្បាប់នេះ និងការគំរាមកំហែងនានាដែលមានទៅលើសិទ្ធិនយោបាយ និងលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ការណ៍នេះបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់នៃកី្តបារម្ភរបស់យើង ដែលបានលើកឡើងក្នុងរបាយការណ៍ចុងក្រោយរបស់យើង។ យើងជឿជាក់ថា ច្បាប់នេះគួរតែត្រូវបានកែសម្រួលទាំងស្រុងឡើងវិញ ហើយវិសោធនកម្មនានាត្រូវតែបោះបង់ចោល»។
លោកសង្កត់ធ្ងន់ថា៖ «ដូចដែលខ្ញុំបាននិយាយកាលពីពេលមុនថា ការអនុម័តវិសោធនកម្មទាំងនេះ បានបង្ហាញនូវជួងមរណៈសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សេចក្តីវិភាគរបស់អង្គការសហប្រជាជាតិ គឺពិតជាមានសុក្រឹត្យភាព និងបានបង្ហាញឲ្យដឹងនូវសេចក្តីត្រូវការបន្ថែមទៀតសម្រាប់ការកែសម្រួល [ច្បាប់នេះ] ដើម្បីធានាអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment