Saturday 4 March 2017

លោក សម រង្ស៊ី ថា​បក្ស​កាន់​អំណាច​កំពុង​ចង់​រំលាយ​បក្ស​សង្គ្រោះ​ជាតិ


ដោយ ប្រាជ្ញ ចេវ
2017-03-03

លោក សម រង្ស៊ី ចូល​រួម​កម្មវិធី​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA
លោក សម រង្ស៊ី ចូល​រួម​កម្មវិធី​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA

Photo: RFA



លោក សម រង្ស៊ី ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កំពុង​តែ​រក​លេស​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចោល ដើម្បី​ជៀសវាង​ការ​ប្រកួតប្រជែង​ដោយ​សេរី និង​យុត្តិធម៌ ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថ្លែង​ផ្លែផ្កា​ថា ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​មិន​ចង់​ឲ្យ​អ្នក​សារព័ត៌មាន​ភ្លេច​ឈ្មោះ​របស់​លោក​ប៉ុណ្ណោះ ត្បិត​អី​នៅ​ពេល​នេះ លោក សម រង្ស៊ី បាត់បង់​អ្វីៗ​អស់​ហើយ។



​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សមាជ​ជ្រើសរើស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្មី ជា​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ ចាស់ គឺ​លោក សម រង្ស៊ី អំពាវនាវ​ទៅ​សហគមន៍​អន្តរជាតិ អោយ​ជួយ​ការពារ​សិទ្ធិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចូលរួម​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ។

​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក សម រង្ស៊ី ចំពោះ​ការ​ចោទ​ថា គណបក្ស​ប្រជាជន​កម្ពុជា ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ នៅ​ថ្ងៃ​ទី​៣ ខែ​មីនា។ រី​ឯ​អ្នក​នាំ​ពាក្យ​គណបក្ស​ លោក យឹម សុវណ្ណ សុំ​មិន​ធ្វើ​ការ​អធិប្បាយ​ចំពោះ​ការ​លើក​ឡើង​របស់​អតីត​ប្រធាន​បក្ស​របស់​ខ្លួន​ទេ។ ទោះ​យ៉ាង​នេះ​ក្តី លោក យឹម សុវណ្ណ ថា គូប្រកួត​របស់​គណបក្ស​លោក​តែង​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បែក​បាក់ ចុះ​ទន់​ខ្សោយ។  ជាង​នេះ​ទៅ​ទៀត លោក​យល់​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​គណបក្ស​កាន់​អំណាច​កែប្រែ​ថ្មី កំពុង​រឹតត្បិត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត៖ «»។

​ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា កាន់​តែ​ខិត​ជិត​មក​ដល់ លោក ហ៊ុន សែន ព្រមាន​ប្រើ​កម្លាំង​យោធា​ចំពោះ​បក្ស​នយោបាយ​ណា​ដែល​ចង់​កម្ចាត់​រដ្ឋាភិបាល​របស់​លោក។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​គំរាម​ជា​ញឹកញាប់​ថា បើ​បក្ស​របស់​លោក​ចាញ់​ឆ្នោត​នឹង​មាន​សង្គ្រាម ជាពិសេស​លោក​តែង​អះអាង​ពី​កម្លាំង​យោធា​របស់​លោក​ត្រៀម​ទប់ស្កាត់​រួច​ជា​ស្រេច​រាល់​ការ​ប៉ុនប៉ង​ណា​មួយ​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក។

ទោះ​ជា​យ៉ាង​ណា ទាំង​អ្នក​វិភាគ​នយោបាយ និង​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អោយ​ដឹង​ថា គេ​មិន​ឃើញ​មាន​សកម្មភាព​ណា​មួយ ឬ​ក្រុម​ណា​មាន​អំណាច និង​អាវុធ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន ហើយ​ថា ការ​ព្រមាន​របស់​លោក ហ៊ុន សែន គឺ​ជា​ការ​គំរាម​គេ​ឯង​ច្រើន​ជាង។

​ថ្មីៗ​នេះ​ដែរ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកដៃ​អនុម័ត​ទាំង​ស្រុង​លើ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដោយ​គ្មាន​ការ​ចូលរួម​ពី​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ឡើយ ខណៈ​ច្បាប់​នេះ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ថា ជា​ច្បាប់​សំដៅ​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រឆាំង។

ទោះ​យ៉ាង​នេះ​ក្តី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា គណបក្ស​កាន់​អំណាច និង​រដ្ឋាភិបាល​គ្មាន​ចេតនា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា រដ្ឋាភិបាល​កំពុង​រៀបចំ​ការ​បោះ​ឆ្នោត​ដើម្បី​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​រក​លេស​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុខ ឥសាន ប្រាប់​ទៅ​លោក សម រង្ស៊ី ថា ការ​ព្រួយ​បារម្ភ​នេះ គ្មាន​ខ្លឹមសារ​ដូច​មុន​ទៀត​ឡើយ ព្រោះ​លោក សម រង្ស៊ី មិន​មែន​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៀត​ទេ៖ «»។

ផ្ទុយ​ទៅ​វិញ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) មិន​យល់​ដូច​ការ​អះអាង​របស់​លោក សុខ ឥសាន នោះ​ទេ។ លោក​ថា ច្បាប់​គណបក្ស​នយោបាយ​ថ្មី បាន​ផ្ដល់​សិទ្ធិ​អំណាច​ខ្លាំង​ក្នុង​ការ​បញ្ឈប់ ឬ​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ។ ជាង​នេះ​ទៅ​ទៀត ក្រសួង​មហាផ្ទៃ អាច​ប្ដឹង​ទៅ​តុលាការ​កំពូល​ដើម្បី​រំលាយ​គណបក្ស​នយោបាយ​ថែម​ទៀត​ផង ដែល​ជា​រឿង​មិន​ល្អ​សម្រាប់​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ធានា​ដោយ​រដ្ឋធម្មនុញ្ញ៖ «»។

​ស្រដៀង​ទៅ​នឹង​លោក សម រង្ស៊ី ដែល​អំពាវនាវ​ទៅ​សហគមន៍​អន្តរជាតិ ជួយ​ការពារ​សិទ្ធិ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ចូល​រួម​ការ​បោះឆ្នោត និង​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ  លោក គល់ បញ្ញា យល់​ថា សហគមន៍​អន្តរជាតិ តាម​រយៈ​សន្ធិសញ្ញា​សន្តិភាព ២៣ តុលា ទីក្រុង​ប៉ារីស នៅ​តែ​មាន​កាតព្វកិច្ច​ចូលរួម​ដើម្បី​ធានា​ឲ្យ​ភាគី​ដែល​ប្រកួតប្រជែង​នៃ​ការ​បោះ​ឆ្នោត ការ​ដោះស្រាយ​ទំនាស់​នយោបាយ ដោយ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ៕

1 comment:

Anonymous said...

Let's stop being victimized days in days out
by Traitor & Warlord Hun Sen.

Should Hun Sen decommission the CNRP or
abolish the 2017 / 2018 elections, the Khmer people with the leadership of the CNRP MUST
at ALL costs roll out its Plan B !!! ⚔️⚔️⚔️

If we don't do it now, then when ?