Friday 24 March 2017
គណបក្សកាន់អំណាចដាក់ចេញពាក្យស្លោកចំនួន៣៥ សម្រាប់ឃោសនាបោះឆ្នោតឃុំសង្កាត់
ដោយ អ៊ឹម រចនា 22/03/2017 22/03/2017
គណបក្សកាន់អំណាចដាក់ចេញពាក្យស្លោកចំនួន ៣៥ សម្រាប់ឃោសនាបោះឆ្នោតឃុំសង្កាត់
RFI/ស៊ីវចាន់ណា
គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវពាក្យស្លោកចំនួន ៣៥ សម្រាប់ប្រើប្រាស់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ចាប់ពីថ្ងៃទី ២០ខែឧសភា ដល់ថ្ងៃទី ២ខែមិថុនាខាងមុខ។ ពាក្យស្លោកទាំង៣៥នេះ ភាគច្រើនដូចទៅនឹងពាក្យស្លោកសម្រាប់ការបោះឆ្នោតមុនៗដែរ។ អ្នកតាមដាននយោបាយមួយចំនួនចាត់ទុកពាក្យស្លោកទាំងនេះថា មិនសូវទាន់សម័យ។ ប៉ុន្តែសម្រាប់អ្នកនាំពាក្យគណបក្ស ពាក្យស្លោកសម្រាប់ឃោសនាបោះឆ្នោត ផ្ដោតសំខាន់លើតម្រូវការរបស់ប្រជាពលរដ្ឋ ច្រើនជាងភាពទាន់សម័យ។
ពាក្យស្លោកទាំង៣៥របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ ត្រួសៗផ្តោតសំខាន់ទៅលើជ័យជំនះ ៧មករា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ក្រៅពីវិស័យដ៏ទូលំទូលាយនេះ ពាក្យស្លោករបស់គណបក្សកាន់អំណាច ក៏ផ្ដោតលើរបៀបវារៈផ្សេងទៀតផងដែរ ដូចជា ការការពារសិទ្ធិមនុស្ស អភិវឌ្ឍវិស័យកសិកម្ម ជួយវិស័យសង្គមកិច្ច បង្កើតការងារ ការពារធនធានធម្មជាតិ ពង្រឹងសេវាសាធារណៈ និងកាត់បន្ថយអត្រាការប្រាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុជាដើម។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិថា ពាក្យស្លោកដែលគណបក្សបានដាក់ចេញនេះ គឺជាគោលនយោបាយដែលស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក៏ដូចជាឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
ជាការកត់សម្គាល់ ពាក្យស្លោកទាំង ៣៥របស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ ភាគច្រើនដូចទៅនឹងពាក្យស្លោកសម្រាប់ការបោះឆ្នោតមុនៗដែរ។ អ្នកតាមដាននយោបាយមួយចំនួនចាត់ទុកពាក្យស្លោកទាំងនេះថា មិនសូវទាន់សម័យទេ បើធៀបទៅនឹងពាក្យស្លោករបស់គណបក្សដទៃ។ មិនត្រឹមតែមិនទាន់សម័យទេ សម្រាប់អ្នកវិភាគ គណបក្សកាន់អំណាច ថែមទាំងមិនអាចធ្វើបាន តាមពាក្យស្លោកដែលដាក់ចេញទាំងស្រុងទៀតផង។
យ៉ាងណាក៏ដោយសម្រាប់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន គណបក្សកាន់អំណាចអនុវត្តបានតាមពាក្យស្លោកដែលដាក់ចេញសម្រាប់ការឃោសនាបោះឆ្នោតជាង ៣០មកហើយ។ លោកថា ពាក្យស្លោកសម្រាប់ឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ផ្ដោតសំខាន់លើតម្រូវការរបស់ប្រជាពលរដ្ឋ ច្រើនជាងភាពទាន់សម័យ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment